ទីបំផុត កំពូលកីឡាករ Ronaldo សុខចិត្តបង់ពន្ធ ២២​លាន​ដុល្លារ​ ដើម្បីរួចផុតពីការជាប់គុកហើយ

អាជ្ញាធរ​ពន្ធដារ​អេ​ស្ប៉ា​ញ​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទទួលយក​ប្រាក់​ចំនួន​១៩​លាន​អឺរ៉ូ (២២​លាន​ដុល្លារ​អាមេរិក​) ពី Cristiano Ronaldo ដើម្បី​គេចផុត​ពី​ការកាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​អេ​ស្ប៉ា Elpais​។

អ្នកច្បាប់​នៅ​អេ​ស្ប៉ា​ញ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន EFE ថា​អតីត​ខ្សែប្រយុទ្ធ Real Madrid ដែល​បច្ចុប្បន្ន​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Juventus នៃ​ក្របខណ្ឌ​អ៊ីតាលី Serie A មានទោស​កំហុស​ចំនួន​៤​ករណី ជុំវិញ​ការ​គេចវេះ​ពី​ការបង់ពន្ធ​។

កាលពី​កន្លងទៅ ព្រះរាជអាជ្ញា​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់ថា អត្ត​ព​លិ​ក​ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​លើ​លោក​នេះ មិនបាន​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​គិត​ចាប់តាំងពី​ឆ្នាំ ២០១០ មក​។

តែ​យ៉ាងណា អតីត​តារា​ឆ្នើម Manchester United ក៏​ធ្លាប់បាន​បដិសេធ​ការចោទប្រកាន់​នេះ​ម្តង​រួចមកហើយ ដោយ​និយាយថា “​សតិសម្បជញ្ញៈ​របស់គេ​គឺ​ច្បាស់លាស់​”​។

ករណីនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ដែល​ទាក់ទង​ទៅនឹង​ការទាញយក​ប្រយោជន៍​ពី​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​មួយ​ដែល​បាន​បង្កើត​នៅ​ឆ្នាំ ២០១០ ដើម្បី​លាក់​ប្រាក់ចំណូល​ដែល​រកបាន​នៅ​អេ​ស្ប៉ា​ញ​របស់​ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ ក្នុង​ចន្លោះ​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១៤ អំឡុង​ពេលដែល​រូបគេ​ត្រូវបាន​គេ​គិតថា​បាន​គេចវេស​បង់ពន្ធ​ចំនួន ១៤,៧ លាន​អ៊ឺ​រ៉ូ (១៧,១២​លាន​ដុល្លារ​)​។

យ៉ាងណា​កិច្ចចរចា​ចុងក្រោយ​បាន​កាត់បន្ថយ​សល់​ត្រឹម ៦,៦៤​លាន​ដុល្លារ ប៉ុន្តែ​សរុប​ទាំង​ការបង់​ការប្រាក់ និង​ការផាកពិន័យ​សរុប​បាន​កើន​ដល់​២២​លាន​ដុល្លារ​អាមេរិក​។​ ​ថ្លៃ​ពន្ធ​រហូតដល់ ២២​លាន​ដុល្លារ​ខាងលើនេះ ត្រូវបាន​ម្ចាស​ប់​ពាន Ballon d’Or ៤​សម័យកាល យល់ព្រម​បង់​ទៅ​ឲ្យ​អាជ្ញាធរ​ពន្ធដារ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​រួច​ផុតពី​ការដាក់ទោស​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey