ពីជនភៀសខ្លួនពីតៃវ៉ាន់ មកបង្កើតមីកញ្ចប់ និងមីកំប៉ុង ល្បីល្បាញទូទាំងពិភពលោក

មី​កំប៉ុង និង​មី​កញ្ចប់​គឺជា​ប្រភេទ​អាហារ​ម្យ៉ាង​ដែល​ងាយស្រួល​យកតាម​ខ្លួន ទុកដាក់​និង​ចម្អិន​។ វា​មានតម្លៃ​ធូរ​ថ្លៃ​និង​អាច​ដោះស្រាយ​ពេលបាយ​មួយពេលៗ​បានដែរ​។ ចំពោះ​អាហារ​កំប៉ុង​ដែល​សាមញ្ញ តើ​អ្នកដឹង​ទេ​ថា​វា​មាន​ដើមកំណើត​មកពីណា ពេលណា និង​ដោយ​អ្នកណា​?

​ជប៉ុន​ក្រោយ​ចប់​សង្គ្រាមលោកលើកទី​២ បាន​ជួបប្រទះ​គ្រោះ​ទុរភិក្ស ដែល​បង្ក​ការលំបាក​ខ្លាំង​ដល់​ប្រជាជន​និង​ការរស់នៅ​របស់​ពួកគេ​ផង​។ ដោយ​ឃើញ​ពី​ទុក្ខវេទនា​ទាំងនេះ​ផង ជាពិសេស​ឃើញ​មនុស្សម្នា​ជាច្រើន​តម្រង់​ជួរ​ចាំ​ទិញ​មី​ស្រុះ​អស់​ពេល​យូរ បុរស​ម្នាក់​ឈ្មោះ Momofuku Ando ជា​ជនជាតិ​តៃវ៉ាន់​ដែល​បាន​ភៀសខ្លួន​មក​ប្រទេស​ជប៉ុន​ក្រោយ​សម័យ​សង្គ្រាម​នោះ បាន​គិតគូរ​ព្យាយាម​រក​ដំណោះស្រាយ​។ លោក​គិតថា បើសិន​គាត់​អាច​ផលិត​មី​ម្យ៉ាងដែ​លអាច​ចម្អិន​ក្នុង​រយៈពេល​ឆាប់រ​ហ័យ​នោះ វា​នឹងមាន​ភាពងាយស្រួល​ដល់​មនុស្ស​គ្រប់គ្នា​។​

​បើតាម​ការបញ្ជា​ក់រប​ស់​សារព័ត៌មាន Vox របស់​អាមេរិក ការបង្កើត​គ្រឿងផ្សំ​និង​របៀប​ផលិត​មី​កំប៉ុង​នេះ​ឡើង​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។ លោក Ando បាន​ប្រើ​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ស្រាវជ្រាវ​របៀប​ផលិត​មី​ដែល​អាច​ទុក​បានយូរ​និង​រក្សា​រសជាតិ​នៅបាន​ល្អ​។​

​នៅ​ឆ្នាំ​១៩៥៨ មី​កញ្ចប់​របស់លោក​លើកដំបូង​បានចេញ​លក់​នៅ​ទីផ្សារ​។ ទោះយ៉ាងណា​មិញ វា​មិនសូវ​ជាមាន​ប្រជាប្រិយភាព​ឡើយ​ក្នុងចំណោម​មហាជន​។ មួយឆ្នាំ​ក្រោយមក គាត់​លក់ដាច់​បាន ១៣​លាន​កញ្ចប់ និង​បាន​ទាក់ទាញ​អ្នក​វិនិយោគទុន​ជាច្រើន​។ នៅ​ឆ្នាំ​១៩៧១ លោក Ando បាន​បង្កើត​មី​កំប៉ុង ដើម្បី​បង្ក​ភាពងាយស្រួល​ដល់ការ​ចម្អិន​បន្ថែមទៀត​។

​ចាប់ពីពេលនោះ​មក មី​កំប៉ុង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​វប្បធម៌​មួយ​នៃ​ប្រទេស​ជប៉ុន និង​បាន​កែប្រែ​មុខមាត់​ប្រទេស​នេះ​យ៉ាង​ឆាប់រ​ហ័សដែរ​។ លោក Momofuku Ando បានទទួល​មរណភាព​នៅ​ឆ្នាំ​២០០៧ ក្នុង​អាយុ​៩៦​ឆ្នាំ ដែល​កាលនោះ​ក្រុមហ៊ុន​ផលិត​មី​របស់គាត់​មាន​តំលៃ​ជាង​៣០០​លាន​ដុល្លា​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey