ប្រវត្តិព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រជាតិខ្មែរ

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​កត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤​៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ

ចាប់ពីឆ្នាំ​១៩៣០​ដល់​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារំាង សាស​លូឡូបា (CHASSELOUP LAUBAT) នៅ​ព្រៃ​នគរ (វៀតណាម​ខាង​ត្បូង)។ លុះ​ដល់​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក​បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះ​រាជ​ឋានៈ​ជា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ​១៩៤៦ ព្រះ​អង្គ​បាន​យាង​ទស្សន​កិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​បារំាង​តាម​ការ អញ្ជើញ​របស់​ប្រធានា​ធិបតី FELIX GOUIN និង​ឧត្តម​សេនីយ៍ សាល​ដឺ​ហ្គោល (CHARLES de GAULE) នៅ​COLOMBEY។ នៅ​ឆ្នាំ​១៩៤៦​ដល់​១៩៤៨ ព្រះ​អង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់​នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាស​ដែក​នៅ​សូមៀរ​(SAUMURE)​ប្រទេស​បារំាង។

វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ដែលសម្តេចតា បានសិក្សា

ក្នុងឆ្នាំ ១៩៤៧ ព្រះ​ករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​មាន​មហា​ជោគ​ជ័យ​ក្នុង​ការ​ទាម​ទារ​ឲ្យ​រាជា​ណា​ចក្រ​ថៃ​ឡង់ដ៍ សង​មក​កម្ពុជា​វិញ​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ​ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកល លោក​លើក​ទី២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ​គឺ ខេត្ត​បាត់​ដំបង សៀមរាប កំពង់​ធំ ស្ទឹង​ត្រែង។ ឆ្នាំ​១៩៤៩ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ទាមទារ​ឲ្យ​ប្រទេស​បារំាង​បញ្ឈប់​នូវ​សន្ធិ​សញ្ញា​អាណា​ព្យាបាល​ដែល​បាន ចុះ​ព្រះ​ហស្ដ​លេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល​ព្រះ​អង្គ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​សន្ធិ​សញ្ញា ឯករាជ្យ​ដែល​ប្រទេស​បារំាង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ សន្និសញ្ញា​ឆ្នាំ​១៩៤៩​នេះ​លុប​ចោល​នូវ​សន្ធិសញ្ញា​អាណា​ព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ ពី​ឆ្នាំ​១៩៥២​ដល់​១៩៥៣ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​បំពេញ​ព្រះ​រាជ​បូជនីយ​កិច្ច​ទាមទារ​កេតន​ភណ្ឌ​ឯករាជ្យ ១០០%​ជូន​ជាតិ​មាតុ​ភូមិ។

នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​ដោយ​ស្នា​ព្រះហស្ដ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​អង្គ​ព្រះ​រាជា ណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណ​រដ្ឋ​បារំាង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស​សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះ​អង្គ ជា «ព្រះ​មហា​វីរ​បុរស​ជាតិ ព្រះ​បិតា​ឯករាជ្យ​ជាតិ»។ ឆ្នាំ​១៩៥៤​ព្រះ​អង្គ​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជា​តំណាង​របស់​ព្រះ​អង្គ​ទៅ ចូល​រួម​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​ឥណ្ឌូ​ចិន​នៅ​ទី​ក្រុង​ហ្សឺណែវ (GENEVE)​ដែល​មាន​ប្រទេស​កម្ពុជា​ចូល​រួម​ក្នុង​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ ឯកភាព​ជាតិ។

វិមានឯករាជ្យ ត្រូវបានសាងសង់ឡើងក្រោយទទួលបានឯករាជ្យពីបារាំង

នៅ​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ដាក់​រាជ​ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោ​ត្តម សុរាម្រិត​ជា​ព្រះរាជ​បិតា។ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត ព្រះ​អង្គ​បាន​ប្រទាន​ចំពោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ នូវ​ព្រះ​គោរម​​ងារ​ជា «សម្តេច​ព្រះ​ឧបយុវរាជ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។ ថ្ងៃទី​២៣ ខែ​មីនាឆ្នាំ​១៩៥៥​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បង្កើត​ចលនា​សង្គម​រាស្ត្រ​និយម​ដែល​មាន​គណ​បក្ស​ជា​ច្រើន ចូល​រួម​ក្នុង​ចលនា​នេះ។

ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​អា្រហ្វិក-អាស៊ី​លើក​ទី​១​ នៅ​ទី​ក្រុង​បាន់ឌុង (​ប្រទេស​ឥណ្ឌូ​នេស៊ី) ហើយ​នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ប្រកាស​ពី​នយោបាយ​អព្យាក្រឹត​ក្នុង​ឯករាជ្យ ទាំង​ស្រុង និង​សន្តិសហ​វិជ្ជមាន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស ទាំង​អស់​ដោយ​មិន​គិត​ពី​មនោគម​វិជ្ជា​ឡើយ។ ព្រះអង្គ​បាន​ជួប​ជា​លើក​ដំបូង​ជាមួយ​នឹង​លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា, លោក ហ្គាម៉ាល់ អាប់​ដែល ណាស៊្សែរ (GAMAL ABDEL NASSER) ប្រធានា​ធិបតី​សាធារណ​រដ្ឋ​អារ៉ាប់​រួម, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)​ប្រធានាធិបតី​ឥណ្ឌូនេស៊ី, លោក ជូ អេន ឡាយ (ZHOU EN LAI)​នាយករដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន។

រោត្តម សីហនុ ជួបជាមួយ លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា

ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ទទួល​មហា​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ជាតិ​ដោយ​ទទួល បាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​លើស​លប់។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី ហើយ​ក្នុង​ព្រះ​រាជ​ឋានៈ​ជា​ប្រមុខ​នៃ​ប្រជា​រាស្ត្រ​ខ្មែរ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បូជនីយ​កិច្ច​ដឹក​នាំ​ដើម្បី​អភិវឌ្ឍ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​ទូទៅ​នៅ​ក្នុង​គ្រប់​វិស័យ​នៃ​ការ​កសាង​ជាតិ របស់​ព្រះ​អង្គ ជា​ពិសេស​ការ​លើក​ស្ទួយ​នារី​ឲ្យ​មាន​សិទ្ធិ​ស្មើ​ភាព​នឹង​បុរស​ក្នុង ការងារ។

ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​១៩៥៥ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ

នៅឆ្នាំ១៩៥៦ នៅ​ប្រ៊ីយ៉ូនី (BRIONI)​នៃ​សាធារណរដ្ឋ​សហព័ន្ធ​សង្គម​និយម​យូហ្គោ​ស្លាវី ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ក្លាយ​ជា​បិតា​ស្ថាបនិក​ទី៥ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដោយ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា​លើ​ធម្មនុញ្ញ​នៃ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ បន្ទាប់​ពី​អ្នក​ផ្តួច​ផ្តើម​គំនិត​ដ៏​សំខាន់​៤​រូប​ទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOIP BROZ TITO) ប្រធានា​ធិបតី​យូហ្គោស្លាវី, លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រីឥណ្ឌា​, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី និង​លោក ហ្គាម៉ាល់ អាប់​ដែល​ណា​ស៊្សែរ (GAMAL ABDEL NASSER)​ប្រធានា​ធិបតី​សាធារណ​រដ្ឋ​អារ៉ាប់​រួម។

នៅខែ​កុម្ភៈ ឆ្នាំ​១៩៥៦ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ព្រះ​អង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន និង​បាន​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ចិន​ជា​ច្រើន​មាន​ឯកឧត្តម​លោក​ប្រធាន ម៉ៅ សេទុង (MAO TSE-TUNG) ជា​ដើម។ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដលេខា​លើ​សេចក្តី​ប្រកាស​​រួម​ស្តី​ពី​មិត្ត​ភាព ​កម្ពុជា​-ចិន​។

ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ និងលោក ម៉ៅ​សេទុង

នៅ​ឆ្នាំ​១៩៦០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រិត​ទ្រង់​សោយ​ទិវង្គត ពេល​នោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​សមាជិក​សភា​ខ្មែរ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើស​តាំង​ព្រះ​អង្គ ជា​ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កសាង​ជាតិ​មាតុភូមិ​យ៉ាង​ សកម្ម​ជាទី​បំផុត។

ខែ​កញ្ញា ឆ្នាំ​១៩៦០ នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​លើក​ឡើង​នូវ​ផែន​ការ​បង្កើត​នៅ​អាស៊ីអាគ្នេយ៍​ជា​តំបន់​ អព្យាក្រឹត​រវាង​ប្លុក​មហា​អំណាច​ទាំង​ពីរ​។

នៅ​ខែឧសភា ឆ្នាំ​១៩៦១ តាម​ព្រះរាជ​តម្រិះ​ផ្តួច​ផ្តើម​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ សន្និសីទ​អន្តរជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ក្រុង​ហ្សឺណែវ (GENEVE)​ដើម្បី​ដោះ​ស្រាយ​ទំនាស់​រវាង​ភាគី​៣​នៅ​ប្រទេស​ឡាវ​។

ចាប់​ពី​ ខែ​ឧសភា ឆ្នាំ ១៩៦១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បេសកកម្ម​នយោបាយ​ការ​ទូត​ដើម្បី​ទាមទារ ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​វប្បធម៌​បេតិក​ភណ្ឌ​ជាតិ​ខ្មែរ​មក​វិញ​ពី​ ប្រទេស​ថៃ​ដោយ​តុលាការ​ក្រុង​ឡាអេ (LA HAYE)​បាន​សម្រេច​ប្រគល់​មក​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វិញ​នា​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បេសកកម្ម​នយោបាយ​ការ​ទូត​ដើម្បី​ទាមទារ ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​វប្បធម៌​បេតិក​ភណ្ឌ​ជាតិ​ខ្មែរ​

នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៦១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​លើក​ទី១​នៃ​ចលនា​មិន​ចូល បក្ស​សម្ព័ន្ធ​នៅ​បែល​ក្រាដ (BEGRADE)​នៃ​ប្រទេស​យូហ្គោស្លាវី​ដែល​មាន​២៩​ប្រទេស​ចូល​រួម។

នៅទីនោះ​ព្រះអង្គ​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​របស់​ពួក​អាណា​និគម​និយម​ចក្រ​ពត្តិ​និយម និង​ការ​ប្រកាន់​ពូជ​សាសន៍។

នៅខែមិថុនា ឆ្នាំ​១៩៦៤ ឧត្តម​សេនីយ៍ សាល ដឺហ្គោល (CHARES de GAULLE) ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​បាន​រៀបចំ​បដិសណ្ឋារ​កិច្ច​ជា​ឧឡារិក ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ​នៅ​ទី​ក្រុង​ប៉ារីស។ លោក​ប្រធានាធិបតី​បាន​ទទួល​ដោយ​ស្មោះសរ​នូវ​សំណើ​របស់​ភាគី​កម្ពុជា​ស្តីពី ការ​ទទួល​ស្គាល់​អព្យាក្រឹត​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

នៅចុងខែ សីហា និង​ដើម​ខែ​កញ្ញា ឆ្នាំ​១៩៦៦ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​រៀបចំ​បដិ​សណ្ឋារ​កិច្ច​ទទួល​ជា​ឧឡារិក​លោក​ឧត្តម​សេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE)​ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច ជា​ផ្លូវ​រដ្ឋ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​រៀបចំ​បដិ​សណ្ឋារ​កិច្ច​ទទួល​ជា​ឧឡារិក​លោក​ឧត្តម​សេនីយ៍ សាល ដឺហ្គោល ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​

ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​១៩៦៦ នៅ​ក្នុង​សុន្ទរ​កថា​ដែល​ថ្លែង​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ លោក​ប្រធានា​ធិបតី​បាន​គាំទ្រ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ការពារ ឯករាជ្យ បូរណ​ភាព​ទឹក​ដី អព្យាក្រឹត សន្តិភាព​នៃ​ខ្លួន។

ពីថ្ងៃទី២៦ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​១៩៦៦ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ​បាន​យាង​ជា​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ឱកាស​ព្រះ រាជ​ពិធី​បើក និង​បិទ​ការ​ប្រកួត​កីឡា GANEFO អាស៊ី​លើក​ទី១។

ក្រោម ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​ប្រជា​រាស្ត្រ​ខ្មែរ​បាន​ថ្វាយ​ព្រះ​នាម ព្រះ​អង្គ​ថា​ជា ព្រះ​បិតា​ឯករាជ​ជាតិ ព្រះ​បិតា​សិក្សា​ធិការ​ជាតិ ព្រះ​បិតា​សុខាភិបាល​ជាតិ ព្រះ​បិតា​កីឡា​ជាតិ ព្រះ​បិតា​ស្ថាបនា​ជាតិ សមិទ្ធ​ផល​នានា​ជា​ច្រើន​ត្រូវ​បាន​កសាង​ឡើង និង​ប្រារព្ធ​ព្រះ​រាជពិធី​សម្ពោធ​ជា​បន្ត​បន្ទាប់​សម្រាប់​ប្រជា​រាស្ត្រ ប្រើ​ប្រាស់​នៅ​តាម​បណ្តា​ខេត្ត​-ក្រុង​នានា​ជា​ពិសេស​មាន​សមិទ្ធ​ផល​ធំៗ ដូចជា៖

  • វិមាន​ឯករាជ្យ
  • វិ​មាន​រដ្ឋ​ចំការមន
  • ចំណត​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ពោធិ៍ចិន​តុង
  • ចំណត​អាកាស​យាន​ដ្ឋាន​សៀមរាប
  • ចំណត​អាកាស​យាន​ដ្ឋាន​បែក​ចាន ខេត្ត​បាត់ដំបង
  • ផ្លូវ​ជាតិ​លេខ​៤ ភ្នំពេញ-​ក្រុង​ព្រះ​សីហនុ
  • ផ្លូវ​ដែក​ក្រុង​ភ្នំពេញ​-ក្រុង​ព្រះ​សីហនុ
  • កំពង់​ផែ​អន្ដរជាតិ​ក្រុង​ព្រះ​សីហនុ
  • សណ្ឋាគារ «ឯករាជ្យ»​ក្រុង​ព្រះ​សីហនុ
  • សាល​មហោ​ស្រព​ជាតិ «ព្រះ​សុរា​ម្រិត» ភ្នំពេញ
  • សាល​សន្និសីទ «ចតុមុខ»
  • ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ

ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ ក្នុងឆ្នាំ១៩៦៤

  • ស្ពាន​ព្រះ​មុនីវង្ស​ទី២
  • ស្ពាន«សង្គម​រាស្រ្ដ​និយម»​ឆ្លង​កាត់​ទន្លេ​សាប
  • សាកល​វិទ្យាល័យ «សង្គម​រាស្ដ្រ​និយម»​ភ្នំពេញ
  • សាកល​វិទ្យាល័យ​ភូមិន្ទ​បច្ចេក​ទេស
  • មហា​វិទ្យា​ល័យ​នីតិ​សាស្ដ្រ និង​វិទ្យា​សាស្ដ្រ​សេដ្ឋកិច្ឋ
  • មហា​វិទ្យា​ល័យ​គរុកោសល្យ
  • ពុទ្ធិក​សាកល​វិទ្យា​ល័យ​ព្រះ​សីហនុ​រាជ
  • មហា​វិទ្យាល័យ​សិល្បៈ​ស្ថាបនា
  • មហា​វិទ្យា​ល័យ​សិល្បៈ​និង​មុខរបរ
  • សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ
  • សាកល​វិទ្យា​ល័យ​ភូមិន្ទ​ក្សេត្រ​សាស្ត្រ
  • សាកល​វិទ្យា​ភូមិន្ទ​កំពង់​ចាម សាកល​វិទ្យា​ល័យ​ភូមិន្ទ​បាត់ដំបង
  • សាកល​វិទ្យា​ល័យ​ភូមិន្ទ​តាកែវ-​កំពត
  • រោងភាព​យន្ត​រដ្ឋ ស្ថានីយ​ទូរទស្សន៍​ខេម​រភូមិន្ទ
  • មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត
  • រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​ក្រុង​ព្រះ​សីហនុ
  • រោងចក្រ​ស្រាបៀរ​ក្រុង​ព្រះ​សីហនុ
  • រោងចក្រ​«ព្រះ​នរោត្តម»​ដំឡើង​ត្រាក់​ទ័រ និង​រថយន្ត​ធំ​ក្រុង​ព្រះ​សីហនុ
  • រោង​ចក្រ​ស្ករស​កំពង់ត្រាំ​ខេត្ត​កំពង់​ស្ពឺ
  • រោងចក្រ​វាយន​ភ័ណ្ឌ​ខេត្ត​កំពង់​ចាម
  • រោងចក្រ​វាយនភ័ណ្ឌ​ខេត្ត​បាត់​ដំបង
  • រោងចក្រ​បាវ​ក្រចៅ​ដូនទាវ​ខេត្ត​បាត់​ដំបង
  • រោងចក្រ​ស៊ីម៉ងត៍​ចក្រីទីង​ខេត្ត​កំពត
  • រោងចក្រ​កែវ​ជើង​ឯក​រាជធានី​ភ្នំពេញ
  • រោង​ចក្រ​ក្ដារ​បន្ទះ​ដីឥដ្ឋ​ខេត្ត​កណ្ដាល
  • រោងចក្រ​ក្រដាស​ឆ្លូង​ខេត្ត​ក្រចេះ
  • រោង​ចក្រ​ជីហ្វូស​ស្វាត​ទូក​មាស​ខេត្ត​កំពត
  • រោងចក្រ​កង់​ឡាន​តាខ្មៅ​ខេត្ត​កណ្ដាល
  • រោងចក្រ​ត្រី​ខ​ប្រអប់​កោះកុង
  • រោង​ចក្រ​ផលិត​ជ័រ​កៅ​ស៊ូ​ជប់​ខេត្ត​កំពង់​ចាម
  • រោងចក្រ​វារី​អគ្គិសនី​គិរីរម្យ​ខេត្ត​កំពង់​ស្ពឺ
  • និង​សមិទ្ធ​ផល​នានា​ជា​ច្រើន​ទៀត នៅ​តាម​បណ្ដា​ស្រុក​-ខេត្ត-ក្រុង ដូច​ជា​សាលា​រៀន​មន្ទីរពេទ្យ ទំនប់​ទឹក ស្រះ​ទឹក​ ប្រឡាយ​ ផ្លូវ​ថ្នល់​ ស្ពាន​ជា​ដើម។ល។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​បំពេញ​ព្រះ​រាជ​ជា​ផ្លូវ​ការ​នៅ​សហ​ភាព សូវៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម សី​ហនុ ត្រូវ​បាន​ទទួល​រង​គ្រោះ​ដោយ​រដ្ឋ​ប្រហារ​មិន​ស្រប​ច្បាប់​មួយ​នៅ​ភ្នំពេញ គឺជា​រដ្ឋ​ប្រហារ​យោធា​ដែល​មាន​លន់ នល់ ជា​មេ​ខ្លោង។ សាធារណ​រដ្ឋ​ខ្មែរ​របស់​លន់ នល់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ​១៩៧០។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​ជា​ព្រះ​ប្រធាន​ចលនា​តស៊ូ​កម្ពុជា «រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា» (FUNC) ព្រម​ជាមួយ​នោះ ក៏​មាន​បង្កើត​នូវ​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា (GRUNK)។

នៅខែមេសា ឆ្នាំ​១៩៧០ នៅកង់​តុង (សាធារណរដ្ឋ​ប្រជាមានិត​ចិន) ព្រះ​អង្គ​ជា​អ្នក​ផ្ដួច​ផ្ដើម​នៃ​សន្និសីទ​កំពូល​របស់​ប្រជាជន​ឥណ្ឌូ​ចិន ដែល​នៅ​ក្នុង​នោះ​មាន​ការ​ចូល​រួម​ដោយ​អ្នក​ដឹក​នាំ​ពី​ប្រទេស​កម្ពុជា ពី​សាធារ​ណរដ្ឋ​ប្រជា​ធិប​តេយ្យ​វៀតណាម​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ផាំ វ៉ាន់ដុង (PHAM VANDONG) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាង​ត្បូង​ដឹក​នាំ​ដោយ​លោក ង្វៀង ហ៊ីវថ (NGUYEN HUU THO) និង​ពី ណេវ ឡាវ ហាក់​សាត (NEO LAO HAKSAT) ដឹកនាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​ប្រធាន​សុផានុវង្ស (SOUPHANOUVONG)។ ភាគី​សាធារណ រដ្ឋ​ប្រជាធិប​តេយ្យ​វៀតណាម​រណសិរ្ស​រំដោះ​វៀត​ណាម​ខាង​ត្បូង និង​ភាគី ណេវ ឡាវ ហាក់​សាត បាន​ប្រកាស​ជា​ឱឡា​រិក​ថា​ប្រទេស​របស់​ខ្លួន​ទទួល​ស្គាល់​និង​គោរព​ជា​ដរាប បូរណ​ភាព​ទឹកដី​ក្នុង​ព្រំដែន​បច្ចុប្បន្ន​របស់​កម្ពុជា។

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និងលោក​នាយក​រដ្ឋ​មន្ត្រី​ផាំ វ៉ាន់ដុង (PHAM VANDONG) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​

ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ កង​ទ័ព​ប្រជាជន​រំដោះ​ជាតិ នៃ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា (FUNC) ដណើ្ដម​បាន​ជ័យ​ជម្នះ​ទាំង​ស្រុង​នៅ​កម្ពុជា។ «កម្ពុជា​ប្រជាធិប​តេយ្យ» ត្រូវ​បាន​បង្កើត​ឡើង​ដែល​មាន​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ព្រះ​ប្រធាន។ ប៉ុន្ដែ​នៅ​ខែ​មេសា ឆ្នាំ​១៩៧៦ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​អង្គ បាន​សព្វ​ព្រះ​រាជ​ហឫទ័យ លា​លែង​មុខ​ងារ​ជា​ព្រះ​ប្រធាន​នៃ​កម្ពុជា​ប្រជាធិប​តេយ្យ​នេះ ហើយ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ឃុំឃាំង​ព្រះ​អង្គ និង​សម្តេច​ព្រះ​រាជ​អគ្គ​មហេសី ព្រម​ទាំង​ធ្វើ​គុត​ព្រះ​រាជ​បុត្រា​បុត្រី​មួយ​ចំនួន​ផង។

ពីឆ្នាំ១៩៨២ ដល់​១៩៩០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​ជា​ប្រធាន​នៃ​ចលនា​តស៊ូ​ជាតិ​កម្ពុជា (CNR)។

ចាប់តាំង​ពី​ឆ្នាំ​១៩៨៧ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ខិតខំ​អស់​ពី​កម្លាំង​កាយ​ពល​ដើម្បី​បង្រួប​បង្រួម​ភាគី ជម្លោះ​កម្ពុជា​ទាំង​អស់​រិះ​រក​នូវ​ដំណោះ​ស្រាយ​នយោបាយ​សម​ស្រប​បញ្ចប់ ជម្លោះ​នៅ​កម្ពុជា។ ព្រះ​អង្គ​តែង​តែ​ប្រទាន​ចំពោះ​ឯក​ឧត្តម ហ៊ុន សែន និង​គណៈ​ប្រតិភូ​នៃ​រដ្ឋ​កម្ពុជា​ក្រាប​ថ្វាយ​បង្គំ​គាល់​ជា​បន្ត​បន្ទាប់ នៅ​ប្រទេស​បារំាង​នៅ​ថ្ងៃ ខែ​ឆ្នាំ​ដូច​ខាង​ក្រាម៖

  • ពីថ្ងៃទី​០២​ដល់​ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ​១៩៨៧ ជំនួប​លើក​ទី១នៅ Fére-ren Tardenois។
  • ពី​ថ្ងៃ​ទី​២០​-២១ ខែ​មករា ឆ្នាំ​១៩៨៨ ជំនួប​លើក​ទី​២​នៅ Saint Germain-en-Laye។

នៅថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៩១ ព្រះ ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ទទួល​ពី​មេដឹក​នាំ​នៃ​កម្ពុជា​ទាំង​៤​ភាគី​ដើម្បី​ប្រកាស​ជា​ឧឡារិក នូវ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ ហើយ​ទទួល​ស្គាល់​ការ​បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​បាញ់​គ្នា​នៅ​ក្នុង ប្រទេស​កម្ពុជា​ទាំង​មូល និង​បញ្ឈប់​ការ​ផ្តល់​ជំនួយ​យោធា «អាវុធ…»​ពី​បណ្តា​ប្រទេស​ដទៃ​ដល់​កង​ទ័ព​កម្ពុជា​ទាំង៤។ ទី​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ជ្រើស​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ កម្ពុជា(SNC)​ក្រោម​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា​ព្រះ បាទ​សម្តេច​ព្រះ នរោត្តម សីហនុ​ជា​ទី​ស្នាក់​ការ​ផ្លូវ​ការ​អចិន្រៃ្តយ៍ និង​លេខា​ធិការដ្ឋាន​របស់​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​(SNC)។

នៅថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចាក​ចេញ​ពី​ប្រធាន​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ និង​ចលនា​តស៊ូ​ជាតិ​កម្ពុជា​(CNR)​ដើម្បី​ដាក់​ព្រះ​កាយ​ព្រះ​អង្គ​នៅ​ពី​លើ ភាគី និង​ទស្សនៈ​នយោបាយ​កម្ពុជា​នានា។ ព្រះ​អង្គ​ត្រូវ​បាន​សមាជិក​ទាំង​១១​រូប​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ កម្ពុជា​(CNC)ជ្រើស​តាំង​ជា​ឯកច្ឆន្ទ​ជា​ប្រធាន «អព្យាក្រឹត»​នៃ​ក្រុម​ប្រឹក្សា​នេះ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា «លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ដំណោះ​ស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា» ជាមួយ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា​១១​រូប​ទៀត​ជាមួយ​តំណាង​រដ្ឋាភិបាល​១៨​ប្រទេស និង​ជាមួយ​លោក​អគ្គលេខាធិ​ការ​នៃ​អង្គការ​សហ​ប្រជាជាតិ។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ នៅអង្គការសហប្រជាជាតិនាពេលកន្លងមក

នៅថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ យាង​និវត្តន៍​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ប្រកប​ដោយ​ជោគ​ជ័យ​និង​សុវត្ថិភាព។ ក្រោយ​ពី​មាតុភូមិ​និវត្តន៍​របស់​ព្រះ​អង្គ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា​ដែល មាន​ឯក​ឧត្តម ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី និង​ឯកឧត្តម ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុន​ស៊ិន​ប៊ិច​ដែល​មាន​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ​ជា​ប្រធាន គណបក្ស​ប្រជា​ធិប​តេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​ដែល​មាន​សម្តេច​បវរ សេដ្ឋា សឺន សាន ជា​ប្រធាន និង​ភាគី​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​មាន​លោក​ខៀវ សំផន​ជា​ប្រធាន បាន​ប្រកាស​ជា​បន្ត​បន្ទាប់​ជា​ផ្លូវ​ការ និង​ជា​លាយ​លក្ខណ៍​អក្សរ​ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​នៅ​តែ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ពេញ​លក្ខណៈ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទាំង​មូល។ ម្យ៉ាង​ទៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​ផ្លូវ​ការ​នៅ​តែ​រក្សា​ទុក​តួនា​ទី​ជា​ព្រះ​ប្រមុខ​រដ្ឋ​រហូត​ដល់​មាន ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​១៩៩៣។

នៅថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ១៩៩៣ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​ទ្បាយ​ព្រះ​ហស្ដ​លេខា​លើ​ព្រះ​រាជក្រម​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ ការ​នូវ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា ដែល​សភា​ធម្មនុញ្ញ​កម្ពុជា​បាន​អនុម័ត។

នៅ​ថ្ងៃ​ទី​ ២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ មហា​មិទិ្ទញ​មហា​ជន​មួយ ក៏​ត្រូវ​បាន​រៀបចំ​ទ្បើង​ដោយ​មាន​មហាជន​យ៉ាង​ច្រើន​កុះករ​ចូល​រួម ដើម្បី​សម្ដែង​មនោ​សញ្ចេតនា​អបអរ​សាទរ​គាំទ្រ សា្វគមន៍​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​ថ្មី និង​ព្រះ​អង្គជា “ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា”។

ព្រះករុណា​ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​កិច្ច​ដ៏​ឧត្ដម​ជា​ទី​បំផុត ក្នុង​ការ​បង្រួប​បង្រួម ផ្សះ​ផ្សា​ជាតិ តាំង​ពី​ដើម​រហូត​មក។ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ចេញ​ជា​រូប​រាង​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សហ​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៣ ហើយ​ជា​ពិសេស ព្រះ​អង្គបាន​បំពេញ​ព្រះរាជ​កិច្ច​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជន​កម្ពុជា និង គណបក្ស​ហ៊្វុន​ស៊ិន​ប៊ិច​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​អំពី​គោល​ការណ៍​ប្រតិបត្តិ​ការ​ដែល​បាន​សម្រេច​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្រោម​ព្រះ​រាជា ធិបតី​ភាព​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​នៅ​មហា​ប្រាសាទ ខេមរិន្ទ ព្រះ​បរម​រាជ​វាំង​នា​ថ្ងៃទី​១២-១៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨។

សម្តេច ហ៊ុន សែន ជួបជាមួយ ព្រះករុណា​ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ នាពេលកន្លងមក

ប្រជារាស្ត្រ​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​សូម​ថ្វាយ​អំណរ​គុណ​ដ៏​ជ្រាល ជ្រៅ​បំផុត​ចំពោះ​ព្រះ​រាជ​កិច្ច ព្រះ​រាជ​តួនាទី​ដ៏​ឧត្តុង្គ​ឧត្តុម​របស់​អង្គ​សម្តេច​ឪ​នៃ​យើង។

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ជា​ទី​សក្ការ​ជា​ព្រះ​មហាវីរ​ក្សត្រ​មួយ​ព្រះ​អង្គ​ដែល​តែង​តែ​ប្រកាន់ ខ្ជាប់​នូវ​ព្រះ​រាជ​កិច្ច​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌​ដ៏​ឧត្តុង្គ​ឧត្តម ចំពោះ​ប្រជានុរាស្ត្រ​ជា​កូន​ចៅ ចៅទួត​របស់​ព្រះ​អង្គ​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ តាំង​ពី​ដើម​រៀង​រហូត​ដល់​បច្ទុប្បន្ន ព្រះ​អង្គ​តែង​តែ​បំពេញ​ព្រះ​រាជ​សកម្មភាព​សង្គម​កិច្ច​ដូច​ជា​កសាង​ព្រះ វិហារ កុដិ សាលា​បុណ្យ សាលា​រៀន មន្ទីរ​ពេទ្យ ផ្ទះ​សម្បែង ផ្លូវ​ថ្នល់ ទំនប់ ប្រឡាយ អណ្តូង​ទឹក ស្រះ​ទឹក​សម្រាប់​ប្រគេន​ព្រះ​សង្ឃ និង​ជូន​ប្រជា​នុរាស្ត្រ។ ព្រះ​អង្គ​បាន​ប្រោស​ព្រះរាជ​ទាន និង​បន្ត​នូវ​ព្រះ​រាជ​សកម្មភាព​ទាំង​នេះ (រៀងរាល់​សប្តាហ៍) ដោយ​ព្រះ​ប្រទាន​នូវ​អំណោយ​ដល់​ប្រជានុរាស្ត្រ​ទីទ័ល​ក្រ និង​ជីវភាព​ខ្វះ​ខាត​ខ្លាំង។

ព្រះរាជសកម្មភាព​ដ៏​ថ្លៃថ្លា​ខាង​លើ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សច្ចធម៌​នៃ​ទសពិធ​រាជ​ធម៌​របស់​ព្រះ​ករុណា​ជា អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ទី​សក្ការ​ដែល​ព្រះ​អង្គ​បាន និង​កំពុង​ប្រោស​ប្រទាន​ព្រះ​រាជ​ទ្រព្យ​ដល់​ប្រជារាស្ត្រ​ដោយ​មិន​ប្រកាន់ ជាតិ​កំណើត ជំនឿ​សាសនា ពណ៌​សម្បុរ ឡើយ។ ដោយ​សារ​សច្ចភាព​នេះ​ហើយ​ទើប​ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំង​ប្រទេស​បាន​គាំទ្រ ដោយ​ឥត​សំចៃ​ថ្វាយ​ព្រះអង្គ​ចំពោះ​ការ​យាង​គ្រង​រាជ្យ​សម្បត្តិ​សាជា​ថ្មី នៅ​ឆ្នាំ​១៩៩៣ ហើយ​ដែល​ការ​វិល​មក​គ្រង​រាជ្យ​ជាថ្មី​ដូច​ព្រះ​អង្គ​បែប​នេះ គឺ​ពុំ​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​នា​ពេល​កន្លង​មក​នេះ។

១១ឆ្នាំ ក្រោយ​ការ​ឡើង​គ្រង​រាជ្យ​លើក​ទី២ សម្ដេច​ព្រះ​នរោត្តម​សីហនុ ក៏​បាន​ប្រកាស​ដាក់​រាជ្យ​នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០០៤ ហើយ​ចាប់​ពី​ពេល​នោះ​មក​ព្រះ​អង្គ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​គង់​នៅ​ទី​ក្រុង ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ព្យាបាល​ព្រះ​រាជ​សុខភាព​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ព្រះ​អង្គ បាត់​ព្រះភក្ត្រ ឃ្លាត​ព្រះ​កាយ​ពី​កូន​ចៅ ចៅទួត​របស់​ព្រះ​អង្គ។ ក៏​ប៉ុន្ដែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ​ទាំង​អស់ គ្រប់​គណបក្ស និង​និន្នាការ​នយោបាយ​តែង​តែ​ចាត់​ទុក​ព្រះ​អង្គ នៅ​តែ​ជា​និមិត្តរូប​នៃ​ការ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ​ខ្មែរ​ជាប់​ជានិច្ច។

ជាអកុសល ព្រះ​អង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែតុលា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែ​ភទ្របទ​ឆ្នាំ​រោង ចត្វាស័ក វេលាម៉ោង​១​និង​២០​នាទី​យប់ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ postkhmer