ភ្ញាក់ផ្អើល! តាមពិតកូរ៉េខាងជើងមិនទាន់​បញ្ឈប់សកម្មភាពផលិត​នុយក្លេអ៊ែរនៅ​ឡើយទេ

របាយការណ៍​ដ៏ទុកចិត្តមួយរបស់​អង្គការ​សហប្រជាជាតិ (UN) បានឱ្យដឹងថា កូរ៉េខាងជើងមិនបាន​បញ្ឈប់ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​របស់ខ្លួន​ឡើយ ហើយដែលនេះ​គឺជាការរំលោភពាន​លើ​ទណ្ឌកម្ម UN។ នេះបើតាម​ការចេញ​ផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

យោង​តាម Reuters ដែលបានមើល​ឃើញ​របាយការណ៍នេះ​បានបញ្ជាក់​ទៀតថា វាគឺជារបាយការណ៍​រយៈពេល ០៦ខែ ចងក្រង ឡើងដោយ​អ្នកជំនាញ​ឯករាជ្យ ដែលកំពុងឃ្លាំមើល​អនុវត្តន៍ទណ្ឌកម្ម​របស់ UN ហើយ​របាយការណ៍​នេះដដែលត្រូវបាន​ដាក់ជូន គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខ UN កាលពី​ថ្ងៃសុក្រ។ ប៉ុន្តែ​ភ្លាមៗ តំណាង​កូរ៉េខាងជើង​ប្រចាំ UN មិនទាន់ធ្វើ​អត្ថាធិប្បាយណាមួយ​នៅ​ឡើយទេ។

គួររំលឹកថា កាលពីសប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាផ្កាយរណប​ស៊ើបការណ៍​របស់​សហរដ្ឋអាមេរិក ចាប់បាន​សញ្ញានៃការធ្វើ​​សកម្មភាពសាជាថ្មី​នៅឯរោងចក្រកូរ៉េខាងជើង​ដែល​ផលិតមីស៊ីល​ឆ្លងទ្វីប ICBM ដែលមាន​​សមត្ថភាពបាញ់​ដល់ទឹកដី​​សហរដ្ឋអាមេរិក។

មន្ត្រីជាន់ខ្ពស់​អាមេរិករូបនេះ ​បានប្រាប់ R​euters នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះថា រូបភាពថត​ដោយផ្កាយរណបបានបង្ហាញ ថាយានយន្ដជាច្រើនបាន និងកំពុងធ្វើ​សកម្មភាព​​ចេញ និងចូលក្នុងរោងចក្រ​ផលិតផល​មីស៊ីល ICBM នៅឯតំបន់ សានុំដុង (Sanumdong) ប៉ុន្តែមិនបាន​បញ្ជាក់ថា តើការផលិតមីស៊ីល​នេះ​មានការជឿនលឿន​​ដល់កំរិតណា​នោះទេ។ មន្ត្រីរូបនេះ​ដដែល​​បានបញ្ជាក់​ទៀតថា ផ្អែកលើរូបភាព​​មួយក្នុងចំណោម​រូបភាព​ជាច្រើន ថតដោយ​​ផ្កាយរណប រថយន្ដធុនធ្ងន់​មួយគ្រឿង​ហាក់ដូចជា​ត្រូវបាន​កូរ៉េខាងជើង ប្រើប្រាស់​ដើម្បីចល័ត​​គ្រាប់មីស៊ីល ដូចដែលខ្លួនធ្លាប់​បានធ្វើ​កាលពី​លើក​មុនៗ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia

error: Content is protected !!