សាកលវិទ្យាល័យទាំង ១០ ដែលមានតម្លៃសិក្សាថ្លៃជាងគេបំផុតនៅលើពិភពលោក

សាលា គឺថ្នាលបណ្តុះនូវចំណេះដឹង និងជំនាញសម្រាប់សិស្ស/និស្សិត ហើយជាពិសេសជាកន្លែងដែលទទួលការអប់រំ និងផ្តល់ដំបូន្មានដល់សិស្ស/និស្សិតផងដែរ។ ថ្នាក់សាកលវិទ្យាល័យ គឺជាសាលាមួយដែលសិស្សអាចបន្តការសិក្សានៅពេលពួកគេបញ្ចប់ថ្នាក់វិទ្យាល័យ និងជាពិសេសពួកគេអាចជ្រើសរើសសាកលវិទ្យាណាដែលគេពេញចិត្តតាមរយៈការបង់ថ្លៃសិក្សា និងអាហារូបករណ៍។ សាកលវិទ្យាល័យទាំងនេះ គឺជាសាលាដែលមានតម្លៃសិក្សាថ្លៃជាងគេបំផុតនៅលើពិភពលោកមានដូចជា៖

១០) មហាវិទ្យាល័យ Scripps (តម្លៃសិក្សា ៦១,៩៤០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាមហាវិទ្យាល័យមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២៦ ដែលជាមហាវិទ្យាល័យសិល្បៈសម្រាប់ស្រ្តី។ មហាវិទ្យានេះ មានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងមន្ទីរពេទ្យរ ប្រទេសអាមេរិក ព្រមទាំងមានទ្រព្យសម្បត្តិសរុប ២៩៥.៨ លានដុល្លារអាមេរិក (២០១៦) និងមាននិស្សិតកំពុងសិក្សាចំនួន ១,០០៩ នាក់។

៩) មហាវិទ្យាល័យ Dartmouth (តម្លៃសិក្សា ៦១,៩៤៧ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាមហាវិទ្យាល័យមួយដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ១៧៦៩ ដែលមានទីតាំងនៅទីក្រុង Hanover ប្រទេសអាមេរិក ព្រមទាំងមានទ្រព្យសម្បត្តិចំនួន ៤.៤៧៤​ ពាន់លានដុល្លារអាមេរិក (២០១៦) និងមាននិស្សិតកំពុងសិក្សាចំនួន ៦,៣៥០ នាក់។

៨) មហាវិទ្យាល័យ Bard (តម្លៃសិក្សា ៦២,០១២ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាមហាវិទ្យាល័យមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦០ ដែលមានទីតាំងនៅទីក្រុងញូយ៉ក ប្រទេសអាមេរិក ព្រមទាំងមានទ្រព្យសម្បត្តិចំនួន ២៦៧ លានដុល្លារអាមេរិក និងមាននិស្សិតកំពុងសិក្សាចំនួន ២,២១១ នាក់។

៧) សាកលវិទ្យាល័យ Fordham (តម្លៃសិក្សា ៦២,១៩២ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាសាកលវិទ្យាល័យដែលមានឈ្មោះដំបូងជា មហាវិទ្យាល័យ St. John’s នៅឆ្នាំ ១៨៤១ រហូតដល់ឆ្នាំ ១៩០៧ ស្ថិតនៅប្រទេសអាមេរិក ព្រមទាំងមានទ្រព្យសម្បត្តិសរុប ៧២១ លានដុល្លារអាមេរិក (២០១៧) និងមាននិស្សិតកំពុងសិក្សាចំនួន ១៥,១៨៩ នាក់។

៦) មហាវិទ្យាល័យ Claremont Mckenna (តម្លៃសិក្សា ៦២,២១៥ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាមហាវិទ្យាល័យដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា ប្រទេសអាមេរិក និងមានទ្រព្យសម្បត្តិសរុប ៧០៩.១ លានដុល្លារអាមេរិក (២០១៦)។

៥) សាកលវិទ្យាល័យ Chicago (តម្លៃសិក្សា ៦២,៤៥៨ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាសាកលវិទ្យាល័យដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩០ ដែលមានទីតាំងនៅទីក្រុង ឈីហ្គាហ្គោ ប្រទេសអាមេរិក ព្រមទាំងមានទ្រព្យសម្បត្តិសរុប ៧.០០១ ពាន់លានដុល្លារអាមេរិក និងមាននិស្សិតកំពុងសិក្សា ១៥,៧២៦ នាក់។

៤) សាកលវិទ្យាល័យ Columbia (តម្លៃសិក្សា ៦៣,៤៤០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាសាកលវិទ្យាល័យដែលបង្កើតឡើងដំបូងមានឈ្មោះ មហាវិទ្យាល័យ King នៅឆ្នាំ ១៧៥៤-១៧៨៤ បន្ទាប់មកត្រូវបានដូរឈ្មោះមកជា មហាវិទ្យាល័យ Columbia នៅឆ្នាំ ១៧៨៤-១៨១៣ និងជាចុងក្រោយដូរមកជាសាកលវិទ្យាល័យ Columbia នៅឆ្នាំ ១៨៩៦។ សាកលវិទ្យាល័យនេះមានទីតាំងនៅទីក្រុងញូយ៉ក ប្រទេសអាមេរិក  និងមានទ្រព្យសម្បត្តិសរុប ៩.០៤១ ពាន់លានដុល្លារអាមេរិក (២០១៦)​។

៣) សាកលវិទ្យាល័យ New York (តម្លៃសិក្សា ៦៣,៤៧២ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាសាកលវិទ្យាល័យដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៣១ ដែលមានទីតាំងនៅទីក្រុងញូយ៉ក ប្រទេសអាមេរិក ព្រមទាំងមានទ្រព្យសម្បត្តិសរុប ៣.៤៨៨ ពាន់លានដុល្លារអាមេរិក (២០១៦) និងមាននិស្សិតកំពុងសិក្សាចំនួន ៤៩,២៧៤ នាក់។

២) មហាវិទ្យាល័យ Harvey Mudd (តម្លៃសិក្សា ៧៥,០០០-៨០,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាមហាវិទ្យាល័យដែលត្រូវបង្កើតឡើងនៅឆ្នាំ ១៩៥៥ ដែលត្រូវបែងចែកតាមផ្នែក វិទ្យាសាស្រ្ត, គណិតសាស្រ្ត និងវិស្វករ។ មហាវិទ្យាល័យនេះមានទីតាំងនៅរដ្ឋកាលីផ្វ័រញ៉ា ប្រទេសអាមេរិក ដែលមានទ្រព្យសម្បត្តិសរុប ២៧២.៦ លានដុល្លារអាមេរិក (២០១៦) និងមាននិស្សិតកំពុងសិក្សាចំនួន ៨០៧ នាក់។

 ១) សាកលវិទ្យាល័យ Sarah Lawrence (តម្លៃសិក្សា ៨០,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ)

ជាសាកលវិទ្យាល័យដែលបង្កើតឡើងនៅឆ្នាំ ១៩២៦ ដោយសេដ្ឋីអចលទ្រព្យលោក William Van Duzer Lawrence ដោយមានប្រពន្ធឈ្មោះ Sarah Lawrence ហេតុដូចនេះហើយបានជាលោកបានដាក់ឈ្មោះសាកលវិទ្យាល័យថា Sarah Lawrence។ សាកលវិទ្យាល័យនេះមានទីតាំងនៅទីក្រុងញូយ៉ក ប្រទេសអាមេរិក ដែលមានទ្រព្យសម្បត្តិសរុប ៩០ លានដុល្លារអាមេរិក (២០១៦) និងមាននិស្សិតកំពុងសិក្សាចំនួន ១,៤៣៧ នាក់។

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ worldstopmost, wikipedia

Leave a Reply

Your email address will not be published. Required fields are marked *