សិង្ហបុរីតូចមែន តែមានយោធាខ្លាំងខ្លា សូម្បីនាយករដ្ឋមន្រ្តីម៉ាឡេស៊ីសព្វថ្ងៃក៏ខ្លាចរអារដែរ

ចុងខែ​កញ្ញា​កន្លងទៅ នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​ផុត​គេ​លោក មហា​ធៀ មហាម៉ាត់ បាន​បញ្ជាក់ថា ម៉ាឡេស៊ី​មិន​ចង់បាន​សម្ព័ន្ធភាព​យោធា​ជាមួយ​ប្រទេស​ណាមួយ​ឡើយ ហើយក៏​មិន​ចង់​មាន​សង្គ្រាម​ឬ​ជម្លោះ​ជាមួយ​ប្រទេស​ណា​ដែរ​ជាពិសេស​ង្ហ​បុរី​ជា​មិត្ត​ជិតខាង​។ លោក​ក៏​ទទួលស្គាល់ថា យោធា​ម៉ាឡេស៊ី​មិនអាច​ប្រៀប​យោធា​សិង្ហ​បុរី​ឡើយ​។

​ពេល​ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៏​ចុងខែ​កញ្ញា​កន្លងទៅនេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ បានផ្តល់​ប​ឋ​កថា​មួយ​ទៅកាន់ វិទ្យាស្ថាន​កិច្ចការបរទេស​ជុំវិញ​បញ្ហា​អនាគត​នៃ​ប្រជាធិបតេយ្យ​នៅ​អាស៊ី​។ ពេលនោះ​លោក​បានលើកឡើង​ច្រើន​ជុំវិញ​គោលនយោបាយ​ការពារជាតិ​របស់​ម៉ាឡេស៊ី​បច្ចុប្បន្ន​។​

នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​ផុត​គេ​លោក មហា​ធៀ មហាម៉ាត់

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama នាយករដ្ឋមន្ត្រី​វ័យ ៩៣​ឆ្នាំ​រូបនេះ​បាន​អះអាងថា ម៉ាឡេស៊ី​មិន​ចង់​មាន​សម្ព័ន្ធភាព​យោធា និង​អនុញ្ញាត​ឲ្យ​មាន​ការបើក​មូលដ្ឋានទ័ព​នៅ​លើដី​ម៉ាឡេស៊ី​ឡើយ​។ ម៉ាឡេស៊ី​ក៏​រឹតតែ​មិន​ត្រូវការ​ជម្លោះ​ឬ​សង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ដែរ​។

«​យើង​ចង់​មាន​ឯករាជភាព និង​សេរីភាព​ពី​ប្រទេស​ដទៃ ហើយ​យើង​ក៏​មិន​ចង់​ពាក់ព័ន្ធ​នឹង​កិច្ចការ​ប្រទេស​ដទៃ​ដែរ​»​។ លោក មហា​ធៀ និយាយ​ដូច្នេះ​។​
​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ពន្យល់​បន្ថែម​ផងដែរ​ថា ថ្វីបើ​ម៉ាឡេស៊ី​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ការពារជាតិ​ប្រទេស​ប្រាំ (FPDA) ដែល​ត្រូវធ្វើ​ការងារ​រួមគ្នា​ក៏ដោយ ក៏​វា​មិន​មានន័យថា ម៉ាឡេស៊ី​ត្រូវ​ដើរ​តាម​នយោបាយ​ប្រទេស​ទាំង​នោះដែរ​។ ម៉ាឡេស៊ី​នៅតែមាន​សិទ្ធិ​អនុវត្ត​គោលនយោបាយ​ផ្ទាល់ខ្លួន​ដដែល​។​

កងទ័ពរបស់ប្រទេសសិង្ហបុរី

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ ១៩៧១ ដោយមាន​សមាជិក​ប្រាំ​មាន​ម៉ាឡេស៊ី​, អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​, សិង្ហ​បុរី និង​អង់គ្លេស​។​

​បន្ថែម​ពី​និយាយ​រឿង​គោលជំហរ​មិន​ចង់បាន​សម្ព័ន្ធភាព​យោធា លោក មហា​ធៀ ក៏បាន​ឆ្លៀត​ឆ្លើយតប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈមមុខគ្នា​មួយចំនួន​ជាពិសេស​ជម្លោះ​ដែន​កោះ​ដែល​កើតមានឡើង​រវាង​ម៉ាឡេស៊ី និង​ប្រទេស​ជិត​ដូចជា​សិង្ហ​បុរី ក៏ដូចជា​ឥណ្ឌូណេស៊ី​។

​លោក មហា​ធៀ ចង់​សំដៅលើ​បញ្ហា​ជម្លោះ​ដែលមាន​ជាមួយ​សិង្ហ​បុរី​លើ​សំណុំរឿង​កោះ Pulau Batu Putih ដែលជា​អ្វីដែល​លោក មហា​ធៀ មិន​ពេញចិត្ត​ព្រោះ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាត់ក្តី​ថា វា​ជា​កម្មសិទ្ធិ​សិង្ហ​បុរី​។ ចំណែក​មួយទៀត​ជម្លោះ​កោះ Ligitan និង Sipadan ជាមួយ​ឥណ្ឌូណេស៊ី ។ លោក មហា​ធៀ ពេញចិត្ត​ការសម្រេចរ​បស់​តុលាការអន្តរជាតិ​ព្រោះ ម៉ាឡេស៊ី​ជា​អ្នក​ដែល​ឈ្នះក្តី​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា វា​ជា​រឿង​ចាំបាច់​ដែល​ភាគី​ត្រូវគោរព​សេចក្តីសម្រេច​របស់​តុលាការ​។​

កងទ័ពរបស់ប្រទេសសិង្ហបុរី

​ជុំវិញ​បញ្ហា​ផ្សេងទៀត​ដែល​ម៉ាឡេស៊ី​មាន​ជាមួយ​សិង្ហ​បុរី នាយករដ្ឋមន្ត្រី​ទី​ប្រាំពីរ​របស់​ម៉ាឡេស៊ី​រូបនេះ​បាន​និយាយថា ម៉ាឡេស៊ី​នៅតែ​រក្សា​ជំហរ​ក្នុង​ការចរចា​លើ​បញ្ហា​ទាំងនោះ​ព្រោះថា ម៉ាឡេស៊ី​គ្មាន​ចេតនា​ណាមួយ​ចង់​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​ដូចជា​សិង្ហ​បុរី​ឡើយ​។ លោក​ក៏​ទទួលស្គាល់​ដែរ​ថា សិង្ហ​បុរី​ជា​ប្រទេស​ដែលមាន​ឥទ្ធិពល និង​មានអំណាច​យោធា​ខ្លាំង ពោលគឺ​ខ្លាំង​ជាង​ម៉ាឡេស៊ី បើទោះជា​ប្រទេស​នេះ​មាន​ទំហំ​តូច​ក៏ដោយចុះ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey