មិនសរសើរមិនបាន! ជាចៅសង្កាត់អស់ពេល១៥ឆ្នាំ បានត្រឹមជិះកង់ទៅធ្វើការដោយសារតែ …………….

ពិតជា​គួរ​ឱ្យ​អាណិត ​ឬ​សុំ​កោតសរសើរ​ ដែល​លោកស្រី ទិ​ត្យ សំ​អុ​ន ចៅសង្កាត់​សាក់​សំពៅ គឺជា​មន្ត្រី​ស្អាតស្អំ​ម្នាក់ ព្រោះតែ​មិន​បាន​គិត​ពី​ភាព​ហ៊ឺហា​របស់​ខ្លួនឯង​ឡើយ ក្រៅ​តែ​ពី​បូជា​ស្មារតី​និង​ប្រាជ្ញា​បម្រើ​ប្រជាពលរដ្ឋ ព្រោះតែ​៤​អាណត្តិ​ហើយ​លោកស្រី​ជិះ​កង់​ទៅ​ធ្វើការ ខណៈ​ដែល​អ្នកមាន​តួនាទី​ផ្សេង​ទៀត​គេ​ជិះ​រថយន្ត​ទំនើប ឬ​ម៉ូតូ​ទំនើប​ដូរ​សឺ​វី​ទៅ​ហើយ​នោះ។ មិនមែន​ចាត់​ទុក​ថា ​អ្នក​ជិះ​កង់​ទៅ​ធ្វើ​ការ​សុទ្ធតែ​ស្អាតស្អំ​នោះ​ទេ តែ​សម្រាប់​លោកស្រី​ គឺ​ពិតជា​គួរ​ឱ្យ​កោតសរសើរ​លើ​ការ​លះបង់​របស់​គាត់​ជា​ចៅសង្កាត់។

លោកស្រី ទិ​ត្យ សំ​អុ​ន ចៅសង្កាត់​សាក់​សំពៅ

មាន​ពាក្យ​ជា​ច្រើន​បាន​និយាយ​ថា លោកស្រីគឺជា​ស្ត្រី​ក្រមុំចាស់​សល់​ពី​សង្គម គ្មាន​ប្ដី​និង​កូន​ដូច​អ្នក​ផ្សេង​ឡើយ និង​ខ្លះ​ថា ​លោកស្រី​រស់នៅ​តែ​ម្នាក់ឯង។ ប៉ុន្តែ​ការ​អះអាង​ខាងលើ​នេះ មាន​មជ្ឈដ្ឋាន​ខ្លះ​ មានការ​ជឿជាក់ ខ្លះ​ទៀត​មិន​ជឿ ហើយ​ក៏​ចង់​ដឹង​ពី​ដំណើរ​ជីវិត​ពិត​របស់​លោកស្រី​ផង​ដែរ ព្រោះ​លោកស្រី​មិនមែន​ជា​បុគ្គល​ធម្មតា​ៗ​​នោះ​ទេ តែ​ជា​មនុស្ស​មួយ​រូប​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​ការងារ ក្លាយជា​ចៅសង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​រយៈពេល​១៥​ឆ្នាំ គឺ​៣​អាណត្តិ​ក្រុមប្រឹក្សា​សង្កាត់​មក​ហើយ និង​បន្ត​ធ្វើ​ជា​ចៅសង្កាត់​អាណត្តិ​ទី​៤​នេះ​ រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​ដែរ។

ថ្វី​ដ្បិតតែ​លោកស្រី​មាន​វ័យ​ចំណាស់​បន្តិច​ទៅ​ហើយ​​ក្ដី ប៉ុន្តែ​ការ​ដឹកនាំ​របស់​លោកស្រីមាន​សាមគ្គីភាព​ផ្ទៃ​ក្នុង​ល្អ ទទួល​បានការ​គាំទ្រ​ និង​ការ​ស្រឡាញ់​ពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ជា​ពិសេស មានការ​ទទួលស្គាល់​ពី​ថ្នាក់ដឹកនាំ​កំពូល​ៗ​ទៀត​ផង។ អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ទៀត​នោះ​ ស្រប​​​ពេល​ចៅសង្កាត់ ឬ​មេឃុំ​ផ្សេង​ទៀត ​ជិះ​សុទ្ធតែ​ម៉ូតូ​ ឬ​រថយន្ត​ទំនើប​ៗ​យ៉ាង​ហ៊ឺហា តែ​ដោយឡែក​លោក​​ស្រី ទិ​ត្យ សំ​អុ​ន វិញ ​គឺជា​ចៅសង្កាត់​នឹង​គេ​ដែរ ហើយ​ក៏​ជា​សង្កាត់​មួយ​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​សាលា​រាជធានី​ភ្នំពេញ ​និង​កាន់​តំណែង​យូរ​ផង​នោះ «​បែរជា​ក្រីក្រ​ជិះ​តែ​កង់​ទៅ​ធ្វើការ​រាល់ថ្ងៃ​» ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា លោកស្រី​គ្មាន​ការ​លោភលន់ និង​គ្មាន​អំពើ​ពុក​រលួយ​ទើប​ប្រជារាស្ត្រ​គោរព​ស្រឡាញ់​រាប់អាន​គ្រប់​គ្នា និង​ជាទី​ទុកចិត្ត​របស់​ថ្នាក់លើ។

ដើម្បី​បានដឹង​ពី​ដំណើរ​ជីវិត​ពិត​របស់​លោកស្រី​ទិ​ត្យ សំ​អុ​ន ភ្នាក់ងារ​កោះសន្តិភាព​ បាន​ជួប​ធ្វើ​កិច្ច​សម្ភាសន៍​លោកស្រី​ដោយ​ផ្ទាល់ ទើបបាន​ដឹង​ច្បាស់​ថា តាម​ការ​ពិត​លោកស្រី​មាន​ខ្សែជីវិត​ដ៏​សោកសៅ​បំផុត និង​មិន​អាច​បំភ្លេច​បាន​ឡើយ។ អ្វី​ដែល​អ្នក​គ្រប់​គ្នា ​មិន​បានដឹង​ទាល់តែ​សោះ​នោះ គឺ​លោកស្រី​មិនមែន​ជា​ក្រមុំ​ចាស់​ ដូច​អ្វី​ដែល​ជា​ពាក្យ​ចចាមអារ៉ាម​នានាអះអាង​នោះ​ទេ ការ​ពិត​លោកស្រី​ក៏​មាន​ប្ដី​និង​កូនប្រុស​ស្រី​រហូត​ដល់​ទៅ​៥​នាក់​ដែរ។ ប៉ុន្តែ​ជីវិត​ ជួប​តែ​ការ​និរាស​ព្រាត់ប្រាស់​ រក​ទីបំផុត​គ្មាន ដោយ​ប្ដី​និង​កូន​ទាំងអស់​បាន​ស្លាប់​នៅ​ក្នុង​របប​បន​ប្រល័យពូជសាសន៍​ប៉ុ​ល ពត អស់​គ្មាន​សល់ សូ​ម្បី​តែ​ម្នាក់ ក្នុង​នោះ​ ប្ដី​លោកស្រី​បាន​ស្លាប់​ ដោយ​ការ​ប្រហារជីវិត និង​កូន​ៗ​ស្លាប់​ដោយ​ការ​បង្អត់អាហារ នៅ​សល់​តែ​លោកស្រី​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់។ ហើយ​បន្ត​ហែល​ឆ្លង​វាលវដ្តសង្សា​ ដែល​គ្មាន​កោះ​ត្រើយ​នេះ ជម្នះ​រាល់​ឧបសគ្គ​នានា​ទម្រាំ​រលត់​សង្ខារ​ពីលើ​លោក។

លោកស្រី​បាន​តស៊ូ​ក្នុង​ភាព​ឯកោ​ និង​ឈឺចាប់​បំផុត​ រហូត ​ន​គុណបុណ្យ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ ទើប​លោកស្រី​មានជីវិត​ថ្មី​ និង​ឈាន​ដល់​ជាប់​ឆ្នោត​ ជា​ចៅសង្កាត់​៤​អាណត្តិ​ទាំង​អាណត្តិនេះ។ មិនតែប៉ុណ្ណោះ លោកស្រី​ ក៏​ទទួល​បានការ​គោរព​ស្រឡាញ់​ពេញចិត្ត​យ៉ាង​ខ្លាំង ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ទើប​នៅ​ពេល​បោះ​ឆ្នោត ​ទាំង​ក្រុមប្រឹក្សា​សង្កាត់ និង​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​សាក់​សំពៅ តែង​ទទួល​បាន​សំឡេង​គាំទ្រ​ស្ទើរ​១០០% រហូត​មិន​ដែល​ចាញ់​គណបក្ស​ណា​ផ្សេង​ម្ដងណា​ឡើយ។

លោកស្រី ទិ​ត្យ សំ​អុ​ន បាន​ថ្លែង​ជម្រះ​មន្ទិល​សង្ស័យ​ និង​ពាក្យ​ចចាមអារ៉ាម​នានា​ថា ចូល​មក​ដល់​ឆ្នាំ​២០១៨​នេះ ខ្ញុំ​មាន​អាយុ​៦៨​ឆ្នាំ គត់ ហើយ​ទីលំនៅ​ប​ច្ច​ប្បន្ន​របស់ខ្ញុំ​ស្ថិត​នៅ​ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​ជា​ស្រុក​កំណើត​ខាង​ប្ដី​របស់ខ្ញុំ។ ម្យ៉ាងទៀត​ ខ្ញុំ​មាន​បងប្អូន​ចំនួន​១៣​នាក់​ឯណោះ ប៉ុន្តែ​កាល​ណោះ ​ឪពុក​ម្ដាយ​របស់ខ្ញុំ​បាន​ឱ្យ​​ទៅ​គេ​ចិញ្ចឹម​ម្នាក់ ហើយ​ខ្ញុំ​គឺជា​កូនច្បង​នៅ​ក្នុង​គ្រួសារ​ផង​ដែរ។ ចាប់តាំងពី​វ័យ​កុមារភាព​រហូត​ដល់​ពេញវ័យ​ក្រមុំ ខ្ញុំ​បាន​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​របស់ខ្ញុំ​នៅ​ឯ​សន្ធរ​ម៉ុ​ក ក្នុង​រាជធានី​ភ្នំពេញ។

លោកស្រី​ចៅសង្កាត់​រូប​នេះ​ បន្ត​ថា «​ក្រោយមក​ខ្ញុំ​បាន​រៀប​ការ ជាមួយ​បុរស​ម្នាក់​ដែល​គាត់​ធ្វើ​ជា​មន្ត្រី​នគរ​បាល និង​បន្ទាប់​មក​គាត់​បាន​ផ្ទេរ​ចេញពី​នគរបាល​ទៅ​ជា​មន្ត្រី​យោធា​វិញ ហើយ​នៅ​ក្នុង​ចំណងដៃ​ពា​ហ៍​ពិពាហ៍​​របស់ខ្ញុំជាមួយនឹង​ស្វាមី បង្កើត​បានកូន​ប្រុស​៣​នាក់​និង​កូនស្រី​ចំនួន​២​នាក់​ផង​ដែរ។ ចំណែក​កូនច្បង​បើ​នៅ​រស់​រហូត​ដល់​ពេល​នេះ​វិញ នឹង​មាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំទៅ​ហើយ​»។ លុះដល់​ថ្ងៃ​ទី​១៧ ​មេសា ឆ្នាំ​១៩៧៥ ពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​វាយ​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ គ្រួសារ​របស់ខ្ញុំ​ត្រូវ​បាន​ពួក​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភ្នំពេញ ឲ្យ​ទៅ​រស់នៅ​ក្នុងភូមិ​ថ្គោល ឃុំ​បាកាន​ក្រោម ស្រុក​បាកាន ខេត្តពោធិ៍សាត់។

លោកស្រី​បាន​រៀបរាប់​បន្ត​ទៀត​ថា នៅ​ពេល​នោះ ​ដើម្បី​រក្សា​ជីវិត​ទាំង​គ្រួសារ ខ្ញុំ​បាន​ខំ​លាក់បាំង​ពី​ប្រវត្តិ​នៃ​គ្រួសារ ជា​ពិសេស​ប្រវត្តិ​ប្ដី​ខ្ញុំ​ខ្លាំង​ណាស់ មិន​ឲ្យ​អង្គការ​អាវ​ខ្មៅ​ដឹង​ថា គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ធូរធា ហើយ​ប្ដី​ខ្ញុំ​ជា​នគរបាល​ និង​ជា​យោធា​ក្នុង​របប​សាធារណរដ្ឋ​របស់​សេនាប្រមុខ លន់ ន​ល់ ​នោះ​ឡើយ។ ប៉ុន្តែ​គ្រោះ​ថ្នាក់​​ធំ ​មិន​អាច​លាក់បាំង​អង្គការភ្នែកម្នាស់​មួយ​នេះ​បាន​ឡើយ ទីបំផុត​ ត្រូវ​បែកធ្លាយ ព្រោះតែ​អ្នក​ជិតខាង​ដែល​បាន​ស្គាល់​ក្រុម​គ្រួសារ​របស់ខ្ញុំ​ច្បាស់​នោះ បាន​លួច​ខ្សឹប​រាយការណ៍​ប្រាប់​អង្គការ​អាវ​ខ្មៅ​អស់​គ្មាន​សល់ពី​ប្រវត្តិ​គ្រួសារ​ខ្ញុំ។ ទើប​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ គឺ​នៅ​ក្នុង​ឆ្នាំ​១៩៧៥​ដដែល​នោះ អង្គការ​មហា​លោត​ផ្លោះ​មហា​អស្ចារ្យ​មួយ​នេះ បាន​ចាប់​ក្រុម​គ្រួសារ​របស់ខ្ញុំ​ដាក់គុក នៅ​ក្នុងភូមិ​ថ្គោល​នោះ​ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​ធ្ងន់​ៗ ​និង​បង្អត់អាហារ។

លោកស្រី​ចៅសង្កាត់​ បន្ត​ទាំង​ទឹកមុខ​ក្រៀម​ស្រពោន​នូវ​រឿង​ពី​អតីតកាលដ៏​ខ្មៅ​ងងឹត ​ហាក់​ស្ថិត​នៅ​ថ្មី​ៗ​ចំពោះ​​មុខ​ថា លុះដល់​ឆ្នាំ​១៩៧៦ ប្ដី​ជាទី​ស្រឡាញ់​របស់ខ្ញុំ ត្រូវ​អង្គការ​យក​ទៅ​សម្លាប់​ចោល បន្ទាប់​មក​ក្នុង​ឆ្នាំ​ដដែល​នេះ​កូនប្រុស និង​កូនស្រី​ខ្ញុំ​ទាំង​៥​នាក់​បាន​ស្លាប់ ដោយ​អត់​អាហារ​ជា​បន្តបន្ទាប់។ គាត់​ថា ​ក្នុង​នោះ​កូន​៤​នាក់ ស្លាប់​ក្នុង​គុក​និង​ម្នាក់​ទៀត ទើប​មាន​អាយុ​៩​ថ្ងៃ​ ស្លាប់​ក្នុង​អង្រឹង។ ក្រៅពី​ប្ដី​និង​កូន ក៏​នៅ​មាន​ប្អូន​បង្កើត​ និង​ប្អូនថ្លៃ​ប្រុស​ស្រី​ចំនួន​១២​នាក់​ទៀត ក៏​ត្រូវ​បាន​អង្គការ​អាវ​ខ្មៅ យក​ទៅ​វាយ​សម្លាប់​ចោល​ផង​ដែរ ដោយ​ចោទ​ពី​នេះ​ពី​នោះ​ទាំង​គ្មាន​កំហុស។ បើ​សរុប​អ្នក​ដែល​ស្លាប់​ទាំងអស់​នៅ​ក្នុង​គ្រួសារ​ខ្ញុំ មាន​ប្ដី មានកូន និង​ប្អូនបង្កើត​ព្រមទាំង​ប្អូនថ្លៃ​ផង​សរុប​ចំនួន​១៨នាក់។ ចំណែក​រូប​ខ្ញុំ​ត្រូវ​អង្គការ​អាវ​ខ្មៅ​នេះ​លើក​លែង​មិន​សម្លាប់ ប៉ុន្តែ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់​ទាំង​សរសៃ​ខ្ចី ហូប​មិន​គ្រប់គ្រាន់ រស់​ពិបាក​ជាង​ស្លាប់ និង​រស់​នៅ​ក្នុង​ភាព​ឯកោ និង​សុបិន​អាក្រក់​គ្រប់ពេល ថ្ងៃ​ណា​ក៏​ជា​ពេល​ទួញ​សោក ព្រោះតែ​ការ​ព្រាត់​ប្ដី​ព្រាត់កូន​ជាទី​ស្រឡាញ់​អស់។

គាត់​រៀបរាប់​ថា ក្នុង​កាលៈទេសៈ​នោះ​ហើយ​ ដែល​ខ្ញុំ​គ្មាន​សង្ឃឹមថា និង​បាន​រស់​បន្ត​ទៀត​ឡើយ ប៉ុន្តែ​ទន្ទឹម​និង​ទុក្ខសោក​លំបាក​វេទនា​នេះ​ដែរ ខ្ញុំ​តែងតែបាន​បួងសួង​ជាប់​ជា​និច្ច​ថា បើ​ខ្ញុំ​មិន​ស្លាប់​ទេ ហើយ​បើ​មាន​នរណា​ជួយ​រំដោះ​បាន ​ខ្ញុំ​និង​សងគុណ​ឲ្យ​ធ្វើ​អ្វី​ក៏​ធ្វើ​ដែរ និង​ស្មោះត្រង់​ជាមួយ​អ្នក​នោះ​ជា​រៀងដរាប​តទៅ មិន​អាច​បំភ្លេច​គុណូបការៈ​នោះ​អស់​មួយ​ជីវិត។ ចៅសង្កាត់​រូប​នេះ​ និយាយ​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ ទើប​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា វាយ​រំដោះ​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​ខ្ញុំ​បាន​រង់ចាំ​រហូត​ដល់​អំឡុង​ខែឧសភា ឆ្នាំ​១៩៧៩ ទើប​កងទ័ព​ចូល​ទៅ​រំដោះ​ខេត្តពោធិ៍សាត់​ បាន​ទាំងស្រុង ហើយ​​នៅ​ក្នុង​ខែមិថុនា​ឆ្នាំ​ដដែល​នោះ ទើប​ខ្ញុំ​បាន​ចាក​ចេញពី​ខេត្តពោធិ៍សាត់​មក​រស់នៅ​ស្រុក​កំណើត​ខាង​ប្ដី​នៅ​ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រហូត​មក​ដល់​សព្វថ្ងៃ។

ពេល​នោះ​ ខ្ញុំ​បាន​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ និង​ប្អូន​ៗ៧​នាក់ លុះដល់​ខែកក្កដា ឆ្នាំ​១៩៧៩​ ដដែល​នោះ​ ខ្ញុំ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមសាមគ្គី​ភូមិ​ខ្វិត ក្រោយមក​ទៀត ដោយ​មើលឃើញ​ពី​ការងារ​សកម្ម​របស់ខ្ញុំ ថ្នាក់​លើ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អនុប្រធាន​យុវជន​ឃុំ​សាក់​សំពៅ ហើយ​ខ្ញុំ​បាន​ធ្វើការ​ចាប់តាំងពី​ពេល​នោះ​រហូត​ដល់​ឆ្នាំ​២០០២​។ នៅ​ពេល​រាជរដ្ឋាភិបាល​បង្កើត​ឱ្យ​មានការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ទើប​ខ្ញុំ​សម្រេចចិត្ត​ឈរឈ្មោះ​ជា​បេក្ខភាព​ចៅសង្កាត់ ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ទី​១ ខ្ញុំ​បាន​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​តែ​ម្ដង។ បន្ទាប់​មក​បាន​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ មិន​គិតការ​នឿយហត់​ឡើយ ឲ្យ​តែ​ប្រជាពលរដ្ឋ​បាន​សុខសាន្ត គឺ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ហើយ​ពេញចិត្ត​និង​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ និង​ជាតិ​មាតុភូមិ។

ជា​ពិសេស ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​ផ្ដល់​កំណើត​ទី​២​ឲ្យ​ខ្ញុំ និង​ប្រជាជន​ទូ​ទាំង​ប្រទេស។ លុះ​ចប់​អាណត្តិ​ទី​១ ខ្ញុំ​បាន​បន្ត​ឈរឈ្មោះ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​២ ទី​៣ រហូត​ដល់ទី​៤​នេះ ខ្ញុំ​បាន​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ថ្ងៃនេះ។  រីឯ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក៏​ដូច​គ្នា​ដែរ គណ​បក្ស​ប្រជាជន​កម្ពុជា សង្កាត់​ខ្ញុំ​ទទួល​បាន​សំឡេង​គាំទ្រ​ស្ទើរតែ​១០០%​គ្រប់​ៗ​អាណត្តិ​ទាំងអស់ ចាប់តាំងពី​ឆ្នាំ​១៩៩៣​រហូត​មក ព្រោះតែ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់ និង​មាន​ទំនុកចិត្ត​លើស​ម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​លោក​អភិបាល​រាជធានី​ភំ​ពេញ និង​លោក​អភិបាល​ខណ្ឌ​ផង​ដែរ។ ដោយឡែក​ មុន​ពេល​ជាប់​ជា​ចៅ​សង្កាត់ ខ្ញុំ​ក៏​ជា​ភ្នាក់ងារ​របស់​អង្គការ​រ៉ា​ក់ ដោយ​បាន​ធ្វើ​ជា​ភ្នាក់ងារ​អង្គការ​នេះ កាលពី​ឆ្នាំ​១៩៩៤ ហើយ​ក៏​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​លើ​ការងារ​អេ​ដស៍ កាមរោគ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​សម្រាលកូន និង​មាន​ជំងឺ​ផ្សេង​ៗ​ជាដើម។

លោកស្រី ទិ​ត្យ សំ​អុ​ន បាន​រៀបរាប់​បន្ថែម​ទៀត​ថា កាលពី​ខ្ញុំ​មេម៉ាយ​នៅ​ក្មេង ក៏​មាន​អ្នក​ចង់​ចូល​ស្ដីដណ្ដឹង​ខ្ញុំ​ធ្វើ​ជា​ប្រពន្ធ​ផង​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​សច្ចា​ថា មួយ​ជីវិត​នេះ​ខ្ញុំ​មិន​យកប្ដី​ទៀត​ទេ​។ ខ្ញុំ​បាន​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​និង​ប្អូន​ៗ​ចំនួន​៧​នាក់​ទៀត ហើយ​ខ្ញុំ​ក៏​ជា​អ្នក​រកស៊ី​ចិញ្ចឹម​ពួក​គាត់​ផង​ដែរ ។ ប៉ុន្តែ​ក្រោយមក​ឪពុក​ម្ដាយ​ស្លាប់​អស់​ខ្ញុំ​ជា​អ្នកគ្រប់គ្រង​ប្អូន​ៗ។ លុះ​ក្រោយមក​ទៀត​ប្អូន​ៗ​មាន​ប្ដី​មាន​ប្រពន្ធ​បែក​គ្រួសារ​អស់​ទៅ​ខ្ញុំ​បាន​នៅ​ម្នាក់ឯង។ ក្រោយមក​នៅ​អំឡុង​ឆ្នាំ​២០០៩ ពេល​ដែល​ខ្ញុំ​មាន​ជំងឺ និង​មើលឃើញ​ខ្ញុំ​រស់នៅ​ក្នុងផ្ទះ​តូច មិនសូវ​ជា​សមរម្យ ត្រូវ​បាន​លោកស្រី ទូច សា​រ៉ុ​ម អភិបាលរង​រាជធានី​ភ្នំពេញ និង​លោកស្រី ជុំ សា​មីន ភរិយា​លោក កែប ជុតិមា ជួយ​សាងសង់​ផ្ទះថ្ម​ឲ្យ​១​ខ្នង ដែល​មាន​ទំហំ​ទទឹង​ប្រវែង​៦​ម៉ែត្រ និង​បណ្ដោយ​៨​ម៉ែត្រ​ព្រមទាំង​របង​ថ្ម​នៅ​ក្នុងភូមិ​ខ្វិត​នោះ។

ពេល​នោះ​ដោយ​ភាព​ឯកោ​ខ្លាំង​ពេក​ខ្ញុំ​បាន​យក​ក្មួយ​មក​នៅ​ជាមួយ​ជា​បន្តបន្ទាប់​ដែរ តែ​ពេល​ពួក​គេ​ខ្លះ​មាន​ប្ដី​មាន​ប្រពន្ធ​បែក​អស់​ទៅ​និង​ខ្លះ​បាន​ប្រឡង​ជាប់ ធ្វើ​ពេទ្យ​ក៏​ចាកចេញ​ទៅ ដូច្នេះ​ខ្ញុំ​នៅ​ម្នាក់ឯង​ដដែល។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ខ្ញុំ​មិនសូវ​ដែល​នៅផ្ទះ​នោះ​ទេ ភាគច្រើន​គឺ​ខ្ញុំ​ស្នាក់​នៅ​សាលាសង្កាត់ ទាំង​យប់​ទាំង​ថ្ងៃ​តែ​ម្ដង ។ ចំណែក​ផ្ទះ​គឺ​ចាក់សោ​ទ្វារ​ចោល យូរ​ៗ​ទើប​ទៅ​មើល​ម្ដង។ ព្រោះ​បើ​សម្រាក​នៅផ្ទះ​គឺ​នៅ​តែ​ម្នាក់​ឯង​ដដែល ដូច្នេះ​ស្នាក់​នៅ​សាលាសង្កាត់​ល្អ​ជាង ម្យ៉ាង​បាន​បម្រើ​ប្រជាពលរដ្ឋ​បាន​ដិត​ដល់​ពេល​គាត់​មាន​កិច្ចការ​អ្វី​បន្ទាន់ អាច​រក​ខ្ញុំ​បាន​គ្រប់ពេល​ទាំងអស់​។ ប៉ុន្តែ​ក៏​មាន​ថ្ងៃ​ខ្លះ​អត់​ជួប​ដែរ ព្រោះ​ខ្ញុំ​ត្រូវ​ជិះ​កង់​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ការ​រស់នៅ​របស់ប្រជាពលរដ្ឋ នៅ​តាម​បណ្ដា​ភូមិ​នានា ហើយ​ពេល​ចុះ​ទៅ​ដល់​ភូមិ​ណា គឺ​ខ្ញុំ​ហូប​បាយជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ មិន​ខ្លាច​អត់បាយ​ហូប​ឡើយ។

ចំណែក​ការ​បម្រើ​ប្រជាពលរដ្ឋ​នេះ​មិន​ថា​យប់​ឬ​ថ្ងៃ ខ្ញុំ​បាន​ខិតខំ​មិន​បង្អង់​ដៃ​ទេ ហើយ​កិច្ចការរដ្ឋបាល ខ្ញុំ​ធ្វើ​បាន​ទាំងអស់ លើកលែងតែ​ការងារ​ដីធ្លី​មួយ​ប៉ុណ្ណោះ ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ដោយ​ម្នាក់ឯង​ឡើយ ។ និយាយ​រួម​ទៅ​ខ្ញុំ​បាន​ជួយ​ធ្វើ​កិច្ច​ការងារ​ស្មៀន​ជា​ច្រើន នៅ​ពេល​ស្មៀន​ជាប់រវល់។ ដោយឡែក​នៅ​ក្នុងអំឡុងពេល​ទឹក​ជំនន់​ម្ដង​ៗ ខ្ញុំ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌដង្កោ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​អភិបាល​ខណ្ឌ នុ​ត ពុធ​ដា​រ៉ា និង​ខាង​ក្រសួង​និង​មន្ទីរ​ធនធានទឹក ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ពិនិត្យ​ជាក់ស្ដែង​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដោយ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីកន្លែង​សុវត្ថិភាព និង​ចែក​ស្បៀងអាហារ ថ្នាំពេទ្យ​ជូន​ដល់​ពួក​គាត់ មិន​គិត​ពី​និន្នាការ​នយោបាយ​បក្ស​ណា​ៗ​ឡើយ។

ទាក់ទង​ទៅ​និង​សំណួរ​ដែល​ប្រជាពលរដ្ឋ​និយាយ​ថា លោកស្រី​ជិះ​តែ​កង់​ទៅ​ធ្វើការ​រាល់ថ្ងៃ​នោះ លោកស្រី ទិ​ត្យ សំ​អុ​ន បាន​និយាយ​ថា​ ជា​ការ​ពិត​ណាស់ ចៅសង្កាត់​ផ្សេង​ៗ​គេ​មាន​ម៉ូតូ​ និង​រថយន្ត​ជិះ​ធ្វើការ ចំណែក​ខ្ញុំ​គឺ​ជិះ​តែ​កង់​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។ កង់​នោះ​ គឺជា​អំណោយ​របស់​អង្គការ​រ៉ា​ក់​ជូន​ខ្ញុំ កាលពី​ខ្ញុំ​ធ្វើ​ជា​ភ្នាក់ងារ​របស់​អង្គការ​នេះ កាល​មិន​ទាន់​ជាប់​ជា​ចៅសង្កាត់​មក​ម្ល៉េះ។ ខ្ញុំ​ក៏​ចេះ​ជិះ​ម៉ូតូ​ដែរ កន្លង​មក​ ខ្ញុំ​ធ្លាប់​ទទួល​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង ពី​ថ្នាក់ដឹកនាំ​ទៀត​ផង ក្នុង​នោះ​នៅ​ឆ្នាំ​២០០២ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា នៅ​ក្នុង​ពេល​​នោះ ​លោក​ជា​អភិបាល​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​ជូន​១​គ្រឿង។ ប៉ុន្តែ​កាល​ណោះ​ ដោយសារ​តែ​ស្មៀន​អត់​មាន​ម៉ូតូ​ សម្រាប់​ជិះ​ធ្វើការ ខ្ញុំ​ក៏​បាន​ជូន​ម៉ូតូ​នោះ​ទៅ​ស្មៀន​ជិះ ​ហើយ​ខ្ញុំ​ជិះ​កង់​ដដែល។

លុះដល់​ឆ្នាំ​២០០៣ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ម៉ូតូ​១​គ្រឿង​ទៀត ហើយ​ខណៈនោះ​បានឃើញ​លោក​ចៅ​សង្កាត់​រង​ទី​១​អត់​មាន​ម៉ូតូ​ជិះ ខ្ញុំ​ក៏​បាន​ប្រគល់​ជូន​លោក​ចៅសង្កាត់​រង​ទី​១​រូប​នោះ​ទៅ។ រហូត​ដល់​ឆ្នាំ​២០១០ លោក គិត សុ​ផា ដែល​ពេល​នេះលោក​ជា​អភិបាលរង​ខេត្តពោធិ៍សាត់ ហើយ​ដែលកាល​​ណោះ លោក​ជា​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​ម៉ូតូ​១​គ្រឿងជូន​ខ្ញុំ ប៉ុន្តែ​ដោយសារ​តែ​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ម្នាក់ មាន​ជីវភាព​ក្រីក្រ​អត់​អី​ជិះ ខ្ញុំ​បាន​ឲ្យ​ម៉ូតូ​នេះទៅ​គាត់​ទៀត។ ចំណែក​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ផ្ដល់​ម៉ូតូ​ឲ្យ​២​គ្រឿង​ជា​បន្តបន្ទាប់​ទៀត​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ផ្ដល់​ជូន​បន្ត​ទៅ​ឲ្យ​ស្មៀន​ថ្មី​ម្នាក់​និង​ក្រុមប្រឹក្សា​ម្នាក់​ទៀត​ជិះ ហើយ​ទីបំផុត​មានអី​ពិបាក​ខ្លួនឯង​ជិះ​កង់​ដដែល៕ 

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily