ព្រះសង្ឃ លន់ ឡាយ ជាសង្ឃទី១ដំបូងបំផុត ជាប់សញ្ញាបត្របណ្ឌិតផ្នែកភាសាសំស្រ្កឹត

ផ្តើមចេញពីការស្រាលាញ់អក្សរសាស្រ្ត និងវប្បធម៌ជាតិ សមណៈខ្មែរមួយអង្គព្រះនាម លន់ ឡាយ (ធម្មសរោ) ប្រសូត្រក្នុងឆ្នាំ ១៩៧៩ (៣៩ព្រះវស្សា) និងមានស្រុកកំណើត នៅភូមិថ្នល់ ឃុំស្រង៉ែ ស្រុកសៀមរាម ខេត្តសៀមរាប បានសម្រេចចិត្តទៅបន្តការសិក្សារបស់ព្រះអង្គនៅប្រទេសស្រីលង្កា ចាប់តាំងពីឆ្នាំ ១៩៩៦ គឺមានរយៈពេល ២២ឆ្នាំគត់នៅទីនោះ ដើម្បីសិក្សារហូតបានទទួលសញ្ញាបត្របណ្ឌិតផ្នែកភាសាសំស្រ្កឹតពីសាកលវិទ្យាល័យ Sri Jayewardenepura យ៉ាងមានមោទនៈ។

ព្រះអង្គបណ្ឌិត លន់ ឡាយ

តាមរយៈការផ្តល់បទសម្ភាសន៍ដល់ក្រុមការងារ The Next Cambodia ព្រះអង្គបណ្ឌិត លន់ ឡាយ បានបញ្ជាក់ប្រាប់ថា នៅក្នុងជំនាន់ព្រះអង្គដែលជាជំនាន់ទី ៣ គឺមានព្រះសង្ឃចំនួន ១០អង្គ ដែលបានទៅបន្តការសិក្សាជាមួយគ្នានៅប្រទេសស្រីលង្កា ក៏ប៉ុន្តែមាន ៩អង្គ បានត្រឡប់មកកម្ពុជាវិញ ដោយមិនបានបន្តការសិក្សារហូតចប់បណ្ឌិតឡើយ។

ព្រះអង្គក៏បានបញ្ជាក់ទៀតថា «ដោយមិនសូវមានបច្ចេកវិទ្យាទំនើបដូចគេ ទើបធ្វើឲ្យអាត្មាភាពខិតខំយ៉ាងលំបាកលំបិន គឺខំសិក្សា៦០ភាគរយដោយខ្លួនឯង ២០ភាគរយពីមិត្តរួមថ្នាក់ជាមួយគ្នា ដែលមកពីប្រទេសផ្សេងៗ និង២០ភាគរយពីគ្រូ គឺធ្វើយ៉ាងណាខំរត់តាមគេ ព្រោះយើងសិក្សាជាភាសាគេ គឺភាសាសីហឡៈ (ភាសានៅក្នុងប្រទេសស្រីលង្កា)»។

ក្នុងការបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះភិក្ខុ បណ្ឌិតរដ្ឋ យ៉ន សេងយៀត ដែលបានបញ្ចប់ការសិក្សាPostdoctoral Degree ពីសាកលវិទ្យាល័យ Harvard ដោយបានសរសេរថា «ព្រះភិក្ខុ លន់ ឡាយ ជាព្រះសង្ឃខ្មែរទីមួយ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្រោយឆ្នាំ ១៩៧៩ ដែលបានទទួលសញ្ញាបត្រដ៏មានតម្លៃមហាសាល បន្ទាប់ពីព្រះតេជគុណបណ្ឌិត តោ អាន (ដែលត្រូវខ្មែរក្រហមធ្វើគត់)”។

ព្រះអង្គបន្តទៀតថា «ក្នុងចំណោមព្រះសង្ឃខ្មែរជាងប្រាំមឺនអង្គនាពេលបច្ចុប្បន្ន គឺមានតែ ព្រះភិក្ខបណ្ឌិត លន់ ឡាយ តែមួយអង្គគត់ ដែលបានទទួលសញ្ញាបត្របណ្ឌិត ផ្នែកភាសាសំស្រ្កឹតនេះ»។

យ៉ាងណាក៏ដោយ ជាមួយនឹងការសរសើរនេះ ព្រះភិក្ខុ បណ្ឌិតរដ្ឋ យ៉ន សេងយៀត បានចោទជាសំណួររហាក់កំប្លែងបន្តិចថា “តើសញ្ញាបត្របណ្ឌិតផ្នែកភាសាសំស្រ្កឹតនេះ ពិតជាថ្លៃមែនទេនៅក្នុងកែវភ្នែករបស់ជនជាតិយើង?”

គួររំឭកផងដែរ ព្រះភិក្ខុ លន់ ឡាយ ធ្លាប់បានទទួលសញ្ញាបត្របរិញ្ញាពីរជំនាញ (ភាសាសំស្រ្កឹត និងទំនាក់ទំនងអន្តរជាតិ) សញ្ញាបត្រអនុបណ្ឌិតពីរជំនាញ (ភាសាសំស្រ្កឹត និងទស្សនវិជ្ជាពុទ្ធសាសនា) និងរហូតបន្តបញ្ចប់ជំនាញផ្នែកភាសាសំស្រ្កឹតថ្នាក់បណ្ឌិត។ ជាមួយគ្នានេះ ព្រះអង្គក៏ធ្លាប់បង្រៀនភាសាសំស្រ្កឹតជិតពីរឆ្នាំនៅសាកលវិទ្យាល័យមួយក្នុងប្រទេសស្រីលង្កាផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thenextcambodia