ញាក់សាច់! Apple ក្លាយជាក្រុមហ៊ុនដំបូងគេបំផុតលើលោកដែលមានទ្រព្យ ១ទ្រីលានដុល្លារអាមេរិក

ហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ហក់​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយនឹង​តម្លៃ ២០៧,០៥​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ មាន​តម្លៃនៅលើទីផ្សារ​រ​ហូត​ដល់​ទៅ​១​ទ្រី​លាន (១,០០០,០០០,០០០,០០០ ឬ​១​សែន​កោដិ​) ដុល្លារ​អាមេរិក​។

ទីស្នាក់កណ្តាលរបស់ក្រុមហ៊ុន Apple

ដូចជា​ការរំពឹងទុក​របស់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ Wall Street ភាគហ៊ុន​របស់ Apple បាន​កើនឡើង​នៅ​ត្រីមាស​ទី​ពីរ​។ នៅ​ថ្ងៃទី​២ ខែសីហា តម្លៃ​ភាគហ៊ុន​បាន​កើនឡើង​៣​ភាគរយ ដែល​នាំ​ឲ្យ​ហ៊ុន​ឈានដល់​២០៧,០៥​ដុល្លារ​អាមេរិក​។

ទីស្នាក់កណ្តាលរបស់ក្រុមហ៊ុន Apple

ក្រុមហ៊ុន Apple ទាំងមូល​មាន ៤ ៨២៩ ៩២៦ ០០០​ហ៊ុន ដូច​តម្លៃ​ហ៊ុន​ឡើងដល់ ២០៧,០៥​ដុល្លារ មានន័យថា ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ មានតម្លៃ​រហូតដល់​ទៅ​១​ទ្រី​លាន​ដុល្លារ​អាមេរិក​។​

ក្រៅពី​ផលិតផល iPhone ដ៏​លេចធ្លោ ក្រុមហ៊ុន Apple មាន​ផលិតផល​ដ៏​សម្បូរបែប​ផ្សេងទៀត​ជា​ប្រភេទ ច្រើន​ម៉ូ​ដែល ជាពិសេស iPad និង Apple Watch ជាដើម​។ បន្ថែម​ពីលើ​នេះ សេវាកម្ម Apple ដូចជា App Store និង Apple Music ក៏​ជា​ប្រភព​ចំណូល​ដ៏​ធំ​ផងដែរ​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងទៀត ដូចជា Amazon, Microsoft និង Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google មិនអាច​យក​ប្រៀប​លើ Apple បាន​នោះឡើយ​។ បច្ចុប្បន្ន Amazon ជា​ក្រុមហ៊ុន​ដ៏​ធំ​ទី​ពីរ​របស់​អាមេរិក ដែលមាន​តម្លៃ​ប្រមាណ ៨៧២,៥​ប៊ី​លាន​ដុល្លារ​អាមេរិក​៕

លោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey