ភ្ញាក់ផ្អើល! ទូតកាណាដាមានពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ដើម្បីចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត

ក្រសួង​ការបរទេសអារ៉ាប៊ីសាអូឌីត បានកោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួនប្រចាំ​ប្រទេស​កាណាដា ត្រឡប់មក​ស្រុកវិញ និង ទុកពេល ២៤ម៉ោង​ឱ្យអគ្គរដ្ឋទូតកាណាដា វិចបង្វិចចាកចេញ​ពីប្រទេស​អារ៉ាប៊ីសាអូឌីត។ ទីក្រុងរីយ៉ាដ​ក៏បានផ្អាក​រាល់ការ​ធ្វើ​ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀង​វិនិយោគថ្មីជាមួយ​កាណាដា​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau និងស្តេច អារ៉ាប៊ីសាអូឌីត Salman

ការសម្រេចចិត្ត​បណ្ដេញអគ្គរដ្ឋទូត​កាណាដា ត្រូវបានរាយការណ៍​ដោយទីភ្នាក់ងារ​សារព័ត៌មានរដ្ឋ​អារ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃអាទិត្យ ហើយវាធ្វើឡើង​ជាការឆ្លើយតបទៅនឹង​ សេចក្ដីថ្លែងការណ៍​របស់រដ្ឋាភិបាល​កាណាដា ដែលបាន​សម្ដែងក្ដីព្រួយបារម្ភ​ទាក់ទិននឹង ការចាប់ខ្លួន​សកម្មជនការពារ​សិទ្ធិមនុស្ស​ នៅក្នុងប្រទេស​អារ៉ាប៊ីសាអូឌីត។ តែយ៉ាងណាក៏ដោយ ក្រសួងការបរទេសអារ៉ាសាអូឌីត បានច្រានចោល​ការព្រួយបារម្ភ​នេះ និងចាត់ទុកថា​វាគឺជាការចោទប្រកាន់​គ្មានមូលដ្ឋាន ព្រមទាំងជ្រៀតជ្រែក​កិច្ចការផ្ទៃ​ក្នុងរបស់ អារ៉ាប៊ីសាអូឌីត​ពីសំណាក់រដ្ឋាភិបាល​កាណាដា។

គួរបញ្ជាក់ថា ភាពតានតឹងរវាងកាណាដា និង​អារ៉ាប៊ីសាអូឌីត កើតមានឡើង​បន្ទាប់ពីកាណាដា​ទាមទារឱ្យមានការដោះ​លែងស្ត្រីម្នាក់​ឈ្មោះ សាម៉ា បាដាវី (Samar Badawi) ដែលជាសកម្មជនការពារសិទ្ធិស្ត្រី ដែលត្រូវបាន​អាជ្ញាធរទីក្រុងរីយ៉ាដ​ ចាប់ខ្លួនកាលពី​សប្ដាហ៍មុនជា​បន្ទាន់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia