អជ្ញាធរក្រុងភ្នំពេញ ប្រកាសលែងឱ្យមានជនពិការច្រៀងតាមដងផ្លូវសាធារណៈទៀតហើយ

ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ មានជនពិការច្រើនណាស់ ដែលកំពុងស្វែករកថវិកា ដើម្បីជីវិតទាំងខ្លួនឯង និងក្រុមគ្រួសារ នៅតាមចិញ្ចឹមផ្លូវសាធារណៈ ដែលបង្កនាំឱ្យប៉ះពាល់រាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ បើទោះបីជាអាជ្ញាធរ​បាន​ធ្វើ​ការ​ហាម​ប្រាម​យ៉ាងណាក្តី។

ហេតុដូចនេះហើយ ទើបក្រសួង​សង្គមកិច្ច បានប្រកាសអំពាវនាវ​ឲ្យ​ជន​ពិការទាំងអស់បញ្ឈប់រាល់​ការ​ច្រៀង​តាម​ដង​ផ្លូវ​សាធារណ:តទៅទៀត ព្រោះតែដើម្បី​រក្សា​បាន​សេ​ចក្តី​ថ្លៃថ្នូរ និង​សណ្តាប់​ធ្នាប់នៅតាមដងផ្លូវ។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់​ក្រសួងព័ត៌មាន តាមរយៈគេហទំព័រផ្ទាល់ កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨។

បើទោះបីទប់ស្កាត់ការច្រៀងតាមដងផ្លូវសាធារណៈក្តី ក៏ប៉ុន្តែក្រសួង ចង់ឱ្យ ព្រមទាំងលើកទឹកចិត្តដល់ក្រុមជនពិការបង្កើតក្រុមធំ ដើម្បីច្រៀងនៅតាមបរិវេណវត្តភ្នំ ដើម្បីធានាសេចក្តីថ្លៃថ្នូរ សណ្តាប់ធ្នាប់ និងមិន​ប៉ះ​ពាល់​សោភ័ណភាព​រាជធានី​ភ្នំពេញ នេះបើយោងតាមប្រសាសន៍របស់ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា។

បន្ថែមពីនេះទៀត លោក ឯម ច័ន្ទមករា បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ក្រសួង​ ស្ថាប័នទាំងអស់ មេត្តាជួយ​ជួល​ក្រុម​តន្រ្តី​ជន​ពិការ​ទៅ​សម្តែង​ក្នុង​កម្មវិធី​ផ្សេង​ៗ​ ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​ជន​ពិការ​ដែល​កំពុង​ខ្វះខាត និងរក្សាសណ្តាប់ធ្នាប់សាធារណៈផងដែរ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង