កក្រើក!​ ច្រឹង ពលរដ្ឋ ផ្លាស់ទៅលេងនៅថៃហើយ ដោយទទួលបានប្រាក់ខែជាង ៥ពាន់ដុល្លារឯណោះ

ច្រឹង ពលរដ្ឋ ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Buriram United ​ជា​ផ្លូវ​ការ​ហើយ ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល​ពី​ក្លឹប​ក្រសួង​ការពារ​ជាតិ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ខូវ ឆាយ ​អគ្គលេខាធិការ​ក្លឹប​ផ្ទាល់។

ចំពោះ​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​លីគ​កំពូល​ថៃ​នេះ​ដែរ ​ពល​រដ្ឋ ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ជាង​៥​ពាន់​ដុល្លារ ​ក្នុង​មួយ​ខែ។ លើស​ពី​នេះ​ទៅ​ទៀត ​ក្លឹប Buriram United ​បាន​ឱ្យ​រថយន្ដ​មួយ​គ្រឿង ​និង​ខុនដូ​១​ទៀត ​ដើម្បី​ឱ្យ​គេ​រស់​នៅ អំឡុង​ពេល​លេង​ឱ្យ​ក្លឹប​លីគ​កំពូល​ថៃ​នេះ។ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​នេះ​ដែរ ​ក្លឹប Buriram United ​បាន​មក​ចរចា​ជាមួយ​ក្រសួង​ការពារ​ជាតិ ​៣​ខែ​មក​ហើយ ​មុន​ពេល​សម្រេច​ជា​ផ្លូវការ​នេះ។ ប្រសិន​បើ ពលរដ្ឋ លេងល្អអំឡុងពេល​ខ្ចី​ជើង​នេះ ​Buriram United ​មាន​សិទ្ធិទិញ​ផ្ដាច់យក​​តែ​ម្ដង។

លោក ខូវ ឆាយ ​បាន​បញ្ជាក់​បន្ថែម​ពី​លើ​ទៀត​ថា ​ក្លឹប​ក្រសួង​ការពារ​ជាតិ​ចង់​ឱ្យ ពលរដ្ឋ ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​នេះ ដើម្បី​ឱ្យ​រូបគេ​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត។ អ្វី​ដែល​កាន់​តែ​ល្អ​សម្រាប់​គេ​នោះ គឺ​នឹង​ទទួល​បាន​បទ​ពិសោធ​ថ្មី​នៅ​លីគ​កំពូល​ថៃ ​ដើម្បី​មក​ជួយ​កម្ពុជា​វិញ។ យ៉ាងណាមិញ ​Buriram United ​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ទៀត ដើម្បី​ព្យាបាល​របួស​របស់ ពលរដ្ឋ ​សិន ​ទើប​អាច​ដាក់​ឱ្យ​រូបគេ​ចូល​លេង​បាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay