យល់ដឹងពីច្បាប់! តើអំពើ “លួច” និង “ប្លន់” មានទោសយ៉ាងណាខ្លះ?

គ្មានទេបទល្មើស «ប្លន់» នាពេលបច្ចុប្បន្ននេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សិស្សនិសិ្សត និងអ្នកពាក់ព័ន្ធទាំងឡាយត្រូវចងចាំ។ ដើម្បីបកស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី បទល្មើស «ប្លន់» និង «លួច» មកបកស្រាយដូចខាងក្រោម៖

បទល្មើស «ប្លន់» ធ្លាប់ត្រូវបានបញ្ញត្តិក្នុងមាត្រា៣៤ នៃបទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល គឺសម័យកាលក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារី ឬ សម័យអ៊ុនតាក់ ជាទូទៅត្រូវបានហៅថា «ច្បាប់ព្រហ្មទណ្ឌអន្តរកាល» ដែលត្រូវបានដាក់ឲ្យអនុវត្តតាំងពី ១៩៩២ មក និយមន័យនៃបទល្មើសប្លន់ ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលខាងលើបានកំណត់និយមន័យថា៖

(រូបតំណាង)

១៖ ជនណាដែលបានលួច ឬប៉ុនប៉ងនឹងលួចជនណាម្នាក់ទៀត ដែលមានស្ថានទម្ងន់ទោសទាំងនេះ៖
* ការលួចធ្វើដោយអំពើហិង្សា, មានអាវុធ ឬឥតអាវុធ, បណ្ដាល ឬមិនបណ្ដាលឲ្យមានរបួស
* ឬការលួចនោះបានធ្វើឡើងដោយមានគ្នាច្រើន ឬដោយមានគាស់ទំលុះទំលាយ ។

២៖ អំពើលួចប្លន់ គឺការបន្លំយកទ្រព្យសម្បត្ដិអ្នកដ៏ទៃ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
ហើយជនដែលប្រព្រឹត្តបទល្មើសប្លន់ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៣ (បី) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។ ក្រោយមកបទល្មើសប្លន់នេះ ត្រូវបានលុបចោល តាមរយៈនៃការចូលជាធរមាននៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ដែលនឹងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ ។ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ខាងលើនេះ មិនមានចែងអំពីបទល្មើសប្លន់ទៀតឡើយ ប៉ុន្តែសញ្ញាណនៃបទល្មើសប្លន់ ត្រូវបានដាក់បញ្ចូលទៅក្នុងបទល្មើសមួយទៀត ដែលត្រូវបានឲ្យឈ្មោះថាបទល្មើស «លួច» ដែលមានចែងក្នុងបញ្ញត្តមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ និងត្រូវឲ្យនិយមន័យថា៖ «អំពីលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទិ្ធរបស់ខ្លួន»

ដោយឡែកចំពោះកំរិតទោសដែលត្រូវផ្តន្ទាជនដែលបានប្រព្រឹត្តបទល្មើស «លួច» ត្រូវបានកំណត់ និងបែងចែកខុសៗគ្នា តាមរូបភាពនៃអំពើ ឬ/និង ទំហំព្យសនកម្ម (ផលប៉ះពាល់) ដែលកើតចេញពីអំពើលួចនោះ ដោយត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៦ (ប្រាំមួយ) ខែ ទៅដល់ ៣០ (សាមសិប) ឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។ ទោសដែលត្រូវផ្តន្ទាសម្រាប់បទល្មើសលួច ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រូវបានកំណត់ និងបែងចែកដូចខាងក្រោម៖

* មាត្រា៣៥៦៖ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៦ (ប្រាំមួយ) ខែ ទៅ ០៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។

* មាត្រា៣៥៧៖ «ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា» អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៣ (បី) ឆ្នាំ ទី ១០ (ដប់) ឆ្នាំ ក្នុងករណីដូចតទៅ៖

១៖ អំពើលួចនេះ ប្រព្រឹត្តទៅមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ។
២៖ អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ ទម្លុះទម្លាយ ។

* មាត្រា ៣៥៨ “ស្ថានទម្ងន់ទោសដោយសារមានការកាត់អវយវៈ ឬ ពិការភាព”
អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ដែលនាំឲ្យមានការកាត់អវយវ ឬ ពិការភាពអចិន្ត្រៃយ៍។

* ៣៥៩ «ស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬអំពើឃោរឃៅ» អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្ត មុនពេល ក្នុងពេល ឬ ក្រោយពេល ប្រើទារុណកម្ម ឬ អំពើឃោរឃៅ ។
* មាត្រា ៣៦០ «ស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ» អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្ត មុនពេល ក្នុងពេល ឬ ក្រោយពេល ប្រើហិង្សាដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។

សរុបមកវិញ ចាប់តាំងពីក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ចូលជាធរមាន រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមិនមានទៀតឡើយនូវបទល្មើស «ប្លន់» គឺមានតែបទល្មើស «លួច» ដែលដូចមានរៀបរាប់ខាងលើ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋឈប់មានការយល់ច្រឡំ និងប្រើប្រាស់ខុសនូវឈ្មោះបទល្មើសខាងលើតទៅទៀត។

កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោកស្រី នូ ពិសី ជំនួយការមេធាវី និងជាសមាជិកក្រុមស្រាវជ្រាវច្បាប់

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោកស្រី នូ ពិសី ជំនួយការមេធាវី និងជាសមាជិកក្រុមស្រាវជ្រាវច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖president@ciclg.comគេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ freshnewsasia