រដ្ឋមន្រ្តី និងឧកញ៉ាល្បី ២រូប ប្រកាសខ្លាំងៗឲ្យប្រយ័ត្នបំផុតរឿងដីឡូតិ៍ថោកៗ ព្រោះ…….

បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ប្រកាស​លក់​ផ្ទះ​ល្វែង ដីឡូតិ៍​នៅ​តាម​ជាយ​ក្រុង​ភ្លូក​ទឹក​ភ្លូក​ដី ក្នុង​តម្លៃ​ថោកៗ បង់រំលស់​មិន​ចាំបាច់​មាន​លុយ​កក់​មុន គ្មាន​ការប្រាក់​ជា​ដើម។ ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ដែន​ដី និង​ឧកញ៉ា​ល្បី​ឈ្មោះ​ផ្នែក​អចលនទ្រព្យ​មួយ​រូប ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ប្រយ័ត្ន​យក​លុយ​ឲ្យ​គេ​ទទេៗ។ ចង់​ដឹង​ច្បាស់​យ៉ាង​ណា​សូម​ទៅ​ស្ដាប់​ប្រសាសន៍​លោក​ទាំង​ពីរ​ខាង​ក្រោម​នេះ៖

១) ឯកឧត្ដម ជា សុផារ៉ា

ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដីនគរោបនីយកម្ម

កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី លើក​ឡើង​ខ្លាំងៗ​ថា នៅ​ភ្នំពេញ​ សព្វ​ថ្ងៃ​មាន​ក្រុម​មនុស្ស​បោក​ប្រាស់​ច្រើន ​ដែល​ក្រសួង​កំពុង​ដោះស្រាយ។​ ឯកឧត្តម​ថ្លែង​ហាក់​ហួស​ចិត្តថា​ ក្រុមហ៊ុន​ពុះ​លក់​ដីឡូតិ៍​មួយ​មាន​ឈ្មោះជាង​ ២០ឆ្នាំ​ហើយ​ បាន​បោក​ប្រាស់​លុយ​ប្រជាជន​ ដោយ​យក​ដី​គេ​មក​ដាក់​លក់ ​ហើយ​ចាយ ៤០០ដុល្លារ ​សម្រាប់​លើក​ផ្លាក​ប៉ាន់ណូ​បំភាន់​ភ្នែក។

រដ្ឋមន្ត្រី​ក្រសួង​ដែនដី មានប្រសាសន៍​ថា៖ «​មនុស្ស​ម៉ាក្រុមហ៊ុន​ បានដាក់​លក់ដីឡូតិ៍​បោកប្រាស់…​ហើយ​គាត់(អតិថិជន) ជា​មន្រ្តី​រាជការ ភាគ​ច្រើន​ជា​គ្រូ​បង្រៀន បាន​ទៅ​ទិញ​គម្រោង(​ដីឡូតិ៍​ពុះ​លក់)​ហ្នឹង ហើយ​ក្រុមហ៊ុន​យកបាន​ប្រាក់កក់ ​ហើយ​យក​ដីគេលក់​ ឡើង​គម្រោង​ ហើយ​គាត់​(អតិថិជន) ​បង់​លុយ​ប៉ាច់ ​វា ​(ក្រុមហ៊ុន)​រត់បាត់​»។

តំបន់​ដីឡូតិ៍​ពុះលក់​ បានរីកសាយ​តាម​ជាយ​ក្រុងភ្នំពេញ​ និង​មានក្រុមហ៊ុន​បានលើក​ផ្លាក​ដាក់លក់​ ក្នុង​តម្លៃ​ផ្សេងៗ​គ្នាទៅ​តាមទីតាំង​ដែល​គ្រោង​នឹង​អភិវឌ្ឍនៅ​ពេល​យូរ និងឆាប់​។ ​ម្យ៉ាង មួយរយៈ​ចុងក្រោយ​នេះ តំបន់​ដីឡូតិ៍​ពុះលក់​ជាច្រើន​កំពុង​ហក់ឡើង​ខ្លាំងតាម​ជាយ​ក្រុង​ ​ ច្រើនមាន​នៅតំបន់​សំរោង​អណ្ដែត​ ទំនប់កប់​ស្រូវ ​ទំនប់ទឹក​ ​ភ្នំរាប​ និង​នៅតំបន់​តាខ្មៅ​ជាដើម​។

២) ឧកញ៉ា សៀឫទ្ធី

ឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក​ក្រុមហ៊ុន WorldBridge

តាម​រយៈ​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ Sabay ឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក​ក្រុមហ៊ុន WorldBridge ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​រឿង ​ដី​ ផ្ទះ​ប្រកាស​លក់​ថោក​ៗ​​ពេញ​ហ្វេសប៊ុក​ត្រឹម​១​ម៉ឺន​ដុល្លារ ២​ម៉ឺន​ដុល្លារ គ្មាន​ការ​ប្រាក់ គ្មាន​លុយ​កក់​ ប្រយ័ត្ន​យក​លុយ​ឱ្យ​គេ​ទទេៗ។ អ្នក​ជំនួញ​ដ៏​ល្បី​ល្បាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​គួរ​ប្រយ័ត្ន​ពីព្រោះ​បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ​ មិន​ដឹង​ថា​នរណា​ជា​នរណា​ទេ។ ឧទាហរណ៍​ថា អ្នក​លក់​មាន​ដី​មួយ​ឡូត៍​ពុះ​លក់​នៅ​ក្នុង​ប្លង់​មេ​មិន​បាន​ដាក់​ថា កន្លែង​ណា​លូ​? កន្លែង​ណា​ផ្លូវ​ទេ? ហើយ​នៅ​ពេល​ដែល​រដ្ឋ​ចេញ​​ច្បាប់​មក​ត្រូវ​ថយ​ ត្រូវ​កាត់​ អ្នក​ដែល​ប៉ះពាល់​គឺ​​​អ្នក​ទិញ​នោះ​ហើយ​។ ដូច្នេះ​នៅ​ពេល​មាន​បញ្ហា​តើ​ទៅ​សួរ​អ្នក​ណា?

តើ​អ្នក​ណា​ជា​អ្នក​ដោះ​ស្រាយ? ​មក​ដល់​ចំណុច​នេះ​លោក ឧកញ៉ា សៀ ឫទ្ធី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «បើ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​លើក​ទឹក​ចិត្ត​គាត់​ឱ្យ​ទៅ​ទិញ​ដី​ ផ្ទះ​ទាំង​នោះ​ទេ មុន​នឹង​ទិញ​ត្រូវ​ពិនិត្យ​មើល​ក្រុមហ៊ុន​ឱ្យ​បាន​ច្បាស់​លាស់ បើ​គ្រាន់​តែ​ជា​បុគ្គល​ម្នាក់​ប្រជាពលរដ្ឋ​មិន​គួរ​ប្រថុយ​នោះ​ទេ បើ​ប្រថុយ​មនុស្ស​ម្នាក់​យក​លុយ​យើង​បាត់ តើ​យើង​ទៅ​រក​រឿង​អ្នក​ណា? បើ​ជា​ក្រុមហ៊ុន​មាន​រដ្ឋ​ជា​អាណាព្យាបាល​ការពារ ហើយ​ចំពោះ​បុគ្គល​ពន្ធ​ក៏​មិន​បង់​ ឈ្មោះ​ក្រុមហ៊ុន​ក៏​មិន​មាន។» ​ទាំង​ឯកឧត្ដម ជា សុផារ៉ា និង​ឧកញ៉ា សៀ ឫទ្ធី បាន​ផ្ដល់​ជា​យោបល់​ថា ដើម្បី​ជៀសវាង​ករណី​ទិញ​ដីឫ​ផ្ទះ​ចាញ់​បោក​គេ ត្រូវ​សិក្សា​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១) ត្រូវ​សិក្សា​ផ្លូវ​ច្បាប់​ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​ដី​នៅ​តំបន់​នោះ ស្ថិត​នៅ​ក្នុង​ដី​ប្រភេទ​ណា? ជា​ដី​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឬ​ទេ? តើ​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ពុះ​លក់​ឬ​ក៏​អត់? តាម​រយៈ​ការ​ស៊ើបសួរពីអាជ្ញាធរ និង​មេ​ភូមិ មេឃុំ​ជាដើម។

២) ប្រជាពលរដ្ឋ​ត្រូវ​សិក្សា​មើល​ថា​​ ជា​ក្រុមហ៊ុន​អ្វី? មាន​ចុះ​បញ្ជី​ច្បាស់លាស់​ឬ​ក៏​អត់?

៣) ត្រូវ​ពិចារណា​ថា ដី​ ឫ​ផ្ទះ​លក់​ថោកៗ​គ្មាន​ការ​ប្រាក់ គ្មាន​ប្រាក់​កក់​នោះ ប្រាកដ​ជា​មិន​អាច​ទុក​ចិត្ត​បាន​ទេ ទោះ​តម្លៃ​ត្រឹម​ ៥ ០០០​ដុល្លារ ឫ​៦ ០០០​ដុល្លារ តែ​នេះ​ជា​លុយ​ដែល​ប្រជាពលរដ្ឋ​ខំ​រក​ដោយ​លំបាក ជា​ញើស​ជា​ឈាម​យក​​ឱ្យ​គេ​ស្រួល​ៗ​ម្ល៉េះ?

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ topnews4khmer