មិនធម្មតា!​ បច្ចេកវិទ្យាសាកបញ្ចូលថ្មល្បឿនលឿនខ្លាំងរបស់ Oppo វ៉ា​ដាច់​គេ​តែ​ម្តង

ដូចយើងបានឃើញហើយថា ក្រុមហ៊ុន Oppo កំពុងវាយលុកទីផ្សារអន្តរជាតិ និងស្រុកយើងយ៉ាងខ្លាំង ជាមួយស្មាតហ្វូនរបស់ពួកគេ ដែលពាំនាំមកជាមួយ កាមេរ៉ាថតរូបបានស្អាតទាក់ភ្នែក មនុស្សម្នាយ៉ាងច្រើន និងចេញស្មាតហ្វូន មានអេក្រង់ជា តំណក់ទឹកទៀតនោះ ក៏កាន់តែទាក់ចិត្ត យុវវ័យទៀតផង។ ក្រៅពីនេះ បច្ចេកវិទ្យាសាកបញ្ចូលថ្ម លឿនរបស់ពួកគេ ក៏មានគេចាប់អារម្មណ៍ ច្រើនផងដែរ។

មកដល់ពេលនេះ មានសារព័ត៌មានអន្តរជាតិ ដែលអាចទុកចិត្តបានមួយ ចេញផ្សាយអំពីបច្ចេកវិទ្យា សាកបញ្ចូលថ្មលឿនរបស់ Oppo ឈានមុខគេខ្លាំង នៅពេលនេះ ដែលពួកគេដាក់ឈ្មោះ បច្ចេកវិទ្យានេះថា Super VOOC ។ ពួកគេប្រើប្រាស់ បច្ចេកវិទ្យានេះ នៅលើស្មាតហ្វូនកំពូលៗ របស់ខ្លួនរួចមកហើយ។ បច្ចេកវិទ្យានេះ អាចសម្រួលដល់ថាមពលថ្ម ដែលទទួលបាន ថាមពលយឺត អាចមកលឿនវិញ អមជាមួយដុំសាកលឿនរបស់ពួកគេទៀត ធ្វើឲ្យការសាកបញ្ចូលថ្ម កាន់តែលឿនវ៉ាដាច់គេ ដោយចំណាយពេលត្រឹមតែ 35 នាទី អាចសាកពី 0 ដល់ 100 ភាគរយ។ ដូចយើងបានដឹងហើយថា Oppo ជាក្រុមហ៊ុន សាច់ញាតិជាមួយ OnePlus ក៏ពិតមែន តែបច្ចេកវិទ្យាទាំងនេះ Oppo តែងតែយកមក ប្រើប្រាស់មុន ដូចជាបច្ចេកវិទ្យា ស្កេនសម្រាមដៃ លើអេក្រង់ជាដើម។

គេបានប្រទះឃើញបច្ចេកវិទ្យា និងដុំសាកប្រភេទនេះ ភ្ជាប់មកជាមួយស្មាតហ្វូន Oppo Find X ប្រភេទ Lamborghini Edition ដែលសាកបញ្ចូលថាមពលពី 0 ដល់ 100 ភាគរយ ចំណាយពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ។ បើចំណាយពេល 10 នាទី វាអាចសាកបាន 34 ភាគរយ រីឯទំហំថ្មនោះគឺដល់ទៅ 3,400mAh ឯណោះ មិនតូចដូច iPhone ឡើយ។ បើប្រៀបធៀបជាមួយ Dash Charge របស់ OnePlus 6 វិញ ចំណាយពេល 35 នាទីនេះ មានថាមពលថ្ម ចូលត្រឹមតែ 60 ភាគរយប៉ុណ្ណោះ ដោយសារទំហំថ្ម របស់វាធំដល់ 3,600mAh ។ ណាមួយក៏គេបានដឹង ដែរថាបច្ចេកវិទ្យា Super VOOC នេះ ជាជំនាន់អាប់ដេតពី Dash Charge ដូចនេះបច្ចេកវិទ្យា ចេញមកក្រោយ តែងតែល្អជាង បច្ចេកវិទ្យាជំនាន់មុន។

សរុបមកវិញ ក្រុមហ៊ុន Oppo បានជាប់ងារជាក្រុមហ៊ុន ដែលប្រើប្រាស់បច្ចេកវិទ្យា សាកបញ្ចូលថ្ម លឿនជាងគេ វ៉ាដាច់ក្រុមហ៊ុនផ្សេងៗ ជាមួយបច្ចេកវិទ្យាដែល Oppo ហៅថា Super VOOC ។ គេបានប្រទះឃើញ បច្ចេកវិទ្យានេះ មានមកជាមួយស្មាតហ្វូន Oppo Find X ប្រភេទ Lamborghini Edition ដោយចំណាយពេល ត្រឹមតែ 35 នាទី អាចសាកថ្មពី 0 ដល់ 100 ភាគរយឯណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambo-report