ក្រសួង ប្រកាសមិនឱ្យមានការបោះសំរាម ឬ​ក្រដាស​ជូត​មាត់ក្រោមតុ នៅតាម …………

ក្រសួងទេសចរណ៍ នឹងដាក់​ចេញ​នៅ​បទ​បញ្ញា​ត្តិ​ដល់​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន និង​រមណីយដ្ឋាន​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍ បញ្ឈប់​ការបោះ​ចោល​សំរាម ឬ​ក្រដាស​ជូត​មាត់​នៅក្រោម​តុ​អាហារ​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ​។

«​អ្វីដែល​យើង​ចង់បាន​គឺថា​កុំ​ឲ្យ​មាន​សំរាម​នៅ​គ្រប់​តំបន់​គោលដៅ​ទេសចរណ៍​ជាពិសេស យើង​ចង់​ធ្វើ​ឲ្យ​ឃើញ​នៅ​ឆ្នាំ​២០១៩​នឹង​គឺថា​កម្ពុជា ឈប់​ឲ្យ​មាន​ការបោះ​សំរាម​ចោល​ក្រោម​តុ នៅ​គ្រប់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ទាំងអស់ នៅតាម​គោលដៅ​ទេសចរណ៍​ទាំងអស់​ត្រូវតែ​ស្អាត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​កន្លងមក​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ស្នើ​ឲ្យ​គ្រប់ភាគី​ចូលរួម​អនុវត្តន៍ និង​យល់ដឹង​ពី​បញ្ហា​បរិស្ថាន​ទាំងអស់គ្នា​ដើម្បី​កម្ពុជា​ទទួលបាន​ភាព​ស្អាត និង​ប៉ៃ​តង ជាពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​អ្នកវិនិយោគ​បរទេស ឱ្យមក​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។

​លោក​លើកឡើងថា​៖ «​ភាព​ស្អាត និង​ភាព​បៃតង​បានធ្វើ​ឱ្យមាន​ភាព​ទាក់ទាញ​ណាស់​ពី​ភ្ញៀវទេសចរ ហើយ​គោលដៅ​ទេ​ចរណ៍​ស្អាត និង​បៃតង​នេះ កម្ពុជា​នឹង​អាចធ្វើ​បាន​»​។​

​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បានស្នើ​សុំ​គ្រប់​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន រមណីយដ្ឋាន​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ និង​រក្សា​តម្លៃ​ដើម​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey