បញ្ហាធ្ងន់ធ្ងរទាំង៥ចំណុច ដែលប៉ះពាល់សុខភាពសម្រាប់អ្នកចូលចិត្តញុំាមីកញ្ចប់ ឬកំប៉ុង

ការរស់នៅពេលបច្ចុប្បន្ន មានភាពរវល់ខ្លាំង ដែលធ្វើឲ្យជីវិតរស់នៅរបស់មនុស្សភាគច្រើន រកតែពេលញុំាបាយគ្មាន។ ដូច្នេះពួកគេតែងស្វែងរកនៅម្ហូបអាហារដែលអាចរៀបចំ និងបរិភោគលឿនបាន។ កត្តានេះហើយ ធ្វើឲ្យមីកញ្ចប់ក្លាយជាផលិតផលអាហារដ៏ពេញនិយម អាចរកទិញបានស្ទើរតែគ្រប់ទីកន្លែង។ ប៉ុន្តែការបរិភោគមីកញ្ចប់ ឬកំប៉ុងជាញឹកញាប់អាចផ្តល់ផលប៉ះពាល់យ៉ាងច្រើនទៅដល់សុខភាពរបស់យើងដោយពុំដឹងខ្លួន។

ខាងក្រោមនេះ ជាបញ្ហាសុខភាពទាំង៥យ៉ាង ដោយសារការបរិភោគមី៖

១) បញ្ហាប្រព័ន្ធរំលាយអាហារ

អ្នកដឹងទេថា មី ត្រូវការរយៈពេលយ៉ាងតិចណាស់ ៣ថ្ងៃដើម្បីរំលាយអស់។ ដូច្នេះហើយទើបការបរិភោគមីជាប្រចាំ ឬ ច្រើនដងក្នុងមួយសប្តាហ៍ អាចប៉ះពាល់ទៅដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ វាធ្វើឱ្យពោះវៀនស្អិត ប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹម ធ្វើឲ្យមានអារម្មណ៍មិនស្រួលខ្លួនដូចជាឆ្អល់ពោះ ចុកពោះ និង រាគទៀតផង។

២) ប៉ះពាល់ការផលិតថាមពលរាងកាយ

សារធាតុពណ៌ និងបន្ទាប់បន្សំផ្សេងទៀតដែលមានក្នុងមីចេញពីរោងចក្រ អាចបន្ថយបរិមាណនៃការផលិតថាមពលរបស់សរីរាង្គយើង។ វាបណ្តាលឲ្យយើងឡើងគីឡូ ព្រោះសារធាតុចិញ្ចឹមដូចជាស្ករ ខ្លាញ់ ពុំបានយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពទេ ជាហេតុធ្វើឲ្យវាសល់ចោលច្រើនក្នុងខ្លួន។ ក្រៅពីនេះវាធ្វើឱ្យងាយហត់ និងអស់កម្លាំងទៀតផង។

៣) ហានិភ័យនៃជំងឺមហារីក

យោងទៅតាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យដឹងថា មី ជាពិសេសមីកំប៉ុង មានផ្ទុកសារធាតុមួយចំនួនដែលគេជឿថាអាចធ្វើឲ្យមានការវិវឌ្ឍនៃជំងឺមហារីក។ ដូច្នេះអ្នកគួរកាត់បន្ថយការហូបមី បើអ្នកចង់កាត់បន្ថយហានិភ័យនៃជំងឺមហារីក។

៤) ប៉ះពាល់ថ្លើមនិងតម្រងនោម

ក៏ដូចគ្នាផងដែរ មីកញ្ចប់ ឬកំប៉ុង មានផ្ទុកសារធាតុមួយប្រភេទ ដែលគេរកឃើញថា វាអាចផ្តល់ផលអវិជ្ជមានទៅដល់ថ្លើម និងតម្រងនោម ដោយសារវាធ្វើឲ្យដំណើរការនៃការច្រោះរបស់សរីរាង្គទាំងពីរប្រភេទនេះខុសប្រក្រតីនិងបំពេញតួនាទីមិនបានល្អ។ ក្រៅពីនេះ សារធាតុនេះក៏អាចប៉ះពាល់ទៅដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយយើងទៀតផង។

៥) ឡើងសំពាធឈាម

មី ចេញពីរោងចក្រ សំបូរទៅដោយសារធាតុសូដ្យូមដែលធ្វើឲ្យវាមានរសជាតិប្រៃ។ អ្នកដឹងទេថា សារធាតុសូដ្យូមនេះ អាចបណ្តាលឲ្យសំពាធឡើងខ្ពស់លើសពីធម្មតាដែលអាចជាហានិភ័យនៃជំងឺទាក់ទងមួយចំនួនទៀតដូចជា ជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល។

សំរាប់បុគ្គលដែលមាននៅបញ្ហាជំងឺលើសឈាម ការបរិភោគមីកញ្ចប់ឬកំប៉ុងនេះ ពុំសូវជាអំណោយផលឡើយ ដូច្នេះ សូមជៀសវាងឬកាត់បន្ថយកាន់តែតិចកាន់តែល្អ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload