Tik Tok ក្លាយជាបណ្តាញសង្គមដែលមានអ្នក Download ច្រើនបំផុតលើលោកហើយ

Tik Tok ជា​បណ្តាញ​សង្គម​សម្រាប់​អ្នកប្រើប្រាស់​ទូរ​សព្ទ​ដៃ​ក្នុងការ​បង្ហោះ​សារ​ជា​វីដេអូ​ខ្លីៗ​។ Tik Tok ដែល​គេ​ហៅ​ម្យ៉ាង​ទៀតថា Douying នេះ ត្រូវបាន​បង្កើត​នៅ​ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​លោក Zhang Yiming វិស្វករ​សូ​ហ្វែ​រ និង​ជា​មហាសេដ្ឋី​ម្នាក់​របស់​ចិន​។

លោក Zhang Yiming ជាស្ថាបនិកបង្កើតកម្មវិធី Tik Tok

មាន​អាយុកាល​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ Tik Tok បាន​វាយលុក​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​តំបន់​អាស៊ី ក្នុងនោះ​មាន​កម្ពុជា​ផងដែរ​។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨ Tik Tok មាន​អ្នកប្រើប្រាស់​ប្រមាណ​១៥០​លាន​នាក់ ដែល​សកម្ម​ជា​រៀងរាល់ថ្ងៃ​។

យោងតាម​របាយការណ៍​របស់ Sensor Tower បណ្តាញ​សង្គម​របស់​ចិន​មួយ​នេះ មានការ​ចុះឈ្មោះ Download ប្រមាណ​៤៥,៨​លាន​ដង នៅ​ត្រីមាស​ទីមួយ​ឆ្នាំ​២០១៨ ពោល​គឺមាន​ចំនួន​ច្រើនជាង Youtube, WhatsApp, Messenger, Instagram, Facebook, WeChat, QQ, iQiYi និង Google Maps​។

Tik Tok អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​បង្ហោះ​សារ​ជា​វីដេអូ​ខ្លីៗ ឬ​អាច​ធ្វើតាម​ជា​កាយវិការ​ទៅតាម​សំឡេង ឬ​ចម្រៀង​ដែលមាន​ស្រាប់​។ ក្រៅពី​មនុស្ស​ទូទៅ តារា​សំដែង និង​តារាចម្រៀង​ក៏​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​។

ទោះបី​មានការ​វាយលុក​ពេញ​អាស៊ី​-​អាគេ្នយ៍​ក៏ដោយ ប៉ុន្តែ​បណ្តាញ​សង្គម​នេះ មិន​ទទួលបាន​ការស្វាគមន៍​ឡើយ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។ លោក Rudiantara រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង និង​ព័ត៌មាន​របស់​ឥណ្ឌូនេស៊ី បាន​អះអាង​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា Tik Tok ជា​បណ្តាញ​សង្គម​ដែល​នាំ​ឲ្យ​ប៉ះពាល់​ផ្នែក​សីលធម៌​។ លោក​ថា នេះ​ជាការ​ហាមឃាត់​បណ្តោះអាសន្ន ហើយ​អាច​ដកចេញ​វិញ ក្នុងករណី​ដែល Tik Tok ពិចារណា​ទៅលើ​ខ្លឹមសារ​នានា​។

មិន​ខុសពី​ការលើកឡើង​របស់លោក Rudiantara នោះឡើយ អ្នកប្រើប្រាស់ Tik Tok មួយចំនួន បាន​បញ្ចូល និង​ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​អាសអាភាស និង​គ្រោតគ្រាត រួមជាមួយ​នឹង​ការ​បង្ហោះ​រូបភាព​ស្រើបស្រាល​មួយចំនួន​ផងដែរ​។

គួរបញ្ជាក់ផងដែរថា លោក Zhang Yiming ជាកំពូលមហាសេដ្ឋីចិនដែលមានទ្រព្យសម្បត្តិសរុប ៤ពាន់លានដុល្លារ នេះបើតាមការចេញផ្សាយរបស់គេហទំព័រដ៏ល្បីល្បាញ Forbes៕

កម្មវិធី Tik Tok

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​ thmeythmey