អបអរសាទរ! ពលរដ្ឋកម្ពុជា នឹងអាចចាយលុយខ្មែរនៅលើទឹកដីប្រទេសថៃ តាមរយៈ ………………

ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារជាតិ​របស់​ថៃ កំពុង​ពិភាក្សា​គម្រោង​ដាក់​ឲ្យ​ចរាចរ​រូបិយវត្ថុ ប្រាក់រៀល និង​ប្រាក់​បាត ឆ្លង​ព្រំដែន​រវាង​កម្ពុជា និង​ថៃ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​។

គម្រោង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា ដែលមាន​គណនី​ជា​ប្រាក់រៀល​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អាចធ្វើ​ការទូទាត់​ថ្លៃទំនិញ​នានា ដូចជា​ថ្លៃ​ព្យាបាល​ជាដើម នៅលើ​ទឹកដី​ថៃ តាមរយៈ​ប្រព័ន្ធ​ទូទាត់  QR code ។ ហើយ​ប្រជាជន​ថៃ ក៏​អាច​ប្រើ​ប្រាក់​បាត​លើ​ទឹកដី​កម្ពុជា តាមរបៀប​ដូចគ្នានេះ​។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ (NBC) កាលពី​ថ្ងៃទី​២៤​ខែកក្កដា ក្នុង​ជំហាន​ដំបូង ការទូទាត់​នេះ​នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​ភ្ញៀវទេសចរ​របស់​ប្រទេស​ទាំងពីរ ហើយ​បន្ទាប់មក​នឹង​ពង្រីក​វិសាលភាព​ដល់​ការផ្ទេរ​ប្រាក់​របស់​កម្ម​ករ និង​ការទូទាត់​ក្នុង​ពាណិជ្ជកម្ម និង​វិនិយោគ​។

ការប្រើ  QR code នឹង​ផ្ដល់​ផលចំណេញ​ដល់​ពលរដ្ឋ​កម្ពុជា​។ ធនាគារជាតិ​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ប្រជាជន​កម្ពុជា​នឹងមិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​ការប្ដូរ​ប្រាក់ ដែល​ពេលខ្លះ​អាច​ទទួលរង​ការខាតបង់​ពី​អត្រា​ប្ដូរប្រាក់ ពេលធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​។ ហើយ​មិនបាច់​ព្រួយបារម្ភ​ពី​ការបាត់បង់ និង​ខ្វះខាត​ប្រាក់​បាត​ថៃ នៅពេល​ដែលមាន​គណនី​ជា​ប្រាក់រៀល​នៅ​កម្ពុជា​»​។

គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមរយៈ QR Code នេះ នឹង​ក្លាយជា​កម្លាំងចលករ​ជំរុញ​ការបង្កើត​គណនី​ជា​ប្រាក់រៀល និង​ការប្រើប្រាស់​ប្រាក់រៀល​។ នេះ​បើ​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ មុននឹង​បន្ថែមថា គម្រោង​នេះ​នឹង​ជួយ​បង្កើន​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ផ្លូវការ ដែល​ការចំណាយ​លើ​ថ្លៃ​ប្រតិបត្តិការ​មានតម្លៃ​ទាប ងាយស្រួល និង​សុវត្ថិភាព​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey

error: Content is protected !!