ក្តៅចិត្តនឹងបុគ្គលិក Microsoft ឌឺដងឱ្យខ្លួនពេក ធ្វើឱ្យ Steve Jobs ផលិត Iphone ល្បីល្បាញដល់សព្វថ្ងៃនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ទើបតែប្រកាសបង្ហាញ iPhone ជំនាន់ថ្មី 3ម៉ូដែលផ្សេងគ្នា គឺ iPhone Xs, Xs Max និង XR ដែលសុទ្ធសឹងតែជាកំពូលស្មាតហ្វូន ជាពិសេសគឺតម្លៃខ្ពស់ស្ទើរនឹកស្មានមិនដល់។

គិតមកដល់បច្ចុប្បន្នក្រុមហ៊ុន Apple បានបញ្ចេញលក់ iPhone ជាច្រើនលានគ្រឿង និងកំពុងតែ​ល្បី​ល្បាញយ៉ាងខ្លាំងនៅក្នុងពិភពស្មាតហ្វូន និងស្ទើរតែគ្រប់គ្រងទីផ្សារបានទាំងមូល។ ទាំងនេះគឺជាគំនិត​ច្នៃ​ប្រឌិត និងជាមរតក​ដ៏អស្ចារ្យរបស់លោក Steve Jobs បិតាស្ថាបនិក Apple និងជាអ្នកបង្កើត iPhone ផងដែរ។

តើលោកអ្នកមានដឹងទេថា ហេតុអ្វីបាន ជា Steve Jobs សម្រេចចិត្តបង្កើត iPhone ទាំងដែល​លោក​មិន​ដែលមានបំណងចង់បង្កើតវាឡើងផងនោះ?

យោងតាមសៀវភៅជីវប្រវត្តិរបស់ Steve Jobs ដែលសរសេរឡើងដោយលោក Walter Isaacson បានឱ្យដឹងថា លោកJobs បង្កើត iPhone ឡើងដោយសារតែលោកខឹងនឹងបុគ្គលិកម្នាក់របស់ក្រុមហ៊ុន​ Microsoft។ តើ​ដើម​ចម​នៃ​រឿងនោះយ៉ាងណាដែរ?

យោងតាមការបញ្ជាក់នៅក្នុងសៀវភៅជីវប្រវត្តិរបស់ Steve Jobs បានឱ្យដឹងថា នៅថ្ងៃមួយមានបុគ្គលិករបស់ក្រុមហ៊ុន Microsoft ម្នាក់បានអញ្ចើញលោកស្រី Laurene Powell ដែលត្រូវជាភរិយារបស់លោក Steve Jobs ទៅចូលរួម​នៅក្នុងកម្មវិធីខួបកំណើតមួយនៅគេហដ្ឋានរបស់គេផ្ទាល់ដោយលោក Steve Jobs ក៏បានទៅចូលរួមជាមួយដែរ។ ខណៈដែលកម្មវិធីកំពុងតែសប្បាយរីករាយ បុរសដែលបម្រើ​ការងារនៅក្នុងក្រុមហ៊ុន Microsoft បាននិយាយបែបឌឺដង និងចំអែចំអន់ដាក់ Steve Jobs ថា ក្រុមហ៊ុន Microsoft កំពុងតែបង្កើតឧបករណ៍មួយដ៏អស្ចារ្យប្រើ Touch Screen ដែលមិនទាន់មាន​ក្រុម​ហ៊ុនណាផលិតឡើងនៅឡើយ ជាពិសេសគឺមិនភ្ជាប់មកជាមួយនូវប៊ិច (Stylus) ទៀតផង។

សំដីនោះបានធ្វើឱ្យ Jobs ខឹងយ៉ាងខ្លាំង និងថែមទាំងបាននិយាយទៅកាន់ភរិយាខ្លួនថា លោកនឹងធ្វើឱ្យគេ (បុគ្គលិកបម្រើការងារនៅ Microsoft) ស្គាល់ថា អ្វីទៅ ជាTablet ពិតប្រាកដ។ លុះព្រឹកឡើង Jobs បាន​ទៅដល់​ក្រុមហ៊ុន និងបានប្រកាសប្រជុំបុគ្គលិកកំពូលៗឱ្យផលិតឧបករណ៍ថ្មីមួយដែលប្រើ Touch Screen តែមិនប្រើប៊ិច និងប៊ូតុងឡើយដោយទុកពេលឱ្យ 6ខែ។

ថ្ងៃកំណត់បានមកដល់ ទីបំផុតក្រុម​ការងារបានបង្កើតឧបករណ៍ថ្មីដូចអ្វីដែល Jobs ចង់បានប៉ុន្តែឧបករណ៍នោះធំមិនដូច iPhone ឡើយ តែវាជា​ iPad។ ក្រោយពីសម្រេចចិត្តរួច Jobs បានកែប្រែឧបករណ៍នោះឱ្យទៅជា iPhone វិញ និងបានប្រកាសដាក់បង្ហាញនូវថ្ងៃទី29 ខែមិថុនា ឆ្នាំ2007 ដែលជាថ្ងៃកែប្រែប្រវត្តិសាស្ត្រសម្រាប់ Apple ហើយ​ក៏ជាថ្ងៃចាប់ផ្ដើមនៃភាពជោគជ័យនៅលើទីផ្សារស្មាតហ្វូនផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ lareine