ភ្ញាក់ផ្អើល! ប្រធានាធិបតី​ហ្វីលីពីន ឌូ​ទើ​តេ អន្ទះសារចង់ឈប់មុនអាណត្តិ ខណៈសល់៤ឆ្នាំទៀត

បើ​គិត​ត្រឹម​ឆ្នាំ​២០១៨ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅសល់​ពេល​ដឹកនាំ​ប្រទេស​ចំនួន​៤​ឆ្នាំ​ទៀត​ក្នុង​អាណត្តិ​ដែលមាន​រយៈពេល​៦​ឆ្នាំ​។ ខណៈពេល​វេលា​អង្គុយ​កៅអី​ប្រ​ធា​ធិបតី​ទើបបាន​២​ឆ្នាំ លោក ឌូ​ទើ​តេ តែង​លើកឡើង​ពី​បំណង​ចង់​ចូលនិវត្តន៍​ឲ្យ​បាន​ឆាប់ ព្រោះ​លោក​ចង់​សម្រាក​ពី​រឿង​នយោបាយ ហើយ​លោក​នឹង​ចុះចេញ​ភ្លាម​ពេល​ចប់​អាណត្តិ ដោយ​គ្មាន​រុញ​រា​ឡើយ​។ យ៉ាងណា ក្នុងពេល​កាន់តំណែង លោក​នឹង​ធ្វើតាម​ពាក្យសន្យា​ទាំងអស់​ជាពិសេស​បញ្ហា​ពុករលួយ និង​គ្រឿងញៀន​។

អាណត្តិ​៦​ឆ្នាំ​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​មេដឹកនាំ​ហ្វីលីពីន​រូបនេះ​ចង់​ឲ្យ​ពេលវេលា​នេះ​មកដល់​ឲ្យ​បាន​ឆាប់​។ នៅ​ថ្ងៃទី​៣ ខែសីហា លោក ឌូ​ទើ​តេ បាន​និយាយ​នៅ​ចំពោះ​មុខមន្ត្រី​រដ្ឋាភិបាល និង​ប្រជាជន​ហ្វីលីពីន​ជាច្រើន ថា លោក​ទន្ទឹង​ចាំមើល​ថ្ងៃ​ចូលនិវត្តន៍​របស់លោក​មកដល់ ហើយ​លោក​នឹង​ចាកចេញ​ឲ្យ​ផុតពី​ឆាកនយោបាយ​ដោយ​គ្មាន​អាឡោះអាល័យ​អ្វី​ឡើយ​។

បើតាម​សារព័ត៌មាន​ហ្វីលីពីន Manila Bulletin លោក ឌូ​ទើ​តេ បញ្ជាក់ថា លោក​គ្មាន​ផែនការ​ប្រជែង​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​អ្វី​ទេ ពេល​អាណត្តិ​របស់លោក​ចប់​នោះ​។ «​ខ្ញុំ​មិន​ធ្វើ​យុទ្ធនាការ​ដើម្បី​អ្នកណា​ឡើយ សូម្បីតែ​ខ្លួន​ខ្ញុំ​។ ខ្ញុំ​ក៏​មិនអាច​ប្រជែង​តំណែង​អ្វី​ទៀត​ដែរ​។ ក្រោយ​ចប់​អាណត្តិ ខ្ញុំ​នឹង​ចូលនិវត្តន៍ ហើយនឹង​ស្លាប់​តាម​សម្រួល​តែម្ដង​»​។ នេះ​ជា​សម្ដី​របស់លោក ឌូ​ទើ​តេ ដែលជា​ត្រូវបាន​គេ​ឲ្យ​រហស្សនាម​ថា មេដឹកនាំ​មាត់​អត់​គម្រប​។

ខណៈ​នៅសល់​ពេល​គួរសម​មុន​អាណត្តិ​ប្រធានាធិបតី​ត្រូវអស់ លោក ឌូ​ទើ​តេ នៅតែ​ប្ដេជ្ញាចិត្ត​បន្ត​អនុវត្តតាម​ពាក្យសម្ដី​ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត គឺ​បោសសម្អាត​គ្រឿងញៀន ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ​ពី​សង្គម​ហ្វីលីពីន​។ ក្នុង​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​ក្រោយ​ចូលកាន់​តំណែង​ភ្លាមៗ​ក្នុង​ឆ្នាំ​២០១៦ មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​គ្រឿងញៀន ដែល​ភាគច្រើន​កើតឡើង​ក្រៅ​ប្រព័ន្ធតុលាការ ឯ​មន្ត្រី​ជាច្រើន​ក៏​អស់តំណែង​ជា​បន្តបន្ទាប់​ដោយសារ​គ្រឿងញៀន និង​អំពើពុករលួយ​។

ដោយសារ​មនុស្ស​ស្លាប់​ច្រើន​បែបនេះ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បាន​រង​ការរិះគន់​ខ្លាំង​ទាំង​នៅក្នុង​ស្រុក និង​នៅ​បរទេស​ចាប់ពី​អាមេរិក អង្គការសហប្រជាជាតិ និង​ការិយាល័យ​សិទ្ធិមនុស្ស​ផង​។ យ៉ាងណាមិញ លោក ឌូ​ទើ​តេ មិនបាន​ស្ដាប់​ការណែនាំ​របស់​អន្តរជាតិ ហើយ​បែរជា​ប្រតិកម្ម​ដោយ​ប្រើ​សម្ដី​គំរោះគំរើយ​ផង ព្រមទាំង​ប្រកាស​ជា​សាធារណៈ​ថា យុទ្ធនាការ​របស់លោក នឹងមិន​បញ្ចប់​ឡើយ បើ​គ្រឿងញៀន​នៅតែ​បន្ត​អុកឡុក​ហ្វីលីពីន​នោះ​។

​ជុំវិញ​ពាក្យ​រិះគន់ថា លោក​មិន​គោរព​សិទ្ធិមនុស្ស​របស់​ជនរ​ង​គ្រោះ លោក ដូ​ទើ​តេ បាន​លើកឡើងថា ជនរងគ្រោះ​ទាំងអស់​អាច​រីករាយ​សិទ្ធិ​ពួកគេ​នៅឯ​ឋានសួគ៌ ហើយ​ទុក​ឲ្យ​លោក​ទៅ​ចុះ​នរក​វិញ​។ បើតាម​ប្រធានាធិបតី​រូបនេះ លោក​ជា​អ្នកស្នើ​ឲ្យ​ព្រះ​បញ្ជូន​អ្នក​ដែល​ស្លាប់​ក្នុង​យុទ្ធនាការ​គ្រឿងញៀន​ទៅកាន់​ឋាន​លើ និង​បញ្ជូន​លោក​ទៅ​ឋាននរក​។ លោក ឌូ​ទើត និយាយ​បែបនេះ ទោះជា​លោក​អះអាងថា លោក​មិន​ជឿថា មាន​ឋានសួគ៌​និង​ឋាននរក​ក្ដី​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey