គន្លឹះដើម្បីទទួលបានពិន្ទុអង់គ្លេស IELTS ៨.៥ ឲ្យមានប្រសិទ្ធភាព

មាន​ឪពុក​ជា​មន្រ្តី​បម្រើការ​ក្នុង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មួយ និង​ម្តាយស្រ្តី​មេផ្ទះ​ធម្មតា យុវតី ហេង សុរីតា វ័យ ១៧ ឆ្នាំ បាន​ធ្វើឲ្យ​មាតាបិតា លោកគ្រូ​អ្នកគ្រូ និង​​មិត្តភក្តិ​របស់​ខ្លួន​មាន​មោទនភាព​ដោយសារ​កញ្ញា​បាន​ធ្វើ​តេស្ត​ប្រឡង IELTS ទទួល​បាន​ពិន្ទុ ៨,៥ លើ ៩ ដែល​ជា​កម្រិត​ពិន្ទុ​ខ្ពស់ កម្រ​មាន​អ្នក​ទទួល​បាន។

ពិន្ទុ​សរុប​ដែល កញ្ញា ហេង សុរីតា ​ទទួល​បាន​គឺ ៨,៥ ដោយ​នាង​ទទួល​បាន​ពិន្ទុ ៩ សម្រាប់​លំហាត់​អំណាន (Reading) ៨,៥ សម្រាប់​លំហាត់​ស្តាប់ (Listening) ៨,៥ សម្រាប់​លំហាត់​និយាយ​ (Speaking) និង ៨ ​សម្រាប់​លំហាត់​សរសេរ​ (Writing) ។

វា​មិនមែន​ជា​រឿង​ងាយ​ទេ​ដែល​យុវនិស្សិត​រូប​នេះ អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​បែប​នេះ។ សម្រាប់​សុរីតា ដើម្បី​បាន​ពិន្ទុ​​នេះ​នាង​ខិតខំ​ប្រឹងប្រែង​សិក្សា​ពិសេស​គឺ​នាង​មាន​ទម្លាប់​ការអាន​សៀវភៅ​តាំងតែ​ពី​តូច។

សុរីតា បាន​រំព្ញក​ថា រូប​គេ បាន​សិក្សា​ភាសា​អង់គ្លេស​នៅ​អាយុ ៩ ឆ្នាំ ដោយ​​​បាន​​សិក្សា​នៅ​សាលា Home of English ប្រមាណ​ជា ៧ ​ទៅ ៨ ​ឆ្នាំ​។​ ភាគច្រើន​នាង​តែងតែ​ធ្វើការ​សន្ទនា​ជាមួយ​នឹង​គ្រូជនជាតិ​បរទេស។ ជាទូទៅ នៅពេល​ទំនេរ​ដើម្បី​បង្កើន​នូវ​ចំណេះដឹង នាង​តែងតែ​ស្តាប់​បទចម្រៀង និង​មើល​ភាពយន្ត​ជា​ភាសា​អង់គ្លេស និង​អាន​សៀវភៅ​រឿង​ផ្សេងៗ​ជាដើម។

ហេង សុរីតា ដែល​បច្ចុប្បន្ន​ជា​និស្សិត​​ឆ្នាំ​ទី​មួយ​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បាន​រៀបរាប់​ថា នេះ​ជា​លើក​ទី​មួយ​ដែល​នាង​បាន​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​អង់គ្លេស បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា​ថ្នាក់ EAP8 ពី Australian Centre For Education។

រីតា បាន​ចែករំលែក​នូវ​គន្លឹះ​មួយ​ចំនួន​ដើម្បី​ទទួល​បាន​ពិន្ទុ IELTS ខ្ពស់​ដូចតទៅ​៖

អំណាន(Reading) មុន​ពេល​ប្រឡង​ត្រូវ​ដកដង្ហើម​ឲ្យ​បាន​វែងៗ ត្រូវ​ចេះ​ជ្រើសរើស Passage នៅក្នុង​ការអាន ដូចជា​មើល​ថា តើ​អត្ថបទ​ប្រភេទ​ណា​ដែល​ខ្លួន​ចូលចិត្ត និង​មាន​ចំណេះដឹង​ពាក់ព័ន្ធ​ជាមួយ។ បន្ថែម​លើ​នេះ​គឺ ត្រូវ​ជ្រើស Passage ដែល​ងាយស្រួល​មុន ដោយ​មិន​ចាំបាច់​ធ្វើ​តាម​លំដាប់លំដោយ​ឡើយ។ ចំណុច​ទី​ពីរ គឺ​ត្រូវ​ដឹង​ពាក្យ Synonyms ឲ្យ​បាន​ច្រើន ព្រោះ​ថា ពេល​ខ្លះ គេ​មិន​បាន​ដាក់​​ពាក្យ​ឲ្យ​ចំៗ​នោះ​ឡើយ។

ការនិយាយ (Speaking) ត្រូវ​ពង្រីក​គំនិត និង​សរសេរ​គំនិត​គោលៗ និង​ពាក្យគន្លឹះ​ដែល​ត្រូវ​ប្រើ​ដើម្បី​កុំ​ឲ្យ​ភ្លេច​នៅពេល​និយាយ។ ទី ពីរ គឺ​ពេល​និយាយ​ត្រូវ​ធ្វើ​យ៉ាងណា កុំឲ្យ​ចប់​នៅ​មុន​គេ​បញ្ឈប់ បើ​ពុំ​នោះ​ទេ នឹង​ត្រូវ​គេ​កាត់​ពិន្ទុ។ ជាពិសេស ត្រូវ​ធ្វើការ​បញ្ចេញ​សំឡេង​នូវ​ពាក្យ​ដែល​ខ្លួន​ចង់​និយាយ​ឲ្យ​បាន​ច្បាស់ ដូចជា ខ្យល់​ (S) ​ជាដើម។ ជា​ចំណុច​រួម​ដដែលៗ គឺ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើឲ្យ​ការគិត​កាន់តែ​ទូលំទូលាយ។

ការសរសេរ (Writing) សំខាន់​ត្រូវ​មាន​ចំណេះដឹង​ទូទៅ​ឲ្យ​ច្រើន តាមរយៈ​ការអាន​សៀវភៅ ឬ ប្រលោមលោក កាសែត ឬ​តាម​ព័ត៌មាន​ឲ្យ​បាន​ច្រើន ព្រោះ​ការអាន​ទាំងនោះ​នឹង​ធ្វើឲ្យ​ចេះ​វិធីសាស្រ្ត​នៅក្នុង​ការប្រើប្រាស់​សរសេរ ទន្ទឹម​នឹង​នោះ គឺ​វិធី​នៅក្នុង​ប្រើប្រាស់​ពាក្យពេចន៍​ដែល​​មាន​លក្ខណៈ​ជា Academic style។ ទី​ពីរ គឺ​ការគ្រប់គ្រង​ពេលវេលា ឲ្យ​បាន​ត្រឹមត្រូវ។

ការស្តាប់ (Listening) ត្រូវ​ឧស្សាហ៍​ហាត់​និយាយ​ភាសា​អង់គ្លេស​​​ជាមួយ​មិត្តភកិ្ត ទាំង​នៅក្នុង និង​ក្រៅ​សាលា។ ត្រូវ​ឧស្សាហ៍​ស្តាប់​បទចម្រៀង និង​បែបបទ​នៃ​ការនិយាយ​របស់​​ជនជាតិ​បរទេស​ផ្សេងៗ ព្រោះ​នៅក្នុង​វិញ្ញាសា​ប្រឡង​មាន​សំឡេង​នៃ​ជាតិសាសន៍​ដទៃ​ទៀត ដូចជា ជនជាតិ​កាណា ​អូស្រ្តាលី អាមេរិក ជាដើម។ នោះ​វា​នឹង​ជួយ​ឲ្យ​ស៊ាំ​នឹង​ការបញ្ចេញ​សំឡេង​របស់​ជនជាតិ​ទាំងនោះ។ ចំណុច​​សំខាន់​ទី​ពីរ គឺ​ការគូស​បន្ទាត់​ពី​ក្រោម​នូវ​ពាក្យ​គន្លឹះ​នៅក្នុង​លំហាត់​ទាំងអស់ នោះ​នៅពេល​ប្រឡង​នឹង​ចាប់​នូវ​ចម្លើយ​ងាយស្រួល។ ទី​បី នៅពេល​ប្រឡង​ស្តាប់ ហើយ​ស្តាប់​មិន​ទាន់​នូវ​ចំណុច​ណា​មួយ គឺ​ត្រូវ​រំលង​ចោល មិន​ត្រូវ​ផ្តោត​លើ​វា​ទៀត​ទេ ហើយ​បែរ​មើល​នូវ​សំណួរ​ថ្មី។ ចំណុច​ទី​បី គឺ​ការវិភាគ​​ទៅលើ​ក្បួន​វេយ្យាករណ៍ ត្រូវ​វិភាគ​​មើល​​ថា តើ​ប្រយោគ ឬ​ឃ្លា​នោះ ត្រូវ​ប្រើប្រាស់​កាល​ប្រភេទ​ណា?

សម្រាប់​រីតា មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​នាង​ទទួល​បាន​ពិន្ទុ​ខ្ពស់​គឺ​ដោយសារ​តែ​នាង​ចូលចិត្ត​អាន​សៀវភៅ និង​កាសែត​។ កញ្ញា​បាន​បញ្ជាក់​ថា៖ «ជាទូទៅ​ក្នុង​មួយ​ថ្ងៃ បើ​ខ្ញុំ​ទំនេរ​ខ្ញុំ​អាន​ ២ ​ទៅ​ ​៣ ម៉ោង ហើយ​បើ​រវល់​គឺ​ ៣០ ​នាទី ហើយ​​​ទម្លាប់​នៃ​ការអាន​សៀវភៅ​យូរៗ​ទៅ គឺ​​នឹង​ធ្វើ​ជក់​ចិត្ត និង​មាន​ចំណេះដឹង​កាន់តែ​ច្រើន ម្យ៉ាង​វា​នឹង​ជួយ​ឲ្យ​ការប្រឡង​តេស្ត​សមត្ថភាព​នានា​ទទួល​បាន​ពិន្ទុ​ខ្ពស់»។

ជាចុងក្រោយ យុវតី សុរីតា បាន​លើក​​ឡើង​ថា ការអាន​អាច​​ប្រព្រឹត​ទៅ​នៅ​គ្រប់​ទីកន្លែង ដូច្នេះ សម្រាប់​អ្នក​ដែល​មាន​បំណង​ប្រឡង​តេស្ត​សមត្ថភាព IELTS គួរតែ​ត្រៀម​លក្ខណៈ ហាត់​ធ្វើ​លំហាត់​ឲ្យ​បាន​​ច្រើន​សម្រាប់​ជំនាញ​ទាំង​បួន ស្វែងរក​គន្លឹះ​នៃ​ការប្រឡង​តាម​អ៊ីនធឺណិត ​និង អាន​សៀវភៅ​ឲ្យ​បាន​ច្រើន៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖thebnews

Leave a Reply

Your email address will not be published. Required fields are marked *