អបអរសាទរ! សិស្សនិទ្ទេស A ៣រូបក្នុងខេត្តកំពង់ស្ពឺ ទទួលបានម៉ូតូថ្មីម្នាក់១គ្រឿង ពីចៅហ្វាយខេត្ត

យោងតាមលទ្ធផលជាផ្លូវការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧-២០១៨ សម្រាប់ខេត្តកំពង់ស្ពឺ មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន០៣នាក់នោះ ភ្លាមៗលោកអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង បានប្រកាសផ្តល់រង្វាន់តាមការសន្យានោះគឺម៉ូតូមួយគ្រឿង។

លោក វ៉ី សំណាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ឆាប់ៗខាងមុខនេះលោក និងក្រុមការងារ នឹងនាំម៉ូតូចំនួន០៣គ្រឿង ទៅប្រគល់ជូនសិស្សទាំង០៣នាក់ ក្នុងនោះក៏មានរង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងជាប់និទ្ទេស D ម្នាក់ទៀត ដែលអង្គុយប្រឡងម្នាក់ឯងផងដែរ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ

នៅបណ្តាញសង្គម Facebook, លោកអភិបាលខេត្តកំពង់ស្ពឺ បានសូមចូលរួមអបអរសាទរ ជាមួយប្អូនៗដែលទទួលបាននិទ្ទេស A ទាំងបីនាក់។ រីឯប្អូនៗដែលមិនទទួលបាននិទ្ទេស A ក៏ពូចូលរួមត្រេកអរ និងអបអរសាទរដូចគ្នា។ អ្វីដែលតែពិសេសជាងនេះទៅទៀតនោះ គឺក្មួយប្រុសឈ្មោះ សេម វិចិត្រ ប្រឡងមួយបន្ទប់តែម្នាក់ឯង ហើយជាប់បាននិទ្ទេស D ទៀត។ ដើម្បីជាការលើកទឹកចិត្ត ពូ និងទិញម៉ូតូជូនប្អូនៗដែលទទួលបាននិទ្ទេស A មួយៗម្នាក់។

សូមបញ្ជាក់ថា បេក្ខជនប្រលងបាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់​ ស្មើនឹង​ ៦៦.២១%។ មានបេក្ខជន និទ្ទេស​ A ២៩០នាក់, បេក្ខជន និទ្ទេស​ B ១​,៥៣២នាក់, បេក្ខជន និទ្ទេស​ C ៤,៦៣១នាក់, បេក្ខជន និទ្ទេស​ D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស​ E ៥៤,៦០៧នាក់។ ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​ ១១៥,២៦៨នាក់ ស្រី​៥៨,១៥៨នាក់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia