រយៈពេល​៥​ឆ្នាំ កម្ពុជាផាកពិន័យពលករបរទេស​ខុសច្បាប់ជិត ៩០​ម៉ឺន​ដុល្លារឯណោះ

កម្ពុជា ផាកពិន័យ​ថវិកា បាន​ជិត​៩០​ម៉ឺន​ដុល្លារ ពី​ពលករ​បរទេស​ខុសច្បាប់ ក្នុង​រយៈពេល​៥​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៧​។ នេះ​បើតាម​របាយការណ៍​សមិទ្ធ​ផល​របស់​ក្រសួងមហាផ្ទៃ​។​

ក្រសួងមហាផ្ទៃ

របាយការណ៍ បាន​បន្ថែមថា អាជ្ញាធរ បាន​ចុះ​ធ្វើ​អធិការកិច្ច​ពលករ​ប​រទេស​នៅតាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន​នានា តាម​បណ្ដា​រាជធានី​-​ខេត្ត ដោយ​រកឃើញ​មាន​ពលករ​បរទេស​ខុសច្បាប់ ៧, ៣៤២​នាក់ ហើយ​បាន​ផាកពិន័យ ប្រាក់​ស្មើ​៣, ៦៤០,៩០០,០០០​រៀល (​ជាង​៨៩​ម៉ឺន​ដុល្លារ​អាមេរិក​) តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
 
ជនបរទេសខុសច្បាប់

​ក្រៅពីនេះ​សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន និង​បណ្ដេញ​ជនបរទេស ដែល​រស់នៅ​កម្ពុជា​ខុសច្បាប់ អន្តោប្រវេសន៍ ១៣,៧០១​នាក់ មាន​៨៥​សញ្ជាតិ​ផងដែរ​។​
 
​គិត​ត្រឹម​ឆ្នាំ​២០១៧ មាន​ជនអន្តោប្រវេសន៍​ចំនួន ៤៦៧៧៦​គ្រួសារ ដែល​គិត​ជា​ចំនួន​មនុស្ស មាន​១៧៦៨១២​នាក់ (​ស្រី​៧៩៧២៨​នាក់​) ។ ក្នុងនោះ​មាន​ជនបរទេស​កាន់កាប់​ប្រើប្រាស់​ឯកសារ​កម្ពុជា មិន​ប្រក្រតី​ចំនួន​២០២១៨​គ្រួសារ មាន​ចំនួន​មនុស្ស​៧៣៣៩៧​នាក់ (​ស្រី​៣៥៨៨៨​នាក់​) មាន​៥​សញ្ជាតិ ដែល​កំពុងដំណើរការ​ដកហូត​តាម​អនុក្រឹត្យ​រដ្ឋាភិបាល​។ នេះ​បើតាម​របាយការណ៍​ក្រសួងមហាផ្ទៃ​៕
ដកស្រង់ដោយ៖​ លោក ប៊ុត ហេង
ប្រភព៖ thmeythmey.com