វីរបុរស Beat Richner ចាកចេញពីកម្ពុជាលើកចុងក្រោយជាមួយនឹងកាបូបខ្មៅមួយប៉ុណ្ណោះ

បើទោះបីមានលទ្ធភាពកៀរគរថវិកាបានរាប់រយលានដុល្លារ ដើម្បីសង្គ្រោះជីវិតកុមាររបស់កម្ពុជាយ៉ាងណាក្តី តែទីបំផុតលោកវេជ្ជបណ្ឌិត Richner បានចាកចេញពីប្រទេសកម្ពុជាទាំងក្តីស្រណោះជាមួយកាបូបខ្មៅតែមួយដែលបាននាំមកជាមួយកាលពី ២៥ឆ្នាំមុនតែប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត Richner បានចាកចេញពីប្រទេសកំណើតដ៏សុខសាន្ត និងសម្បូរណ៍សប្បាយរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩១ ជាមួយកាបូបខ្មៅ កាបូបសម្លៀកបំពាក់មួយទៀត និងវីយូឡុងដ៏តូចមួយរបស់លោក។ ចាប់តាំងពីមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៩១ វេជ្ជបណ្ឌិត Richner បានប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ក្នុងការបង្កើតឡើងវិញ មន្ទីរពេទ្យគន្ធបុប្ផា ដែលរងភាពខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាម។

លោកវេជ្ជបណ្ឌិត បានប្រឹងប្រែងគ្រប់លទ្ធភាព និងគ្រប់ទីកន្លែងទាំងអស់ កៀរគរថវិការាប់រយលានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ ការលះបង់របស់លោកមិនត្រូវការតបស្នងអ្វីទាំងអស់ពីប្រជាពលរដ្ឋកម្ពុជា។ ទីបំផុតលោកវេជ្ជបណ្ឌិតពោរពេញដោយទឹកចិត្តមនុស្សធម៌រូបនេះ បានចាកចេញពីប្រទេសកម្ពុជាជាមួយកាបូបខ្មៅមួយ ដែលលោកបាននាំមកជាមួយពេលចាកចេញពីផ្ទះមកប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩១។

ជារួមមកក្នុងរយៈពេលប្រមាណ ២៥ឆ្នាំកន្លងមកនេះ លោកវេជ្ជបណ្ឌិត Beat Richner គ្រប់សកម្មភាពរបស់លោក គឺដើម្បីតែពលរដ្ឋកម្ពុជា មិនមែនដើម្បីភាពសុខសាន្ត ឬដើម្បីភាពមានបានរបស់លោកនោះឡើយ។ ទីបំផុតលោកចាកចេញពីកម្ពុជាតែជាមួយកាបូបខ្មៅ ដែលជាសម្បត្តិផ្ទាល់ខ្លួនរបស់លោកតែមួយប៉ុណ្ណោះ។ 

រូបភាពលោក Beat Richner អង្គុយជាមួយកាបូបខ្មៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចាកចេញពីប្រទេសកម្ពុជាជាលើកចុងក្រោយកាលពីអំឡុងខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។ កំពុងនាំឲ្យក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផានឹកស្រណោះជាពន់ពេក ហើយរាល់ពេលដែលពួកគេបានឃើញរូបថតអនុស្សាវរីយ៍នេះ មិនអាចទប់ទឹកភ្នែកបាននោះឡើយ។

លោក ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានរំលឹកប្រាប់អង្គភាពព័ត៌មាន Fresh News ទាំងក្តុកក្តួលថា កាបូបខ្មៅដែលលោកវេជ្ជបណ្ឌិត Richner យកទៅតាមខ្លួនក្នុងពេលចាកចេញពីប្រទេសកម្ពុជាលើកចុងក្រោយនោះ គឺជាកាបូបដែលលោកបាននាំមកជាមួយពេលមកបំពេញការងារនៅកម្ពុជា។

លោក សុទ្ធី បានរំលឹកថា លោកវេជ្ជបណ្ឌិត Richner គឺជាបុគ្គលមួយរូបដែលបានបូជាសេចក្តីសុខរបស់ខ្លួន ដើម្បីតែកុមារ និងពលរដ្ឋកម្ពុជា។ លោកបានរំលឹកថា នៅក្នុងអំឡុងពេលគ្រប់គ្រងមន្ទីរពេទ្យលោកវេជ្ជបណ្ឌិត បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកុមារមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ពោលស្ទើរតែគ្រប់ដង្ហើមចេញចូលរបស់លោក គឺគិតតែពីកុមារកម្ពុជាតែប៉ុណ្ណោះ។

អនុប្រធានមន្ទីរពេទ្យរូបនេះ បានរំលឹកដែរថា បើទោះបីជាធ្លាក់ខ្លួនឈឺខ្លាំងទៅហើយក្តី តែលោក Richner មិនដែលចង់ចាកចេញពីកម្ពុជាម្តងណានោះឡើយ។ ការចាកចេញរបស់លោក ដោយសារតែមានការទទូចអង្វរពីបងស្រី ទើបលោកសម្រេចចេញពីកម្ពុជា។

បើតាមលោក ហេង សុទ្ធី បានឲ្យដឹងថា នៅមុនពេលចាកចេញពីប្រទេសកម្ពុជាជាលើកចុងក្រោយនេះ លោកវេជ្ជបណ្ឌិត បានប្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីនៅក្នុងមន្ទីរពេទ្យថា រូបលោកចាកចេញពីប្រទេសកម្ពុជាតែ ១០ថ្ងៃប៉ុណ្ណោះ។

លោក សុទ្ធី បានលើកឡើងថា នៅពេលមើលឃើញរូបថតលោក Richner អង្គុយលើកៅអីក្បែរកាបូបខ្មៅនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ លោកតែងតែក្តុកក្តួល និងស្រក់ទឹកភ្នែកនឹងស្រណោះដលោក Richner។

តាមរយៈរូបភាពខាងលើបានបង្ហាញថា លោក Richner ជានិមិត្តរូបនៃការលះបង់ និមិត្តរូបមនុស្សធម៌ និមិត្តរូបនៃភាពស្អាតស្អំ ដែលគួរឲ្យស្ញប់ស្ញែងជាទីបំផុត។

មរណភាពរបស់លោក Beat Richner បុរសជនជាតិស្វីសដែលបានធ្វើពលីកម្មកម្លាំងកាយចិត្ត និងបញ្ញ​ញាណជាងពាក់កណ្តាលជីវិតចុងក្រោយរបស់ខ្លួន ដើម្បីបុព្វហេតុកុមារ និងមាតានៅកម្ពុជា កំពុងអង្រួនបេះដូងប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់ឲ្យរំជួលចិត្តនឹកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក។

ដើម្បីជាការតបស្នងនូវគុណូបការៈដ៏មហស្ចារ្យរបស់លោក Richner មន្ទីរពេទ្យគន្ធបុប្ផាបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិតរយៈពេល ៧ថ្ងៃនៅក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាសាខាជិតវត្តភ្នំ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវបានអនុញ្ញាតឲ្យចូលអុជធូបគោរពវិញ្ញាណក្ខន្ធ និងជាការតបគុណជាលើកចុងក្រោយជូនរូបលោកផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia