រន្ធត់ចិត្ត!​ នំអន្សមខ្មែរ ប្រឈមនឹងការបាត់បង់ខ្លាំងបំផុតនៅកម្ពុជា​ក្រោម

នំ​បត់ នំគម នំអន្សមចេក និង​អន្សមជ្រូក គឺជា​នំ​ខ្មែរ​ដែលមាន​តាំងពី​បុរាណកាល​មក​។ នំ​ទាំងនេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​ក្នុង​ពិធីបុណ្យ​ធំៗ និង​ពិធីមង្គលការ​ជាដើម​។ ចំនួន​អ្នកចេះ​វេច​នំ​ខ្មែរ​កាន់តែ​តិច​ទៅៗ ដោយសារតែ​ភាព​រីកចម្រើន និង​យុវវ័យ​ជំនាន់​ក្រោយ​មានការ​ងារ​ស្ទើ​គ្រប់​ដៃ​។ ហេតុនេះ​ទើប​ធ្វើ​ឲ្យ​ចាស់ទុំ​មួយចំនួន​មិន​ថា​នៅ​កម្ពុជា ឬ​ខ្មែរ​កម្ពុជា​ក្រោម​នោះទេ តែងតែ​បារម្ភ​ខ្លាច​ក្មេងជំនាន់ក្រោយ​លែង​ចេះ​ធ្វើ​នំ​ខ្មែរ​ទាំងនេះ​។​ 

​ឲ្យ​តែ​និយាយ​ពី​នំ​ខ្មែរ ពលរដ្ឋ​ជាច្រើន​ប្រាកដជា​ស្គាល់​ហើយ​ថា​មានដូចជា​នំអន្សមចេក អន្សមជ្រូក នំគម កំ​បត់ និង​នំជាល​ជាដើម​។ ហើយ​នៅមាន​នំ​ជាច្រើន​ទៀត​ដែល​មិនទាន់បាន​រៀបរាប់​ឈ្មោះ​អស់​។ យ៉ាងណា​នំ​ដែល​បានរៀបចំ​ខាងលើ​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​និយម​វេច​ក្នុង​រដូវ​បុណ្យទាន​ធំៗ​ដូចជា បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ និង​ពិធីមង្គលការ​ជាដើម​។​

ដោយសារតែ​ជាប់រវល់​ជាមួយ​ការងារ និង​ការរកស៊ី​ជួញដូរ​ផង​នោះ បានធ្វើ​ឲ្យ​ក្មេងជំនាន់ក្រោយ ហាក់​មិនសូវ​ចាប់អារម្មណ៍​ពី​របៀប​ធ្វើ​នំ​ឡើយ​។ ហេតុនេះ​បានជា​ចាស់ទុំ ជាច្រើន​មានការ​ព្រួយ បារម្ភ ខ្លាច​នំ​ខ្មែរ​លែងមាន​អ្នកចេះ​ធ្វើ​នៅពេល​ខាងមុខ​។ អ្នកស្រី វង់ សា​យ៉ូ ជា​ព្រឹទ្ធាចារ្យ​មកពី​ខេត្ត ព្រះ​ត្រពាំង (​វៀតណាម​ហៅ ត្រា​វិញ​)​មួយរូប ដែល​មក​រស់នៅ​កម្ពុជា បាន​និយាយ​ដោយ​អស់​សង្ឃឹមថា ទាំង​ក្មេងៗ​នៅ​កម្ពុជា​ក្រោម និង​នៅ​កម្ពុជា មិនសូវ​ចាប់អារម្មណ៍​រៀន​ធ្វើ​នំ​ខ្មែរ​នោះទេ​។​

​អ្នកស្រី វង់ សា​យ៉ូ បញ្ជាក់ថា​៖ «​និយាយ​ឲ្យ​ដល់​ទៅ​យាយ​ភ័យ ហើយ​យាយ​ក៏បាន​បង្គាប់​ឲ្យ​ក្មេងៗ​ច្រើន​ដែរ ជាពិសេស​នៅ​ភ្នំពេញ​អត់​មាន​អ្នកចេះ​វេច​នំ​ទេ មក​ភ្នំពេញ​នេះ​សូម្បី​កូន​ខ្ញុំ​បង្កើត​ក៏​មិនចេះ​វេច​ដែរ​។ វា​និយាយថា ម៉ែ​ទៅ​ផ្សារ​ទិញ​តែមួយ​ទៅបាន​ហើយ មិនចាំបាច់​វេច​ឲ្យ​ហត់​ទេ​»​។​

​នៅក្នុង​ផ្ទះល្វែង​ពីរ​នាក់​កូនស្រី​ដែលមាន​របរ​ជាជាង​សំអាង ជិត​ផ្សារ​សឡា រាជធានី​ភ្នំពេញ លោកយាយ​ដែល​និយាយ​សំនៀងបែប​ខ្មែរ​កម្ពុជា​ក្រោម​នេះ ​ស្ម័គ្រចិត្ត​បង្រៀន​ដោយ​មិន​គិត​ប្រាក់ ឲ្យ​តែ​ក្មេងជំនាន់ក្រោយ​ចង់​ចេះ​ចង់​រៀន​។ ទោះ​ស្ថិតក្នុង​វ័យ​ជាង​៧០​ឆ្នាំ​ហើយ​ក្ដី អ្នកស្រី វង់ សា​យ៉ូ មិន​នឿយហត់​ទេ​បើ​មាន​ក្មេងជំនាន់ក្រោយ​មក​រៀន​ពី​របៀប​ធ្វើ​នំ​ខ្មែរ និង​នំ​ខ្មែរ​កម្ពុជា​ក្រោម​។​

​អ្នកស្រី វង់ សា​យ៉ូ បញ្ជាក់ថា​៖ «​ឲ្យ​តែ​ក្មេងក្មាង​ណា​មក​រៀន​ពី​យាយៗ​បង្គាប់​ទាំងអស់​មិន​យកលុយ​មួយ​រៀល​ទេ​ឲ្យ​តែ​ចេះ​បន្ត​ពូជ​បន្ត​ត្រកូល​ទៅ​ថ្ងៃក្រោយ​។ ជួយ​ឲ្យ​តែ​កូនចៅ​ចេះ​ទៅ​កុំ​ឲ្យ​ដាច់​ពូជ យាយ​ឆ្នាំនេះ​៧០​ជាង​ហើយ បើ​ស្លាប់​ថ្ងៃនេះ​ឬ​ថ្ងៃនោះ មិនមាន​នរណា​ចេះ​គឺ​ស្ដាយ​»​។​

​ខុសប្លែក​ពី​ក្មេងៗ​មួយចំនួន​ដែល​មិន​ចង់​រៀន​ធ្វើ​នំ​ខ្មែរ តែ​ស្ត្រី​វ័យ​ជាង​២០​ឆ្នាំ​មួយរូប គឺ​កញ្ញា សេរី វុ​ឌ្ឍា បែ​ជា​ប៉ងប្រាថ្នា​ចង់​រៀន​វិជ្ជា​ធ្វើ​នំ​ខ្មែរ​ឲ្យ​បាន​ឆ្ងាញ់​ទៅវិញ​។ ទោះជា​កន្លង​កញ្ញា​ជាប់រវល់​ក្នុងការ​រៀនសូត្រ ព្រមជាមួយ​ជំនួញ​ស្រាប់​ផង តែ​កញ្ញា វុ​ឌ្ឍា នៅតែ​រៀន​វេច​នំ​យ៉ាង​ស្ទាត់ជំនាញ​ពី​លោកយាយ​ផងដែរ​។
​អ្នកស្រី សេរី វុ​ឌ្ឍា បញ្ជាក់ថា​៖«​បង​បារម្ភ​ពី​រឿង​នេះដែរ ព្រោះ​ឃើញ​ក្មេងៗ​ឥលូវ​មិនសូវ​ចាប់អារម្មណ៍​លើ​នំ​ខ្មែរ​នេះ​ទេ​។ ណាមួយ​គាត់​ស្រួល​ជាង​មុន​គិតតែ​ពី​រៀន ខុសពី​ក្មេង​ជំនាន់​មុន​រៀន​ផង ធ្វើ​ការងារ​ផ្ទះ​គ្រប់សព្វ​»​។​

​ដើម្បី​ចូល​រូ​ម​ថែរក្សា ក៏ដូចជា​បន្តវេន​ពី​ជីដូន​ចាស់​ផង​នោះ កូនស្រី​អ្នក​ភ្នំពេញ​ខាងលើ​ថា​នឹង​ជ្រើសរើស​រៀន​ធ្វើ​នំ​ខ្មែរ​មុន​នំ​អឺរ៉ុប ដោយ​ក្ដី​ស្រលាញ់​។​អ្នកស្រី សេរី វុ​ឌ្ឍា បញ្ជាក់ថា​៖ «​បង​ក៏​ចង់​ចេះ​ហើយ​ចេះ​បាន​តិចតួច​ដែរ ព្រោះ​បង​អាចជួយ​ចង​នំ​ឲ្យ​យាយ​បាន​។ បើ​រើស​រវាង​នំ​ខ្មែរ និង​នំ​អឺរ៉ុប បងរៀន​នំ​ខ្មែរ​មុន ព្រោះ​នំ​ខ្មែរ​ងាយស្រួល​រៀន ហើយ​គ្រឿងផ្សំ​ក៏​ងាយស្រួល​រក មិន​ស្មុគស្មាញ​ដូច​នំ​ខេ​ក​ជាដើម​»​។​

​យ៉ាងណាមិញ​ការធ្វើ​នំ​ខ្មែរ​មិនមែនជា​រឿង​ងាយស្រួល​ទេ​សម្រាប់​ពលរដ្ឋ​ប្រុស​ស្រី​មួយចំនួន តួយ៉ាង​អ្នកស្រី វាសនា ដែលមាន​វ័យ​ជាង​៣០​ឆ្នាំ ក៏​មិនចេះ​វេច​នំ​ខ្មែរ​នោះទេ​។ អ្នកស្រី​ថា នំ​ខ្មែរ​ពិបាក​វេច​ណាស់ ចំណាយពេល​យូរ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មិន​ចង់​ចេះ​មិន​ចង់​រៀន​ធ្វើ​នំ​ខ្មែរ​ឡើយ​។

​អ្នកស្រី វាសនា បញ្ជាក់ថា​៖«​មីង​មិនចេះ​វេច​នំ​ទេ ព្រោះ​អី​វេច​នំអន្សម​មានការ​ពិបាក​ច្រើន ពិបាក​តាំងពី​ការ​វេច តាំងពី​ការចង និង​ស្ងោរ គឺ​ពិបាកធ្វើ​ឲ្យ​ចិត្ត​មិន​ចង់​រៀន​តែម្ដង​។ ខ្លាច​មិនមាន​អ្នកចេះ​វេច​ដែរ តែ​មីង​មិនអាច​ធ្វើ​បានទេ ព្រោះ​ចិត្ត​មីង​មិន​ចង់តែ​ម្ដង បើ​មាន​កម្មវិធី​គឺ​ប្រហែល​ទៅ​ទិញ​ពី​ផ្សា​រហើយ​»​។​

​នំ​ខ្មែរ​ដែលមាន​ដូចជា នំអន្សមចេក អន្សមជ្រូក នំគម នំ​បត់​ជាដើម គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌ ប្រពៃណី និង​ប្រវត្តិសាស្ត្រ​។ នំ​ខ្មែរ​ត្រូវបាន​ចំអិន​វេច​ខ្ចប់​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់ និង​មាន​បច្ចេកទេស​នៃ​ការ​ចំអិន​ច្រើន​ទៀតផង​។ ប្រសិនជា​មិនបាន​យកចិត្តទុកដាក់​ក្នុងការ​ចំអិន​ទេ នំ​នឹង​មិនមាន​រស់ជាតិ​ឆ្ងាញ់ និង​មិនមាន​រូបរាង​ស្អាត​ថែមទៀត​។​កត្តា​ទាំងនេះ​បានធ្វើ​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​ហាក់​មិនសូវ​ចាប់អារម្មណ៍​លើ​ការរៀនសូត្រ​ពី​របៀប និង​វិធីសាស្ត្រ​ចម្អិន​។ វា​ជា​មូល​ហេតុដែល​ចាស់ព្រឹទ្ធាចារ្យ​ខ្មែរ​បារម្ភ​ខ្លាច ក្មេងជំនាន់ក្រោយ​មិនចេះ​វេច​នំ ធ្វើ​ឲ្យ​បាត់បង់​នូវ​អត្តសញ្ញាណ​នំ​ខ្មែរ​នាពេលខាងមុខ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey