លោក ផៃ ស៊ីផាន អះអាងថា “កម្ពុជា មិន​បារម្ភ​ចំពោះ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់ EU ឡើយ”

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន អះអាង​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) របស់​សហភាព​អឺរ៉ុប មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​កម្ពុជា ​ក៏​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​នេះ​នា​ពេល​ខាងមុខ​ដ៏​ខ្លី​ដែរ​ ដោយសារតែ​តាម​កំណើន​សេដ្ឋកិច្ច​សរុប​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា មិន​មាន​គម្រោង​ដើម្បី​ចរចា សុំ​ឲ្យ​សហភាព​អឺរ៉ុប​ស្ដារ​ឡើងវិញ​នូវ​វិធានការ​របស់​ពួកគេ​ទេ ដោយ​លើកឡើង​ថា កម្ពុជា​អាច​រស់​បាន​ដោយ​គ្មាន​ការ​ពឹង​ផ្អែកលើ​សេដ្ឋកិច្ច​ប្រទេស​ដទៃ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន

«ចំពោះ​កម្ពុជា​អាច​រស់​ខ្លួនឯង​បាន​ដែរ​តើ ដោយ​ឈរ​លើ​កម្លាំង​សេដ្ឋកិច្ច ដូច្នេះ​ការប្រើប្រាស់​ពាក្យ​ថា ដាក់ទណ្ឌកម្ម ការប្រើប្រាស់​ពាក្យ​ថា ផល​ប៉ះពាល់​ដល់​កម្ពុជា អានេះ​ជា​ភាសា​ម៉ាក់​ងាយ​ដល់​កម្ពុជា ពីព្រោះ​កម្ពុជា ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ផលិតផល សម្រាប់​លក់​លើ​ទីផ្សារ​ទូទាំង​ពិភពលោក មិនមែន​សម្រាប់​តែ​ទីផ្សារ​អឺរ៉ុប​ទេ»។ មន្រ្តី​រាជរដ្ឋាភិបាល​ដដែល​នេះ បាន​លើកឡើង​បន្ថែម។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៥ តុលា សហភាព​អឺរ៉ុប អះអាង​ថា ខ្លួន​បាន​ជូនដំណឹង​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា រួចរាល់​ហើយ អំពី​ចំណាត់​ការ​ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឈ្មោះ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA ។ សហភាព​អឺរ៉ុប​គូស​បញ្ជាក់​ថា ចំណាត់​ការ​នេះ គឺ​ដោយសារតែ ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ។

​លោក​ស្រី ​​Cecilia ​Malstrom​ ស្នងការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម

ផ្អែក​តាម​បទ​បទបញ្ញត្តិ របស់​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប ក្រោយ​ស្នងការ​អឺរ៉ុប ជូនដំណឹង​ទៅ​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អំពី​ការអនុវត្ត​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ស្នងការ​អឺរ៉ុប​នឹង​ធ្វើ​ការ​តាមដាន និង​វាយតម្លៃ​ស្ថានភាព​ក្នុង​ប្រទេស​ទទួល​អត្ថប្រយោជន៍​រយៈពេល ៦​ខែ​ទៀត ចាប់ពី​ពេល​ជូនដំណឹង​នេះ។ ក្នុង​រយៈពេល ៦​ខែ​បន្ទាប់​ពី​ចប់​រយៈពេល​ខាងដើម​នេះ ស្នងការ​អឺរ៉ុប នឹង​ធ្វើ​សេចក្ដីសម្រេចចិត្ត ថា​តើ​គួរ​បញ្ឈប់​នីតិវិធី​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​នេះ ឬ ធ្វើការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន នេះ​តែម្ដង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay