ទីបំផុត! សិស្សពូកែលេខ១គណិតវិទ្យាទូទាំងប្រទេស ជាប់និទ្ទេស A ក្នុង​លំដាប់​ពិន្ទុ ៩៩,៩០២ហើយ

ឆាយ លីអាន ជា​ម្ចាស់​ជយលាភី​មេដាយ​មាស​គណិត​វិទ្យា​ឆ្នាំ​២០១៨ ទទួល​បាន​និទ្ទេសA​វិញ ក្នុង​លំដាប់​ពិន្ទុ ៩៩,៩០២។ ការ​ទទួល​បាន​និទ្ទេសA នេះ គឺ​ធ្វើ​ឲ្យ​បេក្ខជន​ឆាយ លីអាន សប្បាយ​រីករាយ​រកអ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។

ឆាយ លីអាន បាន​ធ្លាក់​មុខ​វិជ្ជា​គណិត ក្នុង​ការ​ប្រកាស​លទ្ធផល​លើក​ទី​១ បាន​រៀបរាប់ទាំង​​អារម្មណ៍​រំភើប​ថា ខ្លួនកំពុង​ត្រៀម​ប្រឡង​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(តិចណូ) លើ​មុខ​ជំនាញ​វិស្វកម្ម។ គោល​ដៅ​បន្ទាប់​ទៀត​ប្រសិន​បើ​មាន​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​បរទេស លី​អាន គ្រោង​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឬ​ប្រទេស​ចិន។

ប្រៀប​ធៀប​អារម្មណ៍​ពេល​ដឹង​លទ្ធផល​លើក​ទី​១ និង​ពេល​នេះ លីអាន ប្រាប់​ថា​ខុស​គ្នា​ដូច​មេឃ និង​ដី។ លើក​ទី១​លីអាន បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង អស់​សង្ឃឹម តែ​ពេល​នេះ​ខ្លួន​រីករាយ​នឹង​លទ្ធផល​ដែល​ក្រសួង​កែប្រែ​ថ្មី​នេះ។ មុនការស៊ើរើនេះ បេក្ខជនដែលធ្លាប់ជាប់លេខ២ ក្នុងការសិស្សពូកែគណិតឆ្នាំ២០១៥ និងលេខ១ឆ្នាំ២០១៨រូបនេះ បានទទួលត្រឹមនិទ្ទេសD ប៉ុណ្ណោះ។

ក្រោយ​ដោះ​ស្រាយ​បញ្ហា​រួច ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា លទ្ធផល​បាក់ឌុប​មាន​ការ​ប្រែប្រួល​ដូច​ទៅ៖ បេក្ខជន​ជាប់​សរុប ៧៦ ០៣៤ នាក់(តួលេខចាស់ ៧៥០៥៩នាក់) ត្រូវ​ជា ៦៧,០៧ ភាគ​រយ។ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់(តួលេខចាស់ ២៩០) B មាន​ចំនួន ២ ២២២ នាក់, C មាន​ចំនួន ៦ ០៤១ នាក់, D មាន​ចំនួន ១៥ ១៨០ នាក់ និង​ E មាន​ចំនួន ៥២ ១៨៣ នាក់។ ក្រសួង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មិន​មាន​ការ​ប្រែប្រួល​ឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay