អបអរសាទរ! ផ្សារទំនើបបោះដុំផលិតផលថៃ MAKRO នឹងសាងសង់ឡើងនៅខេត្តសៀមរាបឆាប់ៗនេះហើយ

ក្រុមហ៊ុនកំពុងវិនិយោគផ្សារទំនើប MAKRO នៅក្រុងភ្នំពេញបាននិងកំពុងបោះទុនវិនិយោគចំនួនជិត ១៩លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបនៅទីក្រុងសៀមរាប។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឲ្យដឹងនៅដើមសប្តាហ៍នេះថា គណកម្មាធិការវិនិយោគនៃ CDC បានអនុម័តឲ្យក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED. គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទុនវិនិយោគ១៨,៧៦៥,២៣៧ដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៧៩កន្លែង។

ការបង្កើតផ្សារទំនើបនៅខេត្តសៀមរាប ជាការឆ្លើយតបនឹងកំនើនសេដ្ឋកិច្ច និងជីវ​ភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តនេះកាន់តែមានភាពប្រសើរឡើង ពិសេសកំនើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

អគ្គនាយកក្រុមហ៊ុន Goal Property Service ដែលមានមូលដ្ឋាននៅខេត្តសៀម​រាប លោក ចៅ សេងថៃ បានមានប្រសា​សន៍ថា ខេត្តសៀមរាបកំពុងចាប់ផ្តើមរកចម្រើនកាន់តែខ្លាំងហើយ ដោយសារការចាប់ផ្តើមហូរចូលនូវអ្នកវិនិយោគចិន និងគំរោងព្រលានយន្តហោះថ្មីកំពុងសាងសង់ កំនើនភ្ញៀវទេសចរណ៍បានកើនឡើងជាប្រចាំ។

លោកបន្តថា ការមកដល់នៃផ្សារ MAKRO ដែលស្ថិតនៅលើផ្លូវជាតិលេខ៦ នឹងធ្វើឲ្យខេត្តនេះកាន់តែ​មានភាពទាក់ទាញនិងរសរវើក ព្រោះកំនើនទេសចរណ៍ កំណើនប្រាក់ចំណូលប្រជាពល​រដ្ឋ នឹងធ្វើឲ្យផ្សារដែលផ្តោតលើសេវាកម្មលក់ទំនិញចម្រុះនេះទទួលបានជោគជ័យ។

លោកបន្តថា “ការមកដល់នៃផ្សារទំនើប MAKRO ជាការជ្រើសរើសទីតាំងត្រឹមត្រូវ ពេលវេលាត្រឹមត្រូវ និងសមត្ថភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះអាចធ្វើឲ្យគំរោងនេះទទួលបានភាពជោគជ័យ”។លោកបន្តថា “បើផ្សារនេះមកកាលពី២ទៅ៣ឆ្នាំមុន មិនទាន់ដល់ពេលទេ តែពេលនេះជាពេលវេលាស័ក្តិសមហើយ”។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានមានប្រសាស​ន៍ឲ្យដឹងផងដែរថា គ្រប់ផ្សារទំនើបធំៗ គួរដល់ពេលមានវត្តមាននៅក្រុងសៀមរាបហើយ ដោយសារកំនើនទេសចរណ៍ និងតម្រូវការរបស់ភ្ញៀវទេសចរណ៍។ ដើម្បីឲ្យភ្ញៀវទេសចរ ណ៍ស្នាក់នៅកាន់តែយូរ គួរមានផ្សារទំនើបៗធំៗនិងមានស្តង់ដាច្រើន ព្រោះShopping Mallជាចំណីរបស់ទេសចរណ៍។

លោកបន្តថា “ផ្សារទំនើប AEON MALL និងផ្សារទំនើបសូរិយា គួរមានវត្តមាននៅខេត្តនេះហើយ ដើម្បីឆ្លើយតបនិងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍”។លោកបន្តថា “ផ្សា​រទំនើបឬផ្សារនានានៅក្រុងសៀមរាប មានលក្ខណៈចាប់ឆាយ មិនទាន់មានស្តង់ដាអន្តរជាតិ ដែលអាចទាក់ទាញអារម្មណ៍ភ្ញៀវអន្តរជាតិទេ”៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerhome