ទីបំផុត! រដ្ឋមន្រ្តីក្រសួងអប់រំ ចេញមុខសុំទោសជាសាធារណ ចំពោះកំហុសដោយអចេតនានេះ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញមុខ​សុំទោស​ទៅកាន់​បេក្ខជន មាតាបិតា អាណាព្យាបាល​សិស្ស និង​អ្នកពាក់ព័ន្ធ ចំពោះ​កំហុស​ដែល​ក្រសួង​អះអាងថា​កើតឡើង​ដោយ​អ​ចេតនា នៅក្នុង​ដំណើរការ​បូកសរុប​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់​ឌុប​។ ការសុំ​ទោស​នេះ ធ្វើឡើង​តាមរយៈ លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​លោក​បញ្ជាក់​បន្តថា កំហុស​នេះ​កើតឡើង​ដោយ​អ​ចេតនា ដោយសារ​កម្មវិធី​កុំព្យូទ័រ មិនបាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់​។​

លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​៖ «​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ លោក​រដ្ឋមន្ត្រី បាន​ផ្ដាំ​សុំទោស​បេក្ខជន​ប្រឡង មាតាបិតា អាណាព្យាបាល និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងករណីនេះ​។ យើង​មិន​ចង់ឱ្យមាន​បញ្ហា​នេះ​ទេ​។ វា​កើតឡើង​ព្រោះ​បច្ចេកទេស​កំ​ព្យូ​ទ័​រ តែ​ទោះជា​យ៉ាងណា យើង​បាន​ប្រជុំ ដើម្បី​មិនឱ្យ​មាន​បញ្ហា​នេះ​កើតឡើង​ទៀត​នោះទេ​»​។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ទៀតថា ក្រោយ​មានការ​តវ៉ា ក្រសួង​បានធ្វើការ​យ៉ាងសកម្ម និង​បាន​ប្រជុំ​បន្ទាន់​ជា​បន្តបន្ទាប់ ដើម្បី​ធានាថា ការប្រឡង​ដំណើរការ​ទៅដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​។ ចំពោះ​ការចេញ​ជា​លិខិត​សុំទោស​ផ្លូវការ លោក ឌី ខាំ​បូ​លី បញ្ជាក់ថា លោក នឹង​យក​សំណើ​នេះ ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ពិនិត្យ​។

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​សើរើ​បូក​ពិន្ទុ​គ្រប់មុខ​វិទ្យា​ទាំងអស់​ឡើងវិញ បន្ទាប់ពី​មាន​បណ្តឹងតវ៉ា​ពី​សិស្សានុសិស្ស ជាពិសេស​លើ​មុខវិជ្ជា​គណិតវិទ្យា​។ ជា​លទ្ធផល ក្រសួង​បាន​រកឃើញថា កម្មវិធី​កំ​ព្យូ​ទ័​រ មិនបាន​បូក​ពិ​ទ្ទុ​មុខវិជ្ជា​គណិតវិទ្យា របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់ និង​បានធ្វើ​ឲ្យ​ប៉ះពាល់​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ជិត​១០០០​នាក់​។ ការសើរើ​ឡើងវិញ​នេះ ក៏បាន​ធ្វើ​ឲ្យ​លទ្ធផល​សិស្ស​ជាប់​បាក់​ឌុប​កើន​ពី​ ៦៦,២១​ភាគរយ ទៅ​៦៧. ០៩​ភាគរយ​។ ចំណែក​សិស្ស​ដែល​ជាប់​និទ្ទេស A ក៏បាន​កើនឡើង​ពី ២៩០​នាក់ ដល់ ៤០៨​នាក់​ផងដែរ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey