ភ្ញាក់ផ្អើល! ស្រីលង្កា ប្រកាស មិនឱ្យនាំចូល​រថយន្ត និង​ផលិតផល​ប្រណីតទៀតឡើយ

ស្រីលង្កា កាលពី​ថ្ងៃ​សៅរ៍ កន្លងមក បានចេញ​សេចក្តីណែនាំ​លើ​ការកម្រិត​នៃ​ការ​នាំចូល​រថយន្ត និង​ផលិតផល​ប្រណីត​ពី​បរទេស ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការធ្លាក់ចុះ​រូបិយ​បណ្ណ​រូពី​របស់ខ្លួន​។​

​ក្រសួង​ហិរញ្ញវត្ថុ​របស់​ស្រីលង្កា បាន​ហាមឃាត់​ស្ថាប័នរដ្ឋ​ក្នុងការ​នាំចូល​រថយន្ត​សម្រាប់​រយៈ​ពេញ​មួយឆ្នាំ​។ រីឯ​មន្ត្រី​រដ្ឋាភិបាល ក៏​គ្មាន​សិទ្ធិ​នាំចូល​រថយន្ត​តាមរយៈ​ពន្ធ​អនុគ្រោះ​រយៈពេល​៦​ខែ​ផងដែរ​។​

​យោងតាម​ការផ្សាយ​រប​ស់ AFP បណ្តា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​ស្រីលង្កា សុទ្ធតែ​ទទួលបាន​លិខិត​ណែនាំ​ទាក់ទង​នឹង​កម្រិត​នៃ​ការផ្តល់​កម្ចី​សម្រាប់​ការទិញ​យានយន្ត ស្មា​ត​ហ្វូ​ន ម៉ាស៊ីនត្រជាក់ ទឹកអប់ ទូរទស្សន៍ និង​ផលិតផល​មានតម្លៃ​ផ្សេងទៀត​ផងដែរ​។​

​ដូចជា​បញ្ហា​នៅ​តួ​ក​គី អា​ហ្ស​ង់​ទីន ឬ​ឥណ្ឌា​យ៉ាង​ដូច្នោះ​ដែរ រូបិយ​ប​ណ្ឌ​រូពី​របស់​ស្រីលង្កា ធ្លាក់ចុះ​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​ទៅនឹង​លុយ​ដុល្លារ​។ ចាប់តាំងពី​ដើមឆ្នាំ​២០១៨ មក រូពី​ស្រីលង្កា បាន​ធ្លាក់​តម្លៃ​ជាង​១០​ភាគរយ ដោយ​កាលពី​ចុង​សប្តាហ៍​មុន ១៧០​រូពី​ដូរ​បាន​១​ដុល្លារ ខណៈ​កាលពី​ខែមករា ១៥៥​រូប​ពី​ស្មើ​១​ដុល្លារ​។​

​កាលពី​ខែសីហា រដ្ឋាភិបាល​ស្រីលង្កា បាន​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​តូចៗ រួច​ម្តង​ហើយ​។ បើតាម​ធនាគារកណ្តាល ការ​នាំចូល​ទំនិញ បានធ្វើ​ស្រីលង្កា ជួប​នូវ​ឱនភាព​ពាណិជ្ជកម្ម ៤,៩​ពាន់​លាន​ដុល្លារ​អាមេរិក នា​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨ ពោលគឺ​កើនឡើង​៧០០​លាន​ដុល្លារ​បន្ថែមទៀត នា​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey