អស្ចារ្យ! ព្រះមហាក្សត្រខ្មែរ៣អង្គ ដែលគ្រប់គ្រងទឹកដីមានព្រំប្រទល់ដល់ភូមា និងចិន

នៅក្នុង​សម័យអង្គរ ព្រះរាជា​ទាំងឡាយ​មិន​ត្រឹមតែ​ជា​មេដឹកនាំ​ប្រកបដោយ​ទេពកោសល្យ​ក្នុងការ​សាង​សមិទ្ធផល​សំណង់​ដ៏​អស្ចារ្យ​នៅលើ​ពិភពលោក​ទេ តែ​ជា​ក្សត្រ​ដ៏​អង់អាច​ក្លាហាន​ក្នុង​កិច្ចការពារ និង​ពង្រីក​ទឹកដី​ថែម​ទៀតផង​។​ ​សូម​លើកឡើង​និយាយ​ពី​ព្រះរាជា​សម័យអង្គរ​បី​ព្រះអង្គ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៣ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ និង​ព្រះបាទ​យ​សោ​វរ្ម័នទី​១​។​

​ទី​១) ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ (៨៥៤-៨៧៧)

​បន្ទាប់ពី​ព្រះបាទ​ជ័យ​វរ្ម័នទី​២ សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​៨៥០ ឬ​ឆ្នាំ​៨៥៤ មក ព្រះរាជបុត្រ ព្រះអង្គ​ព្រះនាម​ជ័យ​វរ្ម័នទី​៣ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ស្នង​ពី​ព្រះបិតា​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ដែលមាន​និស្ស័យ​ពី​កំណើត គឺ​សព្វព្រះទ័យ​តែ​នឹង​សាង​អំពើ​ល្អ ទ្រង់​សោយរាជ្យ​ដោយ​សុខសន្តិភាព​ក្នុង​រយៈពេល​យ៉ាងយូរ ហើយ​ធ្វើឱ្យ​ប្រទេស​កាន់តែ​ប្រសើរឡើង និង​រុងរឿង​ជា​លំដាប់ ដែលជា​មរតក​បន្ត​ពី​បិតា​ព្រះអង្គ​បាន​បន្សល់​ទុកឱ្យ​។

សូមជម្រាបថា ព្រះអង្គ​ទ្រង់មាន​ចំណង់ និង​ចំណូល​ព្រះទ័យ​ខាង​ប្រមាញ់​ដំរី​ណាស់​។ មិនតែប៉ុណ្ណោះ ទ្រង់​ក៏បាន​សាង​ប្រាសាទ​មួយចំនួន​នៅ​តំបន់​អង្គរ​ទៀតផង​។​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទ្រង់​គង់នៅ​រាជធានី​ហរិ​ហ​រា​ល័យ (​រលួស​) រហូតដល់​គ្រិស្ដសករាជ ៨៧៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ទៅដោយ​គ្មាន​បន្សល់​បុត្រ​ស្នងរាជ្យ​បន្ត​ឡើយ​។ ក្នុងពេលដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ ទ្រង់មាន​ព្រះ​មរណនាម​ថា វិស្ណុ​លោក​។​

​ទី​២) ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ (៨៧៧-៨៨៩)

ក្រោយពី​ព្រះបាទ​ជ័យ​វរ្ម័នទី​៣ ទ្រង់​សោយ​ទិវង្គត ដោយ​គ្មាន​បុត្រ​ស្នងរាជ្យ​ផង​នោះ ប្អូនជីដូនមួយ​របស់​ព្រះអង្គ​មាន​ព្រះនាម​ឥន្ទ្រ​វរ្ម័នទី​១ ក៏ត្រូវ​ទទួល​រាជ្យសម្បត្តិ​បន្ត​ពី​ព្រះអង្គ​នៅ​ឆ្នាំ​៨៧៧ នៃ​គ្រិស្ដសករាជ​។ គួររម្លឹកថា ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ជា​ព្រះមហាក្សត្រ​អង់អាច​ក្លៀវក្លា មាន​ស្នា​ព្រះហស្ត​យ៉ាងច្រើន​ក្នុង​កិច្ចការ​ការពារ និង​កសាង​ប្រទេសជាតិ​។

​ពោល​ក្រោយ​ពេលដែល​ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ក្នុង​ឆ្នាំ​៨៧៧ ទ្រង់​បាន​ចាត់​ឱ្យគេ​ជីក​បារាយណ៍ គឺ​អាងទឹក​មួយ​យ៉ាង​ធំ​ស្ថិតនៅ​ខាងជើង​រាជធានី ដែលមាន​បណ្តោយ​ប្រវែង​៣​គីឡូម៉ែត្រ និង​ទទឹង​៨០០​ម៉ែត្រ ឈ្មោះថា ឥន្ទ្រ​តា​ដាក ដែល​បានផ្តល់​ផលប្រយោជន៍​យ៉ាង​ធំ​ចំពោះ​វិស័យ​កសិកម្ម​។ លុះ​នៅ​ឆ្នាំ​៨៧៩ ព្រះអង្គ​បាន​កសាង​ប្រាសាទ​ព្រះ​គោ ជា​ប្រាសាទ​ដែលមាន​ប្រាង្គ​ឥដ្ឋ​ចំនួន​ប្រាំមួយ តម្រៀប​គ្នា​ជា​ពីរ​ជួរមុខ​ក្រោយ ស្ថិតនៅលើ​ខឿន​តែមួយ ដើម្បី​ឧទ្ទិស​ចំពោះ​បុព្វការី​ជន​របស់​ព្រះអង្គ គឺ​មាតាបិតា ជីដូន​ជីតា ខាង​ព្រះ​មាតា និង​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ព្រមទាំង​ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ​ផងដែរ​។​

​លុះ​នៅ​ឆ្នាំ​៨៨១ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ទ្រង់​បាន​កសាង​ប្រាសាទបាគង នៅ​ចំ​កណ្ដាល​រាជធានី​ហរិ​ហ​រា​ល័យ ដែលជា​ប្រាសាទភ្នំ​សាង​អំពី​ថ្មភក់​ដំបូង មាន​ខឿន​បី​ជាន់​សម្រាប់​តម្កល់​លិង្គ​ទេវរាជ​ដែលមាន​ឈ្មោះថា ឥ​ន្ទ្រេ​ស្វរៈ ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​មួយ​នៅលើ​ភ្នំ​បា​យ៉ង់ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​សិវៈ​។ ក្រៅពី​សំណង់​ទាំងឡាយ​នេះ ទ្រង់មាន​ស្នា​ព្រះហស្ត​សំខាន់​ទៀត គឺ​ការរៀបចំ​លំដាប់ថ្នាក់​ក្នុង​ព្រះរាជ​វង្ស និង​ព្រះរាជ​បរិពារ​ជាន់ខ្ពស់ ដែល​ស្ថិតក្នុង​ប្រព័ន្ធ​អ្នកដឹកនាំ​ជាតិ ដែល​គេ​ឃើញ​ព្រះរាជា​ខាងក្រោយៗ ព្រះអង្គ​ទ្រង់​បាន​អនុវត្ត​បន្ត​គ្នា​អស់​ពេល​ច្រើន​សតវត្សរ៍​។​

​សូមជម្រាបថា ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ទឹកដី​ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ ហើយ​ទំនង​ជាមាន​សុខសន្តិភាព​បរិបូណ៌​ទៀតផង​។ ចំពោះ​នយោបាយ​ក្រៅប្រទេស​វិញ ព្រះអង្គ​បាន​រឹតចំណង​ការទូត​ជាមួយ​ប្រទេស​ចិន ប្រទេស​ចំប៉ា និង​កោះ​ជ្វា​។ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៨៨៩ នៃ​គ្រិស្ដសករាជ ដោយ​ទទួល​ព្រះ​មរណនាម​ថា ព្រះ​ឥ​ស្វរៈ​លោក​។​

​ទី​៣) ព្រះបាទ​យ​សោ​វរ្ម័នទី​១ (៨៨៩-៩០០) និង​ការកសាង​ក្រុង​អង្គរ​លើក​ទី​១

​លុះ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ចូល​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​ស្នង ដោយមាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​យ​សោ​វរ្ម័នទី​១​។ ព្រះបាទ​យ​សោ​វរ្ម័នទី​១ ជា​ព្រះមហាក្សត្រ​ដែល​ទ្រង់​ជាប់​ខ្សែលោហិត​នឹង​ព្រះរាជា​មុនៗ​ទាំងអស់ ដែល​បាន​សោយរាជ្យ​បន្ត​គ្នា​ជាច្រើន​សតវត្សរ៍​នៅ​ប្រទេស​កម្ពុជា​។ ព្រះអង្គ​ទ្រង់​ជា​ព្រះរាជា​មួយ​ព្រះអង្គ ដែល​សិក្សា​បាន​ជ្រៅជ្រះ​បំផុត​ពី​គ្រូបាធ្យាយ​របស់​ព្រះអង្គ គឺ​ព្រះគ្រូ​ព្រាហ្មណ៍​វ​មៈសិ​វៈ ដែលជា​សាវៈ​របស់​គ្រូ​សិវៈ​សោម ហើយ​ព្រះអង្គ​ក៏​ជា​ព្រះមហាក្សត្រ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ ដែលមាន​ស្នា​ព្រះហស្ត​អស្ចារ្យ​ក្នុង​កិច្ចការពារ និង​កសាង​ប្រទេសជាតិ​។​

​ក្រោយពី​ទ្រង់​បាន​ឡើងគ្រងរាជ្យសម្បត្តិ​ភ្លាម ព្រះបាទ​យ​សោ​វរ្ម័នទី​១ ទ្រង់​បាន​កសាង​អាស្រម​ដែលមាន​ឈ្មោះថា យសោធរា​ស្រម​ចំនួន​១០០ និង​សិលាចារឹក​ជាច្រើន​នៅក្នុង​ផ្ទៃ​ប្រទេស ហើយ​ទ្រង់​បាន​កសាង​ប្រាសាទលលៃ នៅ​កណ្ដាល​បារាយណ៍​ឥន្ទ្រ​តា​ដាក ដែលជា​ស្នា​ព្រះហស្ត​របស់​ព្រះបិតា​ព្រះអង្គ​ផង​។ ប្រាសាទលលៃ​នេះ ជា​ប្រាសាទ​សាង​អំពី​ឥដ្ឋ មាន​ប្រាង្គ​៤ តម្រៀប​ជា​ពីរ​ជួរមុខ​ក្រោយ សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះ​មាតា​ព្រះបិតា និង​ជីដូន​ជីតា​ខាង​ព្រះ​មាតា​ព្រះអង្គ​។​ ប្រហែលជា​មកពី​រាជធានី​ហរិ​ហ​រា​ល័យ មាន​សំណង់​ផ្សេងៗ និង​ប្រាសាទ​ច្រើន ហើយ​ស្ថិត​នៅក្បែរ​មាត់បឹង​ទន្លេសាប​ពេក ដែលនាំឱ្យ​មានការ​ពិបាក​ក្នុង​ការកសាង​សំណង់​ផ្សេងៗ​ទៀត ទើប​ព្រះបាទ​យ​សោ​វរ្ម័នទី​២ សម្រេច​ប្ដូរ​រាជធានី​ពី​ហរិ​ហ​រា​ល័យ រលួស មក​សាង​រាជធានី​ថ្មី​នៅ​ភាគ​ខាងលិច​វិញ​។​

​សូមបញ្ជាក់ថា ព្រះបាទ​យ​សោ​វរ្ម័នទី​១ នេះហើយ ដែល​ទ្រង់​សាង​ទីក្រុង​អង្គរ​ទី​១ មាន​ឈ្មោះថា “​យ​សោធ​បុ​រៈ​” ដែលមាន​ភ្នំ​បាខែង នៅ​ចំ​កណ្ដាល ហើយ​សាង​ប្រាសាទ​បាខែង​នៅលើ​ភ្នំ​នេះ​សម្រាប់​តម្កល់​ទេវ​លិង្គ​ស្រី​យ​សោធ​រេ​ស្វរៈ នៅ​ឆ្នាំ​៨៩៣​។ ចំណែក​នៅលើ​ភ្នំ​ក្រោម និង​ភ្នំ​បូក ដែល​ស្ថិត​អម​សងខាង​ភ្នំ​កណ្ដាល​នេះ ទ្រង់​បាន​សាង​ប្រាសាទ​មាន​ប្រាង្គ​បី សម្រាប់​ឧទ្ទិស​ចំពោះ​ត្រី​មូរ​តិ គឺ​ព្រះព្រហ្ម ព្រះ​វិស្ណុ និង​ព្រះ​ឥសូរ ដើម្បី​ធានា​ទឹក​ប្រើប្រាស់ និង​មុខរបរ​កសិកម្ម​ជា​ចម្បង​។ ក្រៅពីនេះ ទ្រង់​បាន​ជីក​បារាយណ៍ ខាងកើត ទៅខាង​ទិសឦសាន នៃ​រាជធានី​ថ្មី​នេះ ដែលមាន​បណ្តោយ​ប្រវែង​៧ គីឡូម៉ែត្រ និង​ទទឹង​១.៨០០​ម៉ែត្រ ហៅថា យ​សោធ​រៈត​ដាក​។​ក្នុង​រាជ្យ​ព្រះអង្គ សាសនា​ទាំងអស់​មានការ​រីកចម្រើន និង​សុខសាន្ត​នឹង​គ្នា​ណាស់​។

ផែនទីសម័យមហានគរ

នៅលើ​ច្រាំង​ខាងត្បូង​នៃ​បារាយណ៍​នេះ ព្រះអង្គ​ទ្រង់​ឱ្យ​កសាង​អាស្រម​ជាច្រើន​សម្រាប់​គណៈ​សាសនា​ផ្សេងៗ មាន​ព្រា​ហ្ម​ណា​ស្រម សម្រាប់​អ្នក​កាន់សាសនា​គណៈ​ព្រះ​ឥសូរ វៃ​ស្ន​វា​ស្រម ជាច្រើន​សម្រាប់​អ្នក​កាន់សាសនា​ព្រះ​វិស្ណុ និង​សៅ​គ​តា​ស្រម សម្រាប់​អ្នក​កាន់សាសនា​ព្រះពុទ្ធ​។​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ទ្រង់​ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន ដែល​សិលាចារឹក​បានបញ្ជាក់​អំ​ពី​ការ​លើកទ័ព​ទៅ​ច្បាំង​ជាមួយ​នគរ​ចំប៉ា និង​ទទួលបាន​ជោគជ័យ​ចំបាំង​ជើង​ទឹក​មួយ ទៅលើ​ពួកចោរ​សមុទ្រ ដែល​ប្រើ​សំពៅ​មាន​ក្តោង​ពណ៌​ស ដែល​អាចជា​សំពៅ​របស់​ពួក​ចាម ឬ​ជា​សំពៅ​របស់​ពួក​ឥណ្ឌូនេស៊ី ថែម​ទៀតផង​។​

​រម្លឹកថា ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​ដដែល​នេះ ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំហំ​ធំ​ទូលាយ​ណាស់ គឺ​ខាងជើង​ទល់នឹង​ខេត្ត​យូ​ណាន់ ប្រទេស​ចិន ខាងលិច​ទល់នឹង​ប្រទេស​ភូមា ខាងកើត​ទល់នឹង​ប្រទេស​ចំប៉ា ខាងត្បូង​ទល់នឹង​សមុទ្រ​។ ព្រះបាទ​យ​សោ​វរ្ម័នទី​១ ទ្រង់​គ្រងរាជ្យ​ពី​ឆ្នាំ​៨៨៩ ហើយ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​៩០០ នៃ​គ្រិស្ដសករាជ ដោយមាន​ព្រះ​មរណនាម​ថា បរម​សិវ​លោក ។ ហើយ​នគរ​ខ្មែរ​ដែល​ស្គាល់​នូវ​មហានគរ​ដ៏​ធំ​រហូតដល់​ចុង​សតវត្ស​ទី ១៣ នៃ​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី ៧៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ topnews4khmer