កូនខ្មែរត្រូវដឹង! ប្រវត្តិល្ខោនខោលខ្មែរ ដែលល្បីល្បាញតាំងពីយូរយាណាស់មកហើយ (វីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា «ល្ខោនខោល» ខ្មែរបានបង្កើតឡើង ជាច្រើនឆ្នាំ និងជំនាន់មកហើយ ក៏ប៉ុន្តែនៅតែមិនទាន់មានក្មេងៗជំនាន់ក្រោយៗ បានដឹងពីប្រវត្តិច្បាស់ នៃការដាក់ឈ្មោះ ក៏ដូចជាការបង្កើតឡើងនៃការសម្តែងបែបនេះឡើងនោះទេ។

ជាក់ស្តែង មួយរយៈពេលនេះឃើញថា មានកូនខ្មែរជាច្រើនបាននាំគ្នាបង្ហោះរូបភាពក៏ដូចជាសារ ព្រោងព្រាតពេញបណ្តាញសង្គម ដើម្បីបញ្ជាក់ប្រាប់ពិភពលោកថាសិល្បៈមួយនេះគឺជារបស់ខ្មែរ និងមានការចូលរួមការពារពីប្រជាជនខ្មែរផងដែរ។

យ៉ាងណាមិញ «ល្ខោនខោល» គឺជារបាំដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា ដែលក្រៅពីឈ្មោះថាល្ខោនខោល ក៏មានអ្នកខ្លះហៅថាជាល្ខោនពាក់របាំងមុខផងដែរ ហើយល្ខោនមួយនេះមានដើមកំណើតមុនសម័យអង្គរឯណោះ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើម ក្នុងអំឡុងប្រហែលសតវត្សរ៍ទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងប្រាសាទអង្គរជាច្រើន។

លើសពីនេះទៅទៀត យោងតាមសៀវភៅ «ទស្សនីយភាពខ្មែរ» អត្ថាធិប្បាយថា ពាក្យថា «ខោល» ឬ «ល្ខោនខោល» បើតាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជជួន ណាត ដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនាបណ្ឌិត្យឆ្នាំ១៩៦៧ ត្រង់ទំព័រ១០២ថា ៖ ខោលគឺជាពួកល្ខោនប្រុស រឿង«រាមកេរ្តិ៍ »។

ចំពោះលោកហ្សក សឺដេស វិញ បើតាមប្រសាសន៍របស់លោកដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានស្រង់យកមកចុះក្នុងកម្រងសិក្សាកថា «Annale de l’ URBA No 1» បោះពុម្ពឆ្នាំ១៩៦៧ ត្រង់ទំព័រ១៥៧ថា៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។ ដូច្នេះសម្រាប់លោកសឺដេស ល្ខោនខោលគឺជា «ល្ខោននៃរបាំស្វា»។

បន្ទាប់មកទៀតក៏មានការកត់ត្រាជាច្រើនទៀត ដែលអ្នកជំនាន់មុន បាននាំគ្នាជួយផ្សព្វផ្សាយ រំលឹកដល់កូនខ្មែរជំនាន់ក្រោយឲ្យបានដឹងច្បាស់ អ្វីដែលរៀបរាប់ខាងលើនេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ៕

ដូច្នោះចង់ដឹងថា ប្រវត្តិរបស់«ល្ខោនខោល» មានចំនុចពិសេស ក៏ដូចជាដំណើរដើមទងបែបណានោះ សូមទស្សនារូបភាពខាងក្រោម ដែលជាកម្រងសៀវភៅប្រវត្តិនៃល្ខោនខោល៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kunleus