លោក John McCain ជាអតីតបក្សប្រឆាំងនឹងលោក បារ៉ាក់ អូបាម៉ា ទទួលមរណភាពហើយ

សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក លោក John McCain បានទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ ដោយសារមហារីកខួរក្បាល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។

លោក McCain បានទទួលមរណភាពនៅថ្ងៃអាទិត្យនេះ (ត្រូវនឹងថ្ងៃសៅរ៍ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក McCain ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺដុះដុំសាច់ក្នុងខួរក្បាលកាលពីឆ្នាំ២០១៧។ ចំណែកឯគ្រួសាររបស់លោកវិញ ក៏បានឱ្យដឹងផងដែរថា សមាជិកព្រឹទ្ធសភារូបនេះ ដែលបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីខែធ្នូកន្លងទៅ បានសម្រេចបញ្ឈប់ការព្យាបាល កាលពីថ្ងៃសុក្រ។

សូមបញ្ជាក់ផងដែរថា លោក John McCain ធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភាជាន់ខ្ពស់នៃរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ក្នុងកំឡុងឆ្នាំ១៩៨៦ ក្រោយមកនៅឆ្នាំ២០០៨ លោកបានក្លាយជាបេក្ខជនបក្សសាធារណរដ្ឋដែលប្រឆាំងនឹងលោក អូបាម៉ា តែគួរឱ្យស្តាយលោកត្រូវចាញ់ឆ្នោត៕

 

ដកស្រង់ និងប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia, wikipedia