ទុក្ខផ្ទួនៗ! ទើបតែរងគ្រោះដោយព្យុះ ពេលនេះ ជប៉ុន ​គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រទៀតហើយ

គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ បានវាយប្រហារលើកោះហុកកៃដូ (Hokkaido) នៃភាគខាងជើងប្រទេស ជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបណ្ដាលឱ្យមានគ្រោះរអិលបាក់ដី ដែលបានបាក់សង្កត់លើផ្ទះជាច្រើនខ្នង និងបង្កឱ្យមនុស្សជាច្រើននាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរជប៉ុន មនុស្ស១០នាក់ បានរងរបួស ហើយក្នុងនោះមានម្នាក់រងរបួសធ្ងន់។ ប៉ុន្តែមិន មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ឡើយ ខណៈផ្ទះជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់។ គ្រោះរញ្ជួយដីនេះ បានកើត ឡើងនៅម៉ោង ៣៖០៨នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ព្រមទាំងមានជម្រៅរញ្ជួយទៅក្នុងដី៦៨គីឡូម៉ែត្រ តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិននោះទេ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រខាងលើ កើតមានឡើងចំពេលដែលប្រទេសជប៉ុន ទើបតែរងគ្រោះ ដោយសារតែខ្យល់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានផ្ដាច់ជីវិតមនុស្ស១១នាក់ និង៦០០នាក់ផ្សេងទៀតរងរបួស នៅក្នុងសប្ដាហ៍នេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia