គួរយល់ដឹង! តើមូលហេតុអ្វីបានជា ឡានពណ៌ខ្មៅ ក្តៅជាងឡានពណ៌ស?

តើ​រថយន្ត​ពណ៌​ខ្មៅ មាន​សីតុណ្ហភាព​ក្តៅ​ជាង​រថយន្ត​ពណ៌​ស ឬ​ពណ៌​ភ្លឺៗ​ដទៃ​ទៀត នៅ​ពេល​ថ្ងៃ​ក្តៅ​មែន​ដែរ​ឬ​ទេ? (អ្នកអាច​​នឹង​ដឹង​កាន់​តែ​ច្បាស់ ប្រសិន​បើ​អ្នក​កំពុង​ប្រើ​រថយន្ត​ពណ៌​ខ្មៅ)

តាមរយៈ​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ប្រសិន​បើ​អ្នក​ចត​រថយន្ត​ពណ៌​ខ្មៅ នៅ​ក្រោម​កម្តៅ​ថ្ងៃ នោះ​វា​នឹង​ឆាប់​ក្តៅ ហើយ​បៀម​កម្តៅ​ជាប់​ក្នុង​រថយន្ត​យូរ​ទៀត​ផង។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​អ្នក​យក​រថយន្ត​ពណ៌​ខ្មៅ និង​រថយន្ត​ពណ៌​ស ទៅ​ចត​នៅ​ក្រោម​កម្តៅ​ថ្ងៃ នោះ​រថយន្ត​ពណ៌​ខ្មៅ​នឹង​ក្តៅ​ខ្លាំង​ជាង ហើយ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​ឲ្យ​វា​ត្រជាក់​វិញ។

ហេតុ​អ្វី​បាន​ជា​រថយន្ត​ពណ៌​ខ្មៅ ក្តៅ​ជាង​រថយន្ត​ពណ៌​ស?

ការ​សិក្សា​នៅ​ក្នុង​ឆ្នាំ ២០១១ មួយ​បាន​រក​ឃើញ​ថា រថយន្ត​ពណ៌​ស ឬ​ពណ៌​ភ្លឺ មាន​ចំណាំង​ប្លាត​កម្តៅ​ព្រះអាទិត្យ រហូត​ដល់​ទៅ ៦០% ឯណោះ បើ​ប្រៀបធៀប​ជាមួយ​រថយន្ត​ពណ៌​ខ្មៅ។ វា​មាន​ន័យ​ថា រថយន្ត​ពណ៌​ខ្មៅ​ស្រូប​យក​កម្តៅ​ព្រះអាទិត្យ និង​កម្តៅ​ផ្សេង​ទៀត​ខ្លាំង​ជាង​រថយន្ត​ពណ៌​ផ្សេង ហើយ​មាន​ចំណាំង​ប្លាត​តិច​ជាង​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា រថយន្ត​ពណ៌​ស ឬ​ពណ៌​ភ្លឺ ជួយ​ឲ្យ​រថយន្ត​សន្សំ​សំចៃ​សាំង​បាន ២% ហើយ​ថែម​ទាំង​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន ជិត ២% ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា សីតុណ្ហភាព​នៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ និង​រថយន្ត​ពណ៌​ផ្សេង​ទៀត មិនមែន​ជា​បញ្ហា​ធំ​ឡើយ នៅ​ពេល​ដែល​រថយន្ត​របស់​អ្នក​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ដែល​ដំណើរការ​ល្អ និង​ត្រជាក់​ខ្លាំង។ ផ្ទុយ​ទៅ​វិញ វា​ប្រហែល​អាច​ជា​បញ្ហា​មួយ ប្រសិន​បើ​អ្នក​ធ្វើដំណើរ​ផ្លូវ​ជិត ហើយ​ម៉ាស៊ីន​ត្រជាក់​មិន​អាច​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​រថយន្ត​ត្រជាក់​ទាន់​ពេល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia