តិចអត់ដឹង! ប្រទេសចំនួន២ នៅលើលោក ទើបតែប្តូរឈ្មោះថ្មី នៅក្នុងឆ្នាំ២០១៨នេះ

ការផ្លាស់ប្តូរ​ឈ្មោះ​របស់​ប្រទេស គឺជា​រឿង​ស្មុគស្មាញ និង​ត្រូវ​ប្រឈម​នឹង​ការប៉ះពាល់​ខ្លាំង​ទាំង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ប្រវត្តិសាស្ត្រ កត្តា​ទំនាក់ទំនង​អន្តរជាតិ និង​ជាពិសេស​នោះ​ការ​ចងក្រម​ច្បាប់​ក្នុងស្រុក​ជាដើម​។ ក៏ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៨ នេះ មាន​ប្រទេស​ពីរ​រួចទៅហើយ បានសម្រេច​ផ្លាស់ប្តូរ​ឈ្មោះ​របស់ខ្លួន ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ និង​ដើម្បី​ផលប្រយោជន៍​ទំនាក់ទំនង​របស់​ប្រទេស​។​

​នៅ​ខែមេសា​កន្លងទៅ ដែលជា​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ មហាក្សត្រ Mswati ទី​បី បានប្រកាស​ជា​ផ្លូវការ​ក្នុងការ​ផ្លាស់ប្តូរ​ឈ្មោះ​របស់​ប្រទេស​ពី​ស្វា​ស៊ី​ឡង់ (Swaziland) ទៅជា​អ៊ី​ស្វា​ទី​នី eSwatini) ក្រោម​ហេតុផល​ដើម្បី​បញ្ចៀស​ការយល់ច្រលំ​ជាមួយនឹង​ប្រទេស ស្វី​ស ( Swizerland) ដែលជា​ប្រទេស​អ្នកមាន​របស់​ពិភពលោក ខណៈ​ស្វា​ស៊ី​ឡង់ គឺជា​ប្រទេស​ក្រីក្រ​របស់​ពិភពលោក​លោក​នោះ​។​

​ការផ្លាស់ប្តូរ​នេះដែរ ក៏​ជា​ចេតនា​មួយ​របស់​ព្រះមហាក្សត្រ Mswati ទី​បី ដែល​ចង់​បង្ហាញថា ប្រទេស​ខ្លួន មិន​ស្ថិតនៅក្រោម​កម្អែល​ឥទ្ធិពល​នៃ​ប្រទេស​ម្ចាស់​អាណានិគម​ទៀតឡើយ ហើយ ក៏​ជាការ​បង្ហាញ​មុខមាត់​ថ្មី​ក្នុងការ​ប្តេជ្ញាចិត្ត​កសាង​ប្រទេស​ដែល​កំពុងតែ​ស្ថិតក្នុង​វិបត្តិ​ផងដែរ​នោះ​។ ស្វា​ស៊ី​ឡង់ ឬ​អ៊ី​ស្វា​ទី​នី ធ្លាប់​ក្រោម​អាណានិគម​របស់​អង់គ្លេស​រហូតដល់​ឆ្នាំ ១៩៦៨ ទើប​បញ្ចប់​។​

​ពីរ​ខែ​ក្រោយមក ពោលគឺ​នៅ​ខែមិថុនា​កន្លងទៅ រដ្ឋាភិបាល​ក្រិ​ក និង​រដ្ឋាភិបាល​ម៉ា​សេ​ដ្វា​ន បាន​ឯកភាពគ្នា​ក្នុងការ​សម្រេច​ផ្លាស់ប្តូរ​ឈ្មោះ​របស់​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី​ម៉ា​សេ​ដ្វា​ន​ឲ្យ​ទៅជា ម៉ា​សេ​ដ្វា​ន​ខាងជើង​។ បច្ចុប្បន្ន ឈ្មោះ​នេះ មិនទាន់​អនុវត្ត​ជា​ផ្លូវការ​នៅឡើយ​នោះទេ ដ្បិត​វា​ស្ថិតនៅ​ក្នុងដំណាក់កាល​នៃ​ការសម្រេច និង​ឯកភាព​តាម​នីតិវិធី​ផ្ទៃក្នុង​របស់​ប្រទេស​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ ការផ្លាស់ប្តូរ​ឈ្មោះ​ប្រទេស តាមរយៈ​កិច្ចព្រមព្រៀងទ្វេភាគី​មួយ​នេះ ធ្វើឡើង​ដើម្បី​ធានា​បញ្ចប់​វិវាទ​រាប់​សតវត្ស​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ការអភិវឌ្ឍ និង​ពិសេស​នោះ​ដើម្បី​បញ្ចប់​កង្វល់​របស់​ប្រជាជន​ក្រិ​ក ដែល​បាន​យល់ឃើញថា ការដាក់​របស់​ម៉ា​សេ​ដ្វា​ន ជា​ចេតនា​មិនល្អ​មួយ ដ្បិត ក្រិ​ក ក៏មាន​រដ្ឋ​មួយ​របស់ខ្លួន មានឈ្មោះ ម៉ា​សេ​ដ្វា​ន​ដែរ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey