ប្រវត្តិវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាវីរបុរសក្នុងដួងចិត្តកូនខ្មែរគ្រប់រូប

ប្រជាជនខ្មែរទូទាំងប្រទេសមានការសោកស្តាយបំផុត នៅពេលបានលឺដំណឹងថា បិតាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ លោកវេជ្ជបណ្ឌិត Beat Richner ជាបុគ្គលមួយរូបដែលលះបង់ស្ទើរពេញមួយជីវិត ដើម្បីស្រោចស្រង់កុមារកុមាររាប់លាននាក់ ដោយមិនមានការរើសអើសជាតិសាសន៍ ឋានៈ ពណ៌សម្បុរ ឬអ្វីផ្សេងៗនោះទេ។

លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

ទន្ទឹមនឹងការលះបង់បែបនេះ គ្រប់់គ្នាប្រហែលជាចង់ដឹងពីប្រវត្តិរបស់លោកវេជ្ជបណ្ឌិតជាក់ជាមិនខានឡើយ។ ដូចនេះ ក្រុមការងារដែនដីនៃការចែករំលែក សូមលាតត្រដាងពីប្រវត្តិសង្ខេបរបស់លោក ដើម្បីឱ្យអ្នកទាំងអស់បានដឹងដូចខាងក្រោមនេះ៖

លោកវេជ្ជបណ្ឌិត Beat Richner កើតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុងដ៏ធំបំផុតឈ្មោះ Zurich នៃប្រទេសស្វីស។ លោកទទួលបានសញ្ញាបត្រពេទ្យនៅឆ្នាំ១៩៧៣ ជំនាញផ្នែកថែទាំកុមារនៅមន្ទីរពេទ្យកុមារទីក្រុង Zurich។ បន្ទាប់មកទៀត លោកវេជ្ជបណ្ឌិតបានធ្វើការនៅកាកបាទក្រហមស្វីស ក្រោយមកលោកត្រូវបានគេបញ្ជូនមកកម្ពុជា ដើម្បីធ្វើការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។

កាលដើមឡើយមន្ទីរពេទ្យនេះមានឈ្មោះថា មន្ទីរពេទ្យសម្តេចនរោត្ដមគន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាឈ្មោះបុត្រីរបស់ព្រះមហាក្សត្រនរោត្តមសីហនុ ដែលបានស្លាប់ទាំងវ័យក្មេង។

នៅពេលរបបប៉ុលពតចូលមកដល់ លោកវេជ្ជបណ្ឌិតបានត្រឡប់ទៅប្រទេសស្វីសវិញ ដើម្បីបន្តការងារនៅក្នុងមន្ទីរពេទ្យដដែលរបស់លោកទៀត។ ក្រៅតែពីជំនាញខាងពេទ្យ លោកវេជ្ជបណ្ឌិតក៏ចាប់អារម្មណ៍លើតន្ត្រីផងដែរ ដូចនេះ លោកវេជ្ជបណ្ឌិតបានហាត់លេងតន្ត្រីផ្នែកវីយូឡុង។ លោកវេជ្ជបណ្ឌិតក៏បាននិពន្ធ និងបោះពុម្ភសៀវភៅតន្រ្តីសម្រាប់កុមារផងដែរដែលមានឈ្មោះថា “Beatocello”។ គួរបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត បានទៅសំដែងនៅប្រទេសជាច្រើនពីផ្នែកតន្រ្តីរបស់លោកផងដែរ។

នៅខែធ្នូ ឆ្នាំ១៩៩១ លោកវេជ្ជបណ្ឌិតបានត្រឡប់មកកម្ពុជាវិញ ក្នុងកំឡុងពេលដែលកម្ពុជានៅមានជម្លោះជាមួយខ្មែរក្រហម និងវៀតណាមនៅឡើយ។ ក្នុងពេលនោះ នាយករដ្ឋមន្រ្តីខ្មែរបានស្នើសុំឱ្យលោកបើកមន្ទីរពេទ្យ និងសាងសង់ឡើងវិញ ដើម្បីបន្តការងារជួយកុមារកម្ពុជាទៀត។ នៅខែមីនា ឆ្នាំ១៩៩២ លោកវេជ្ជបណ្ឌិតបានបង្កើតមូលនិធិ Zurich ក្នុងប្រទេសស្វី រួចត្រឡប់មកសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញនៅកម្ពុជា  ដូចនេះ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ១៩៩២។ ចាប់ពីពេលនោះមក មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានពង្រីកខ្លួនចំនួន ៥សាខា។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន ៥ទីតាំង ដែលមន្ទីរពេទ្យគន្ធបុប្ផាទី១-២ (មន្ទីរពេទ្យគន្ធបុប្ផាទី ២ ត្រូវបានសម្ពោធនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៩៦) នៅទីក្រុងភ្នំពេញ រីឯគន្ធបុប្ផាទី៣ ស្ថិតនៅខេត្តសៀមរាបនៅឆ្នាំ១៩៩៨។ មន្ទីរពទ្យគន្ធបុប្ផាទី ៤ ត្រូវបានសាងសង់ឡើងនៅខែធ្នូ ឆ្នាំ២០០៥ និងមន្ទីរពេទ្យទី ៥ ត្រូវបានសាងសង់ ដោយបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០៧។

ក្នុងរយៈពេល ២៣ ឆ្នាំចុងក្រោយនេះមន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលអ្នកជំងឺសំរាកពេទ្យចំនួន ១៣ លាននាក់ និងកុមារដែលមានជំងឺធ្ងន់ចំនួន ១,៥៦ លាននាក់ដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបដែលធ្លាប់ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សូមចូលរួមរំលែកទុក និងអរគុណគ្រប់យ៉ាងជ្រាលជ្រៅជាទីបំផុតដែលវីរបុរសម្នាក់នេះ សុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីស្រោចស្រង់ជីវិតកុមារកម្ពុជារាប់លាននាក់បែបនេះ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, beat-richner