តោះមកស្គាល់កាក់ ឆ្លាក់រូបព្រះបាទនរោត្តម ផលិតនៅក្នុងឆ្នាំ(១៨៦០~១៩០៤) (វីដេអូ)
ប្រាក់កាក់១ស្លឹងនេះផលិតនៅក្នុងឆ្នាំ(១៨៦០~១៩០៤) កាក់ក្នុងឆ្នាំ(១៨៦០~១៩០៤)មាន៣ប្រភេទ៖
១) កាក់ផលិតអំពី មាស
២) កាក់ផលិតអំពី ប្រាក់
៣) កាក់ផលិតអំពី សំរឹទ្ធិ រឺអាចហៅថា (លង្ហិន) ក៏បានជីវប្រវត្តិព្រះបាទនរោត្តម
ព្រះករុណា ព្រះបាទនរោត្តម ពេលប្រសូតមកមានព្រះនាមថា ព្រះអង្គច្រឡឹង លុះពេលចម្រើនព្រះកេសា មានព្រះនាមថា រាជាវត្តី ហៅ អង្គវត្តី លុះពេលសោយរាជ្យ មានព្រះនាមថា នរោត្តម ជាព្រះនាមបញ្ញត្តិកាលទ្រង់សាងព្រះផ្នួសនៅស្រុកសៀម ទើបឯកសារខ្លះកត់ត្រាថា ព្រះនាម នរោត្តម នេះ គឺព្រះចៅក្រុងសៀមជាអ្នកថ្វាយ។
ព្រះករុណា ព្រះបាទ នរោត្តម ប្រសូតនៅថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំមមែ សប្តស័ក គ្រិស្ដសករាជ ១៨៣១ នាខេត្តមង្គលបុរី (សព្វថ្ងៃស្រុកមង្គលបុរី ខេត្តបាត់ដំបង) ជាបុត្រនៃអ្នកម្នាង ប៉ែន និង ព្រះករុណា អង្គឌួង។ កាលទើបប្រសូត ព្រះបរមរាជបិតា គឺព្រះបាទអង្គឌួង ទ្រង់សព្វព្រះទ័យនឹងបុត្រាអង្គនេះណាស់ ហើយបានប្រទានព្រះនាមថា “ ព្រះអង្គច្រឡឹង” ។ ភាសាខ្មែរ ពាក្យថា “ ច្រឡឹង” មានន័យថា “ ដែលមានរាងតូចស្អាតសមឥតទាស់ភ្នែក”។
បើតាមឯកសារ មហាបុរសខ្មែរ របស់លោក អេង សុទ្ធ បានឱ្យដឹងថា នៅពេលព្រះអង្គច្រឡឹង ប្រសូតមក អ្នកបម្រើបានយកសុកទៅកប់ មិនយូរថ្ងៃប៉ុន្មានក៏បង្កើតជាហេតុអស្ចារ្យ មានដើមពោធិមួយដើមដុះនៅកន្លែងកប់សុកនោះ ។ អ្នកខេត្តមង្គលបុរី នាំគ្នាហៅថា “ ពោធិហ្លួង” រហូតមកដល់សព្វថ្ងៃ។
លុះដល់ខែពិសាខ ឆ្នាំមមែ នព្វស័ក ពុទ្ធសករាជ ២៣៩១ គ្រិស្ដសករាជ ១៨៤៧ ព្រះករុណា អង្គឌួង បានរៀបចំចម្រើនព្រះកេសាព្រះអង្គម្ចាស់ ច្រឡឹង ហើយប្រទាននាមថា “រាជាវត្តី” ហើយជួនកាលត្រូវគេហៅថា “ព្រះអង្គវត្តី” ឬ “ អង្គវត្តី” ។ ទោះជាព្រះបុត្រា អនាគតក្សត្រខ្មែរអង្គនេះ មានព្រះនាមជាផ្លូវការថា រាជាវត្តី ក្តី ក៏គេនៅតែហៅព្រះនាមថា “ច្រឡឹង” ដដែល។
លុះដល់ថ្ងៃ១៥កើត ខែជេស្ឋ ឆ្នាំមមែ នព្វស័កដដែលនោះព្រះករុណា អង្គឌួង បានបញ្ជាបង្គាប់មន្ត្រីខ្ញុំរាជការឱ្យរៀបក្បួនដង្ហែ ព្រះអង្គម្ចាស់ រាជាវត្តី ទៅសាងផ្នួសជាសាមណេរនៅក្នុងសំណាក់ព្រះមហាសង្ឃរាជ នូ នាវត្តក្រាំងពន្លៃ ក្រុងឧដុង្គមានជ័យ ហើយទ្រង់រាជបញ្ញត្តិវត្តនោះថា “ រាជបព្វជិត” តាំងពីពេលនោះមក ។ លុះចេញព្រះវស្សា ទើបព្រះអង្គលាចាកសិក្ខាបទមកវិញ ។
ខែអាសាធ ឆ្នាំរោង អដ្ឋស័ក ពុទ្ធសករាជ ២៤០០ គ្រិស្ដសករាជ ១៨៥៦ ព្រះចៅចមក្លាវ ព្រះរាជានៃក្រុងសៀម បានចាត់មន្ត្រីរាជការឱ្យដង្ហែព្រះអង្គម្ចាស់ រាជាវត្តី បំពេញឧបសម្បទាជាភិក្ខុ ក្នុងវត្តបរមនិវេស ស្រុកសៀម ក្នុងគណៈធម្មយុត្តិកនិកាយ ។ប្រពៃណី និងវិន័យបញ្ញត្តិ ក្នុងព្រះពុទ្ធសាសនា បុគ្គលណាក៏ដោយបន្ទាប់ពីបានឧបសម្បទាជាភិក្ខុហើយ ត្រូវមាននាមបញ្ញត្តិមួយទៀតទីទៃពីឈ្មោះដើមរបស់ខ្លួន ឯការដាក់នាមបញ្ញត្តិនោះ គឺជាកាតព្វកិច្ចរបស់ឧបជ្ឈាយ៍ (ភិក្ខុដែលជាអ្នកបំបួសកុលបុត្រឱ្យក្លាយជាភិក្ខុ) ជាអ្នកដាក់ឱ្យ ហើយជាទូទៅការដាក់នាមបញ្ញត្តិនោះទៀតសោតគឺត្រូវជ្រើសរើសទៅតាមថ្ងៃ ខែ និង ឆ្នាំកំណើតរបស់នវភិក្ខុ(ភិក្ខុទើបបានបួសថ្មី) នោះ ។ ឧទាហរណ៍ជាក់ស្តែង ដូចជាសម្តេចព្រះមហាសង្ឃរាជ ជួន ណាត បន្ទាប់ពីបានបំពេញឧបសម្បទា ជាភិក្ខុរួចមក ព្រះឧបជ្ឈាយ៍បានដាក់នាមបញ្ញត្តិ ព្រះអង្គថា “ ជោតញ្ញាណោ” ។ ចំណែកព្រះអង្គម្ចាស់ រាជាវត្តី បន្ទាប់ពីបានបំពេញឧបសម្បទាជាភិក្ខុមក មាននាមបញ្ញត្តិថា “ នរោត្តម “ ភិក្ខុ។
អត្ថន័យក្នុងភាសាបាលី ពាក្យថា “ នរោត្តម” មកពីពាក្យថា “ នរៈ=មនុស្ស , ជន , បុគ្គល…(សំដៅដល់មនុស្សប្រុស) + ឧត្តម= ប្រសើរ, ខ្ពង់ខ្ពស់, ថ្លៃថ្លា ” ។ បូកបញ្ចូលគ្នាទៅពាក្យថា “ នរោត្តម” ដែលជាព្រះនាមបញ្ញត្តិ នៃព្រះភិក្ខុ រាជាវត្តី នេះ ប្រែថា “ បុគ្គល ឬ ជនដ៏ប្រសើរ, បុគ្គល ឬ ជនខ្ពង់ខ្ពស់ , បុគ្គល ឬ ជនថ្លៃថ្លា ” ។ ព្រះនាមបញ្ញត្តិនេះ ត្រូវបានដាក់ថ្វាយដោយគិតតាមថ្ងៃ ខែ និង ឆ្នាំប្រសូតរបស់ព្រះអង្គម្ចាស់រាជាវត្តី ភិក្ខុ ដោយគិតតាមគតិព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ។
ព្រះករុណាអង្គឌួង បានសោយទិវង្គត នៅថ្ងៃ៥កើត ខែកត្តិក ឆ្នាំមមែ ពុទ្ធសករាជ ២៤០៣ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា គ្រិស្ដសករាជ ១៨៥៩ បន្ទាប់ពីបានសោយរាជ្យរយៈពេល ១៩ឆ្នាំ ។ ក្រុមប្រឹក្សាសេនាបតីមន្ត្រីជាន់ខ្ពស់បានជំនុំពិភាក្សាគ្នា ជ្រើសរើសព្រះអង្គម្ចាស់រាជាវត្តី ដែលកំពុងមានឋានៈជាមហាឧបរាជស្រាប់ផងឱ្យឡើងសោយរាជ្យបន្តពី ព្រះបិតា តាមបណ្តាំរបស់ព្រះរាជសព ។ នៅពេលឡើងសោយរាជ្យនោះ ព្រះអង្គម្ចាស់រាជាវត្តី មហាឧបរាជ សព្វព្រះទ័យនឹងព្រះនាម នរោត្តម ជានាមបញ្ញត្តិ កាលព្រះអង្គចូលបំពេញឧបសម្បទា ។ គេក៏បានថ្វាយព្រះនាមព្រះនវរាជ្យ (ស្តេចថ្មី) អង្គនេះថា សម្តេចព្រះនរោត្តមព្រហ្មបរិរក្ស ហើយក៏ត្រូវបានគេស្គាល់ព្រះនាមខ្លីមកថា “ ព្រះបាទ “នរោត្តម” តរៀងមក។
ឯកសារខ្លះអះអាងថា ព្រះនាម “ នរោត្តម” នេះ ជាព្រះនាមដែលព្រះចៅចមក្លាវ នៃ ប្រទេសសៀមជាអ្នកថ្វាយ ។ ប៉ុន្តែតាមប្រពៃណីព្រះពុទ្ធសាសនា បុគ្គលទីទៃពីព្រះឧបជ្ឈាយ៍ ទោះបុគ្គលនោះមានឋានៈជាអ្វីក៏ដោយ ក៏ពុំមានកាតព្វកិច្ចដាក់នាមបញ្ញត្តិនេះដល់ភិក្ខុដែលទើបបានបួស នោះឡើយ ។
ទោះយ៉ាងណា បើវិភាគទៅលើបរិបទសាសនាទៅនឹងសម័យកាលនោះ យើងអាចសន្និដ្ឋានបានថា ដោយសារព្រះអង្គម្ចាស់រាជាវត្តី ជាមនុស្សក្នុងរាជវង្ស ហើយត្រូវបានព្រះរាជាសៀមជាអ្នកបញ្ជូនចូលបួសផងនោះ ជាហេតុនាំឱ្យឧបជ្ឈាយ៍មានភាពស្ទាក់ស្ទើរមិនហ៊ានអារកាត់ដាក់នាម បញ្ញត្តិដល់នវភិក្ខុរូបនេះតែអង្គឯងឡើយ ទើបបន្ទាប់ពីបានសម្រិតសម្រាំងនាមបញ្ញត្តិមក ក៏បាននាំយកទៅទូលសុំការព្រមព្រៀងសព្វព្រះទ័យពីព្រះរាជាក្រុងសៀម គឺព្រះចៅចមក្លាវ ផងដែរ ។ ប្រហែលជាដោយប្រការនេះឯងហើយ ទើបបានជាមានឯកសារខ្លះហ៊ានអះអាងថា ព្រះនាម “ នរោត្តម” នេះ គឺជានាមដែលត្រូវបានថ្វាយដោយព្រះចៅ ចមក្លាវ នៃក្រុងសៀម ។
ជាសរុបមកវិញ ព្រះនាម “ នរោត្តម” ជានាមនៃព្រះមហាក្សត្រខ្មែរអង្គនេះ ត្រូវបានថ្វាយបន្ទាប់ពីព្រះអង្គបានបំពេញឧបសម្បទាជាភិក្ខុនៅ ប្រទេសសៀម។ ឯនាមដើមរបស់ព្រះអង្គគឺ “ ច្រឡឹង”ហើយព្រះនាមជាផ្លូវការគឺ “ រាជាវត្តី “ ឬ “ អង្គវត្តី”៕
ព្រះករុណា ព្រះបាទនរោត្តម
តោះមកទស្សនាវីដេអូទាំងអស់គ្នា៖
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ morningfresh