ថ្ងៃនេះ កាលពី២០ឆ្នាំមុន សម្តេច ហ៊ុន សែន ត្រូវគេលួចធ្វើឃាតនៅខេត្តសៀមរាប

សម្តេចតេជោ ហ៊ុន សែន បានរំឭកថា «ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដលើរូបខ្ញុំ នៅខេត្តសៀមរាប» ខណៈដែលនៅព្រឹកថ្ងៃទី ២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ូកែតបេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តសម្តេចតេជោ ប៉ុន្តែមិនបានត្រូវរថយន្តសម្តេចទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាងផ្លូវធ្វើអោយប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។

សម្តេចតេជោ បន្តថា «ការរៀបចំធ្វើឃាដលើរូបខ្ញុំនាពេលនោះត្រូវបានធ្វើឡើងស្របពេលនៃការប្រជុំសភានីតិកាលទី២ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាបក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។

ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើអោយខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតខ្ញុំត្រូវចប់តាំងពីពេលនោះមក។ ប្រសិន​បើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប?បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ?នេះជាចម្លើយដែលត្រូវឆ្លើយសម្រាប់សំណួរទាំងពីរខាងលើនេះ»។

ទន្ទឹមនោះ សម្តេចតេជោ អរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារសម្តេចនាពេលនោះ ដោយសម្តេចលើកឡើងក្នុងបណ្តាញសង្គមថា «ខ្ញុំជឿច្បាស់ណាស់ថា អ្នកជួយជីវិតខ្ញុំនាពេលនោះគឺតាមផ្លូវងងិត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាខ្ញុំជាប្រចាំកន្លងមកបានជួយជីវិតខ្ញុំអោយខ្ញុំរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើអោយខ្ញុំបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ។

ខ្ញុំបានអហោសិកម្មអោយអ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៍ដោយ តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនអោយពួកអ្នកសម្លាប់ខ្ញុំបានទេ មិនអោយពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ។ ទោះដោយតម្លៃណាក៍ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាអោយខានតែបាន»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news