កំពូលមហាសេដ្ឋី Warren Buffett៖ “ព្រោះលេសទាំង៣នេះហើយ​ ទើបធ្វើឱ្យមនុស្ស ៩០%បរាជ័យ”

លោក Warren Buffett មហាសេដ្ឋីឈរនៅលើកំពូលតារាងជាបុគ្គលមានបំផុតទាំង៥រូបនៅលើពិភពលោក បានលើកឡើងថា មនុស្សភាគច្រើនបរាជ័យក្នុងជីវិត ដោយសារពួកគេមានជំងឺស្លាប់ផ្លូវចិត្ត ដែលភាសាទូទៅហៅថា «ជំងឺអាងលេស»។ មហាសេដ្ឋីវ័យ៨៧ឆ្នាំរូបនេះ បានសង្កេតឃើញមនុស្សជាច្រើនតែងតែមានជំងឺអាងលេសចំនួន៣ធំៗ ដែលធ្វើឲ្យអ្នកទាំងនោះជារឿយៗបោះបង់ចោលមុនប្រយុទ្ធ៖

) អាងលេសរឿងអាយុ

លោក Warren Buffett ចេញប្រឡូកក្នុងកិច្ចការជំនួញតាំងពីលោកទើបអាយុបាន១៤ឆ្នាំប៉ុណ្ណោះ ហើយកសាងភាពជោគជ័យទាំងលោកមិនទាន់មានវ័យ២០ឆ្នាំផង។ ទោះបីបច្ចុប្បន្នមហាសេដ្ឋីរូបនេហមានវ័យ៨៧ឆ្នាំទៅហើយក្តី ក៏រូប​គាត់នៅតែបន្តការងារជំនួញរបស់គាត់ជាប្រក្រតី ដោយមិនយកលេសថាខ្លួនចាស់ហើយត្រូវតែចូលនិវត្តន៍នោះទេ។ ទាំងនេះសបញ្ជាក់ថាលោក Warren Buffett មិនបានយកលេសរឿងអាយុ មកធ្វើជាឧបសគ្គក្នុងការសម្រេចភាពជោគជ័យរបស់ខ្លួនឯងឡើយ។ មហាសេដ្ឋីវិនិយោគសញ្ជាតិអាមេរិករូបនេះ បានបញ្ជាក់ទៀតថា «ការអាងលេសរឿងអាយុថាអ្នកអាយុច្រើនហើយមិនអាចទទួលជោគជ័យបាន ឬអាយុតិចពេកមិនអាចសម្រេចកិច្ចការធំបានដូចអ្នកដទៃ គឺជាជំងឺនៃភាពបរាជ័យដ៏ធ្ងន់ធ្ងរបំផុតដែលអ្នកត្រូវតែលុបបំបាត់ឲ្យបានដាច់ខាត»។ ដូចពាក្យមួយឃ្លាដែលមហាសេដ្ឋីមានបំផុតរបស់ចិនគឺ លោក Jack Ma ធ្លាប់បានលើកឡើងថា «ពេលអ្នកនៅក្មេង កុំខ្លាចបរាជ័យ ដួលងើប ដួលងើប ហើយរៀនពីបរាជ័យទាំងនោះ ពេលនោះអ្នកនឹងរៀនបានបទពិសោធន៍យ៉ាងច្រើនពីភាពបរាជ័យ ហើយមិនយូរមិនឆាប់អ្នកនឹងទទួលបានជោគជ័យមួយដែលមិនអាចកាត់ថ្លៃបាន»

២) អាងលេសរឿងជោគវាសនា

លេសមួយទៀតដែលពេញនិយមបំផុតនោះគឺ លេសរឿងព្រេងវាសនាឬមកពីព្រហ្មលិខិត។ ទាក់ទងនឹងរឿងលេសជោគវាសនានេះ លោក Warren Buffett បានលើកឡើងថា មានមនុស្សមិនតិចទេដែលអាងលេសរឿងជោគវាសនាថា វាសនាខ្លួនមិនល្អដូចអ្នកដទៃ ធ្វើយ៉ាងមិចបើវាសនាខ្លួនមិនល្អ ដែលធ្វើឲ្យពួកគេសុខចិត្តព្រមទទួលថាមិនអាចជោគជ័យក្នុងជីវិតបាន ហើយបោះបង់ការខិតខំប្រឹងប្រែងកសាងភាពជោគជ័យដែលគេធ្លាប់ប៉ង។ លោកបានរំលឹកថា “ចូរចង់ចាំថា ជោគវាសនាឬភាពជោគជ័យរបស់អ្នក គឺអាស្រ័យលើរូបអ្នកជាអ្នកកំណត់ កុំបន្ទោសលើព្រេងវាសនា”។ សូម្បីលោកមហាសេដ្ឋី Bill Gates ដែលជាមិត្តសម្លាញ់ដ៏ជិតស្និតរបស់លោក Warren Buffett ក៏ធ្លាប់បានលើកឡើងនូវពាក្យមួយឃ្លានេះដែរថា «បើអ្នកកើតមកក្រ វាមិនមែនជាកំហុសរបស់អ្នកទេ ប៉ុន្តែប្រសិនបើអ្នកស្លាប់ទៅវិញក្រ នោះទើបជាកំហុសរបស់អ្នកពិតប្រាកដ»

៣) អាងលេសថាខ្លួនមិនពូកែ មិនឆ្លាតដូចអ្នកដទៃ

ជំងឺអាងលេសចុងក្រោយនេះគឺ ខ្លួនអន់ មិនពូកែ មិនឆ្លាតដូអ្នកដទៃ។ ជំងឺចុងក្រោយនេះក៏មិនធម្មតាដែរ សេដ្ឋីវិនិយោគរូបនេះបានសង្កត់ធ្ងន់ថា «បញ្ហាដ៏ធំមួយដែលរារាំងមនុស្សភាគច្រើនមិនឲ្យហ៊ានសម្រេចជោគជ័យអ្វីមួយ ដោយសារគេគិតថាខ្លួនឯងមិនពូកែ មិនឆ្លាតដូចអ្នកដទៃ មិនអាចធ្វើបានដូចគេអ្នកជោគជ័យ មើលងាយសមត្ថភាពខ្លួនឯងងទាំងមិនទាន់បានសាកល្បងនៅឡើយផង»។ ជាងនេះទៅទៀត បញ្ហាចម្បងមួយទៀត «ពួកគេច្រើនវាយតម្លៃខួរក្បាលខ្លួនឯងទាបពេក ហើយឲ្យតម្លៃទៅបុគ្គលជោគជ័យថាអ្នកទាំងនោះមានខួរក្បាលអស្ចារ្យ»។ តាមពិតទៅ បើមើលតាមទិដ្ឋភាពទូទៅ អ្នករកស៊ីមានបានឬបុគ្គលជោគជ័យភាគច្រើន មិនមែនមានសញ្ញាប័ត្រខ្ពង់ខ្ពស់ឬបញ្ញាមុតស្រួចអ្វីនោះទេ ប៉ុន្តែពួកគាត់ជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯង គិតវិជ្ជមាន ហើយហ៊ានសាកល្បងអ្វីដែលថ្មី និងមិនព្រមចុះចាញ់ឧបសគ្គដោយងាយៗនេះឯង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia