ឃើញគេជិះឡានម៉ាក Prius ព្រោងព្រាត​ មានដឹងថា តើឡានម៉ាកនេះផលិតនៅប្រទេសណាដែរ?

​រថយន្ត​ Toyota Prius ជា​រថយន្ត​មួយ​ទឹក​ដ៏​ពេញ​និយម​មួយ​​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​​​ស៊េរី​ឆ្នាំ​ ២០០៤ ដល់ ២០០៩ (ជំនាន់​ទីពីរ) ដោយ​សារ​ស៊ីសាំង​តិច​ និង​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត។ រថយន្ត​ Prius មួយ​ទឹក​ភាគ​ច្រើន​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​​គឺ​មាន​ប្រភព​ចេញ​ពី​សហរដ្ឋអាមេរិក​ ប៉ុន្តែ​​រថយន្ត​នេះ​មិន​មែន​ដំឡើង ឬ ផលិត​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ។

ការ​ពិត​​ទៅ​រថយន្ត​ Prius ជំនាន់​ទីពីរ​ផលិត​ឡើង​​នៅ​រោងចក្រ​ Tsutsumi របស់​ Toyota ដែល​មាន​ទីតាំង​នៅ​ទីក្រុង​​ឈ្មោះ​ Toyota ​ក្នុង​​ប្រទេស​ជប៉ុន ដោយ​បាន​ចាប់​ផ្ដើម​ផលិត​នៅ​ឆ្នាំ ២០០៣។ ​នៅ​ឆ្នាំ​ ២០០៤ រថយន្ត​ Prius ជំនាន់​ទីពីរ​ក៏​ត្រូវ​បាន​​ផលិត​បន្ថែម​នៅ​រោង​ចក្រ​របស់​ Toyota ឈ្មោះ​ Fujimatsu មាន​ទីតាំង​នៅ​ទីក្រុង​ Kariya។

រថយន្ត​នេះ​ដែរ​ក៏​ត្រូវ​បាន​​ផលិត​នៅ​​រោងចក្រ​ FAW-Toyota ​ក្នុង​ទីក្រុង​​ Changchun ​ប្រទេស​ចិន ​ចាប់​ពី​​ឆ្នាំ​ ២០០៥ ដល់​ឆ្នាំ ២០០៩ ដោយ​សម្រាប់​លក់​ផ្ដាច់​មុខ​​លើ​ទីផ្សារ​ប្រទេស​ចិន។ ប៉ុន្តែ​ដោយ​សារ​មិន​​ទទួល​បាន​​ចំនួន​លក់​ច្រើន​ Toyota ក៏​សម្រេច​បិទ​រោងចក្រ​ផលិត​នៅ​ចិន និង​ធ្វើ​ការ​នាំ​ចូល​ជំនួស​វិញ។

រថយន្ត​ Toyota Prius ជំនាន់​ទី​បី​នៅ​តែ​បន្ត​ផលិត​នៅ​រោងចក្រ​ Tsutsumi និង​ Fujimatsu ដដែល​ ដោយ​ផលិត​ចាប់​ពី​ឆ្នាំ​ ២០០៩ ដល់​ឆ្នាំ ២០១៥។ រថយន្ត​ជំនាន់​ទី​បី​ក៏​មាន​ផលិត​នៅ​រោងចក្រ​ប្រទេស​ថៃ​​នៅ​​ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ ២០១០ ដល់​ខែ​កញ្ញា​ឆ្នាំ​ ២០១៥ ផង​ដែរ។

ចំណែក​រថយន្ត​ Prius ជំនាន់​ទី​បួន​វិញ​មាន​ផលិត​ផ្ដាច់​មុខ​តែ​នៅ​រោងចក្រ​ Tsutsumi ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ Toyota តែ​មួយ​ប៉ុណ្ណោះ៕​​​​​​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia