មិនសរសើរមិនបាន! យានយន្តបើកបរតំរៀបជួរគ្នានៅតាមដងផ្លូវស្ពានគីហ្សូណាល្អណាស់

ពិតជាមានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អណាស់ អរគុណពុកម៉ែបងប្អូន ដែលឆ្លងកាត់ទឹកដីខេត្តកំពង់ចាម។ សូមគោរពជូនពររាល់ការធ្វើដំណើរប្រកបដោយសុវត្តិភាពទាំងអស់គ្នា! ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ថ្ងៃទី១០ តុលា ២០១៨ ក្រោមការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម គ្រប់កម្លាំងជំនាញពាក់ព័ន្ធ ត្រូវប្រើវិធានយ៉ាងណា ដោះស្រាយរាល់ការចរាចរធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្តិភាព កុំអោយមានកកស្ទះ ពិសេសនៅរដូវបិណ្ឌភ្ជុំនេះតែម្តង។

លោកវរៈសេនីយ៍ត្រី អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានចាត់តាំងកម្លាំងជំនាញក្រុង ចុះសហការជាមួយកម្លាំងការិយាល័យពាក់ព័ន្ធរបស់ខេត្ត បែងចែកការងារភារកិច្ច សម្រួលចរាចរ តាមតំបន់ក្នុងក្រុង បញ្ជៀសការកកស្ទះនានាជាប្រចាំ។ រាល់ការធ្វើដំណើរទាំងទៅទាំងមក ឃើញថាបងប្អូនដែលឆ្លងកាត់ទីរួមខេត្តកំពង់ចាម បានធ្វើដំណើរដោយមានរបៀបរៀបរយបំផុត មានការយោគយល់ អធ្យាស្រ័យខ្ពស់ និងគោរពបាននូវច្បាប់ចរាចរ ទើបធ្វើអោយការធ្វើដំណើរឆ្លងកាត់ទីរួមខេត្តកំពង់ចាម ប្រកបដោយភាពរលូនពុំមានការកកស្ទះ។ សូមបងប្អូនបន្តធ្វើដំណើរ ប្រកបដោយសុវត្តិភាពទាំងអស់គ្នា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ mediakhmer