កក្រើក! Floyd Mayweather នឹងប្រគួតស៊ីសាច់ហុតឈាមម្តងទៀតជាមួយ ប៉ាគីអាវ ខែធ្នូនេះហើយ

កីឡាករប្រដាល់ដែលបានប្រកាសចូលនិវត្ដន៍ពីសង្វៀនប្រដាល់ Floyd Mayweather បានប្រកាសថា រូបគេនឹងត្រៀមចូលការប្រកួតម្ដងទៀត ដោយត្រូវតទល់នឹងគូសត្រូវចាស់ Manny Pacquiao នៅខែធ្នូខាងមុខនេះ។

Mayweather ទំនងនឹងអាចឡើងសង្វៀនក្នុងការប្រកួតរបស់គេចំនួន ៥១ដង នៅក្នុងអាជីពរបស់គេ ខណៈការប្រកួតចុងក្រោយរបស់អ្នកប្រដាល់សញ្ជាតិអាមេរិកនេះ គឺឈ្នះ Conor McGregor កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ។

គួររម្លឹកថា Pacquiao បានចាញ់ Mayweather ក្នុងការប្រកួតកាលពីខែឧសភា ឆ្នាំ២០១៥ ប៉ុន្ដែបុរសសញ្ជាតិហ្វីលីពីននេះ ចង់ធើ្វការប្រកួតសាជាថ្មី ខណៈអ្នកប្រដាល់មិនដែលចាញ់ Floyd ក៏បានបញ្ជាក់នៅក្នុងវីដេអូដែលពួកគេបានជួបគ្នាក្នុងក្លិបកម្សាន្ដមួយកន្លែងថា គេយល់ព្រមធើ្វការប្រកួតមួយនេះ។

«ខ្ញុំនឹងត្រលប់មកវិញដើម្បីវ៉ៃជាមួយ Manny Pacquiao នៅឆ្នាំនេះ» សម្ដីរបស់ Mayweather ទោកាន់ Pacquiao ដែលត្រូវបានគេថតបង្ហោះក្នុងបណ្ដាញសង្គម Instagram។

សូមបញ្ជាក់ថា ការប្រកួតដំបូងរបស់កំពូលអ្នកប្រដាល់ទាំង២ គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតដែលរកបានចំណូលច្រើនបំផុត ដែលគិតជាទឹកប្រាក់គឺមានតម្លៃដល់ទៅ ៣០០លានដុល្លារឯណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload