តារាចម្រៀងល្បី៣ដួង ដែលហ៊ានបោះទុនរកស៊ីដីធ្លីពីខ្ទង់ម៉ឺនរហូតដល់ខ្ទង់លានដុល្លារឯណោះ

ខណៈទីផ្សារសិល្បៈមានសន្ទុះខ្លាំងធ្វើឱ្យតារាមួយចំនួនបង្កើនមុខរបរថ្មីបន្ថែមទៀត ពីព្រោះពួកគេមានដើមទុនខ្លះដើម្បីរកស៊ី ដោយផ្តើមសន្សំពីបាទដៃទទេរួចមក។ ជាក់ស្តែងយើងឃើញថា មានកំពូលតារាចម្រៀងមួយចំនួន ដែលកំពុងតែសស្រាក់សស្រាំខ្លាំងក្នុងមុខជំនួញថ្មីផ្នែកអចលនទ្រព្យរបស់ពួកគេ ដែលមានការបោះទុនរហូតដល់រាប់លានដុល្លារឯណោះ។

១) កំពូលតារាចម្រៀង ព្រាប សុវត្ថិ

លោក ព្រាប សុវត្ថិ បានហក់ចូលក្នុងទីផ្សារមិនបានប៉ុន្មានផង ដីឡូត៍ដែលស្ថិតនៅភ្នំបាសិតរបស់លោក លក់អស់គ្មានសល់ ដូចនេះហើយ ធ្វើឱ្យលោកបន្តជំនួញមួយនេះ មកបោះទុនជាមួយឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ចំនួនសរុប ៥លានដុល្លារឯណោះ ក្នុងទំហំដី ១៣ ហិកតារ​ពុះ​ឡូត៍​លក់ នៅ​ម្ដុំ​ផ្សារ​ព្រៃ​ទទឹង​ ផ្លូវ​ជាតិ​លេខ៣។

២) កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត

ក្រោយពីលោក ព្រាប សុវត្ថិ បោះទុន ៥លានដុល្លារ ដើម្បីរកស៊ីដីធ្លីជាមួយឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា រួចមក ធ្វើឱ្យកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ងាកមកបោះទុនដើម្បីរកស៊ីដីធ្លីនេះដែរបន្ថែមលើមុខងារសិល្បៈរបស់ខ្លួន។ សូមបញ្ជាក់ផងដែរថា កំពូលតារាចម្រៀងរូបនេះ បានបោះទុនរួមគ្នាជាមួយឧកញ៉ាវ័យក្មេងចំនួន ១០លានដុល្លារឯណោះ ក្នុងទំហំដី ៤០ហិចតា ដើម្បីពុះ​ដីឡូត៍​លក់ នៅ​ម្ដុំ​ផ្សារ​ព្រៃ​ទទឹង​ ផ្លូវ​ជាតិ​លេខ៣ផងដែរ។

៣) តារាចម្រៀង អ៊ីណូ

ងាកមកតារាចម្រៀង អ៊ីណូ វិញក៏មិនធម្មតាដែរ ដោយលោករកស៊ីដីធ្លីនៅតំបន់​ភ្នំ​បាសិត ជា​ច្រើន​កន្លែង តែមិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់នៃការបោះទុននោះឡើយ​ តែស្ថិតនៅក្នុងចំនួនទុនមិនតិចនោះទេ ហើយលោកបញ្ជាក់ថា លោកនឹងធ្វើសន្និសិទការសែតដើម្បីបង្ហាញពីគម្រោងអចលនទ្រព្យរបស់ខ្លួនផងដែរ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង