ប្អូនស្រីដែលជាប់និទ្ទេស A ពិន្ទុ ១០០ពេញនោះ ជាកូនអ្នករត់ម៉ូតូឌុបដែលមានជីវភាពលំបាកនៅភ្នំពេញ

តាមរយៈការប្រកាសលទ្ធផលប្រឡងបាក់ឌុបលើកទី២ នាថ្ងៃនេះបង្ហាញថា សិស្សិដែលទទួលបាននិទ្ទេស A ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ គឺយុវតី ថន រតនា ជាសិស្សមកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ។

ប្អូនស្រី ថន រតនា ជាសិស្សមកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ

សួរអំពីអារម្មណ៏បន្ទាប់ពីទទួលបាននិទ្ទេសA លំដាប់ខ្ពស់ជាងគេទូទាំងប្រទេសនោះ ប្អូនស្រី ថន រតនា បាននិយាយរៀបរាប់ ដោយរំភើបថា ប្អូនពិតជារីករាយខ្លាំងណាស់ ហើយនេះជាលទ្ធផលមួយដែលខ្លួនមិនដែលនឹកស្រមៃថា អាចក្លាយជាការពិត នោះទេ។

កូនស្រីនៃគ្រួសារមួយក្នុងទីក្រុងភ្នំពេញ ដែលមានឱពុកជាអ្នករត់ម៉ូតូឌុប ម្តាយជាស្ត្រីមេផ្ទះ ក្នុងចំណោមបងប្អូនស្រី ៣នាក់ ថន រតនា គឺជាកូនពៅ។

រតនា បានឆ្លើយនឹងសំណួររបស់ CNC ថា គ្រួសារប្អូនពិតជាមានស្ថានភាពជីវភាពលំបាកពិតមែន ព្រោះចំណូលនិងចំនាយប្រចាំថ្ងៃ គឺជាបន្ទុករបស់លោកឱពុកតែម្នាក់ប៉ុណ្ណោះ ដែលបានពីមុខរបររត់ម៉ូតូឌុបនោះ។

ដោយឡែកសម្រាប់គម្រោងសិក្សាបន្ទាប់ពីទទួលបានលទ្ធផលដ៏ល្អមួយនេះនោះ ប្អូនស្រី រតនា បានរំលឹកថា បំណងប្រាថ្នា អនគតដ៏ជាក់លាក់មួយរបស់ខ្លួនតាំងពីធំដឹងក្តីមក គឺចង់ក្លាយខ្លួនជាវេជ្ជបណ្ឌិតដ៏ពូកែមួយរូប ប៉ុន្តែប្អូនបានបោះបង់ចោលនូវ ក្តីស្រម៉ៃនេះ ដោយប្អូនដឹងច្បាស់ថា គ្រួសាររបស់ខ្លួនគ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ការសិក្សានោះទេ។

ទោះជាបញ្ជាក់បែបនេះក្តី តែសិស្សនិទ្ទេសA លំដាប់កំពូលម្នាក់នេះ អះអាងថា ក្តីសង្ឃឹមចុងក្រោយរបស់ខ្លួន អាចសម្រេចទៅបាន ដោយវិធីមួយចុងក្រោយដែលប្អូននឹងធ្វើការសុំការសណ្តោសប្រណីពីមនុស្សម្នាក់ ហើយប្អូនមានជំនឿថា គាត់នឹងជួយប្អូនបាន។

ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមពីស្ថានភាពជីវភាពរបស់ យុវតី ថន រតនា ឫ ក៏លោកអ្នកដែលមានបំណងឧបត្ថម្ភដល់រូបប្អូន អាចទំនាក់ទំនងតាមលេខទូរស័ព្ទដៃប្អូនផ្ទាល់ គឺ 096 8286007៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ fanidols