ព្រះសង្ឃ វ៉េង វុទ្ធី ដែលល្បីខ្លាំងខាងមើលជោគជតារាសីផ្លូវងងឹតនៅខេត្តកំពង់ស្ពឺ បានទទួលអនិច្ចកម្មហើយ

ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ព្រះជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា, ទីប្រឹក្សសាលាគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តតេជះភ្នំស្រង់ ដែលល្បីខាងមើលជោគជតារាសីខាងផ្លូវងងឹត បានអនិច្ចកម្ម នៅថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១២៖៤៥នាទី រំលងអាធាត្រ ក្នុងព្រះជន្មវស្សា៥២ឆ្នាំ ដោយរោគាពាធ។

ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ដែលទទួលអនិច្ចកម្ម

សពត្រូវបានតំកល់នៅលើឧបដ្ឋានសាលា វត្តតេជះភ្នំស្រង់ រហូតដល់ថ្ងៃ ព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ទើបដង្ហែរព្រះសពទៅកាន់ឈាបនដ្ឋាន ដើម្បីប្រារព្ធឈាបនកិច្ច។ លុះព្រឹកឡើងថ្ងៃសុក្រ ទី៣១ ខែឆ្នាំដដែល វេលាម៉ោង ៩៖០០ព្រឹក រាប់បាត្រព្រះសង្ឃ ១០៨អង្គ ប្រគេនយាគូរព្រះសង្ឃ វេភត្តហារប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ។

នេះជាការជូនដំណឹងដល់បងប្អូនសាច់ញាតិនៃព្រះសព ក៏ដូចជាការជូនដំណឹងដល់សិស្សគណ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ទីជិតឆ្ងាយ និមន្ត អញ្ជើញ ដង្ហែរព្រះសពទៅកាន់ឈាបនដ្ឋាន ដើម្បីប្រារព្ធឈាបនកិច្ច នៅថ្ងៃព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្នុងបរិវេណវត្ត តេជះភ្នំស្រង់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia