ក្លាយជាសេដ្ឋីលេខ១លើលោក ពេលនេះ Jeff Bezos ដាច់ចិត្តបរិច្ចាកលុយ ២ពាន់លាន លើផ្នែកមនុស្សធម៌ហើយ

នាយក​ប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon​ លោក ចេហ្វ បេហ្សូស (Jeff Bezos) បានសម្រេចចិត្ត​បរិច្ចាគប្រាក់ ២ពាន់លានដុល្លារ ឱ្យមូលនិធិមនុស្សធម៌មួយ ដែលលោកបាន​បង្កើតឡើង​ដើម្បីជួយដល់ជនក្រីក្រ​គ្មានផ្ទះសម្បែង និងបង្កើត​បណ្ដាញសាលរៀនថ្មីៗជាច្រើន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

លោក Jeff Bezos ដែលទើបតែជាប់​ឈ្មោះជាអ្នកមាន​ជាងគេ នៅលើពិភពលោក​នាពេល​ថ្មីនេះ ក៏បានគូស​បញ្ជាក់ផងដែរ ​ពីការ​បរិច្ចាគប្រាក់ទាំងនេះ​នៅលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយលោកហៅមូលនិធិថ្មីរបស់ខ្លួនថា Day One Fund។ ប៉ុន្តែការសម្រេច​ចិត្តបែបនេះ​របស់លោក Bezos ត្រូវបានធ្វើ​បានឡើងបន្ទាប់​ពីលោកត្រូវបានគេរិះគន់​ថា មិនបានធ្វើអ្វី​ច្រើន​នោះទេ​ខាងផ្នែក​មនុស្សធម៌ ខណៈលោកត្រូវបានគេរាយការណ៍​ថា មានទ្រព្យដាច់គេ​នៅលើលោក​រហូតដល់​ទៅជា ១៦៤ពាន់លានដុល្លារ។

បន្ថែមពី​លើនេះ បើទោះជាមូល​និធិរបស់ CEO ក្រុមហ៊ុនលក់​ទំនិញតាម​អនឡាញ Amazon រូបនេះ​ជា​ចំនួនច្រើន​ក៏ដោយ ក៏វានៅ​តែមាន​ចំនួនតិច បើធៀបទៅ​នឹងមូលនិធិមនុស្សធម៌​របស់ម្ចាស់​ក្រុមហ៊ុន Microsoft លោក បៀល ហ្គេតស៍ (Bill Gates) ខណៈមេ Facebook លោក ម៉ាក ហ្សាក់កឺប៊ឺហ្គ (Mark Zuckerberg) សន្យាថា នឹងបរិច្ចាកប្រាក់ ៩៩ភាគរយ នៃភាគហ៊ុនរបស់លោក​នៅក្នុង​ក្រុមហ៊ុន Facebook៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia