ស៊យធំហើយ! ស្រី្តម្នាក់ នាំគូស្នេហ៍ ទៅដេកនៅសណ្ឋាគារ តែជិះចំប្តីជាអ្នកបើកតាក់ស៊ី ….

ស្ត្រី​ម្នាក់​ដែល​រស់នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី និង​សង្សារ​របស់ខ្លួន បាន​ចុច​ហៅ Uber ឆ្ពោះទៅកាន់ ម៉ូ​តែ​ល​មួយកន្លែង​។ ចៃដន្យ​ដ៏​អាក្រក់​បំផុត ស្ត្រី​ដែល​លបលួច​មាន​ប្រុស​ស្នេហ៍​រូបនោះ ប៉ះចំ​អ្នកបើកបរ ដែលជា​ស្វាមី​ពេញ​ច្បាប់​របស់ខ្លួន​។

​តាម​ការផ្សាយ​របស់​សារព័ត៌មាន​កូ​ឡុំ​ប៊ី El Espectador ស្ត្រី​ឈ្មោះ Yeimy និង​បុរស​ឈ្មោះ Jesus Barrios មាន​ទំនាក់ទំនង​ស្នេហ៍​លួចលាក់​ជាង​១​ឆ្នាំ​មកហើយ ប៉ុន្តែ​ត្រូវ​បែកការ​ខ្ទេច ដោយសារតែ​អ្នកបើកបរ Uber ដែល​ខ្លួន​ហៅ​ជិះ គឺជា​ស្វាមី​។​

​គូស្នេហ៍​លួចលាក់ បាន​ជួបគ្នា​នៅក្នុង Santa Marta ហើយ​បាន​ព្រមព្រៀងគ្នា​ទៅ​ស្នាក់នៅ​ម៉ូ​តែ​ល​មួយ​។ គាប់​ជួន​ពេលនោះ​នោះ ស្វាមី​របស់ Yeimy បាន​ខ្ចី​រថយន្ត​មិត្តភក្តិ​ម្នាក់ និង​ប្រើ​គណនី Uber មិត្តភក្តិ​រូបនោះ ក្រោម​ឈ្មោះថា Leonardo ដូច្នេះ​វា​មិនមាន​សញ្ញា​ណាមួយ​ដែល​ចោទ​ជា​បញ្ហា​ឡើយ​សម្រាប់ Yeimy​។​

​គ្រាន់តែ​រថយន្ត​ទៅដល់​ទីតាំង​ភ្លាម Yeimy និង​ស្វាមី មើលឃើញ​គ្នា​យ៉ាងច្បាស់​។ សារព័ត៌មាន​កូ​ឡុំ​ប៊ី បាន​រាយការណ៍​ខុសៗ​គ្នា​លើ​ករណីនេះ ដោយ​ខ្លះ​បាន​លើកឡើងថា Yeimy បាន​ព្យាយាម​អន្តរាគមន៍​នៅពេល​ស្វាមី​ខ្លួន​ស្ទុះ​ទៅ​វាយ​សា​ហាយ ហើយ​ខ្លះ​បានសរសេរថា សា​ហាយ​ស្មន់​ទាំងពីរ​ព្យាយាម​រត់គេចខ្លួន​។​

​ក្រោយមក​រឿងរ៉ាវ​ទាក់ទង​នឹង Yeimy ហាក់​ត្រូវបាន​គេ​បំភ្លេចចោល ពីព្រោះ Uber បាន​ផ្តោត​តែ​លើ​ករណី​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​គណនី​។ អ្នក​ដែល​កុន​ខ្លួន​នោះ គឺ​ម្ចាស់​គណនី​ឈ្មោះ Leonardo ដែល​បាន​អនុញ្ញាតិ​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​គណនី Uber របស់ខ្លួន​។​

​ក្រុមហ៊ុន Uber បាន​បញ្ជាក់ថា ម្ចាស់​គណនី​រូបនោះ បាន​រំលោភ​លើ​លក្ខន្តិកៈ​។ ក្រុមហ៊ុន​អះអាងថា​៖ «App របស់ Uber តម្រូវ​ឲ្យ​អ្នកបើកបរ និង​ប្រើប្រាស់​សេវាកម្ម បង្ហាញ​អត្តសញ្ញាណ​របស់ខ្លួន​ច្បាស់លាស់ ក្នុងនោះ​មានដូចជា​ឈ្មោះ រូបថត ម៉ូ​ដែល​រថយន្ត និង​លេខ​ទូរ​សព្ទ​ជាដើម​»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey