ញាក់សាច់! ក្រុមហ៊ុន Vinfast ជួល David Beckham មកផ្សព្វផ្សាយ ១លានដុល្លារឯណោះ

ដូច​បាន​ដឹង​ហើយ​ថា​ដើម្បី​​ជួយ​ឲ្យ​រថយន្ត​ដំបូង​របស់​ខ្លួន​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រុមហ៊ុន​វៀតណាម​ Vinfast ហ៊ាន​ចំណាយ​ទឹក​ប្រាក់​ជួល​ David Beckham ​ឲ្យ​ជួយ​​មក​ចូល​រួម​ក្នុង​កម្មវិធី​ប្រកាស។

ក្រៅ​ពី​ជួល​​អតីត​កីឡាករ​អង់គ្លេស​ដ៏​ល្បី​ហើយ ក្រុមហ៊ុន Vinfast ក៏​បាន​អញ្ជើញ​បវរ​កញ្ញា​វៀតណាម​ ប្រចាំ​ឆ្នាំ ២០១៨ ឲ្យ​មក​ចូល​រួម​ក្នុង​កម្មវិធី​ប្រកាស​ដែល​ធ្វើ​ឡើង​នា​ទីក្រុង​ប៉ារីស​នេះ​ទៀត​ផង។ ​ត្បិត​ថា​មិន​មាន​ការ​បង្ហើប​ឲ្យ​ដឹង​ជាក់លាក់​ពី​​កញ្ចប់​លុយ​ដែល​ Vinfast បាន​ចំណាយ​​លើ​ការ​ផ្សព្វផ្សាយ​​រថយន្ត​ដំបូង​របស់​ខ្លួន ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ផ្នែក​ផ្សព្វផ្សាយ​មួយ​រូប​​របស់​វៀតណាម​ឲ្យ​ដឹង​ថា​ Vinfast បាន​ចំណាយ​ទឹក​ប្រាក់​ខ្ទង់​ ១ លាន​ដុល្លារ​ឯណោះ។

១ លាន​ដុល្លារ​ជា​ការ​ចំណាយ​​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​​​ដ៏​ច្រើន​​លើសលប់​​មួយ​ ដែល​កម្រ​មាន​ក្រុមហ៊ុន​វៀតណាម​ណា​ហ៊ាន​ចំណាយ​ច្រើន​ថ្នាក់​នេះ។ នេះ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​អ្នក​ជំនាញ​​ខាង​លើ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

បើ​តាម​វិបសាយ​ celebritytalent.net បាន​​បង្ហើប​ដែរ​ថា​​អតីត​កីឡាករ​ឆ្នើម David Beckham ​ស៊ី​ថ្លៃ​ចន្លោះ​ពី ៥០ ម៉ឺន​ដុល្លារ ទៅ ១ លាន​ដុល្លារ​ឯណោះ​ ចំពោះ​ការ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ។

​​​​​រថយន្ត​ដែល​ក្រុមហ៊ុន​ Vinfast បាន​បង្ហាញ​ក្នុង​ប្រទេស​បារាំង​មាន​ម៉ូដែល​ LUX A2.0 ជា​ប្រភេទ Sedan និង LUX SA2.0 ជា​ប្រភេទ​ SUV។ រថយន្ត​ទាំង​ពីរ​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​ក្នុង​ខែ​មិថុនា​ ឆ្នាំ ២០១៩ បន្ទាប់​មក​ទើប​ចេញ​លក់​លើ​ទីផ្សារ​សកល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia